សម្ដេចតេជោ រំឭកកីឡាករ-កីឡាការិនីត្រូវផ្ដោតលើភាពថ្លៃថ្នូរក្នុងនាមអ្នកកីឡា
សារព័ត៌មាន Cambodia News/
ឮភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជំរុញឲ្យមានការខិតខំអភិវឌ្ឍន៍បន្ថែមទៀត ដើម្បីត្រៀមខ្លួនឆ្ពោះទៅស៊ីហ្គេមឆ្នាំ២០២៣ ពិសេសកីឡាករ-កីឡាការិនី ត្រូវផ្ដោតការយកចិត្តទុកដាក់ឲ្យកាន់តែខ្លាំង ជុំវិញភាពថ្លៃថ្នូរក្នុងនាមជាអ្នកកីឡាកម្រិតអាជីព និងជម្រើសជាតិ។
ប្រសាសន៍ដ៏ខ្ពង់ខ្ពស់នេះបានធ្វើឡើងក្នុងពិធីពិសាអាហារសាមគ្គីមហាគ្រួសារកីឡាជាតិលើកទី៣ រវាងសម្ដេចតេជោនាយករដ្ឋមន្ត្រី និងក្រុមកីឡាករ-កីឡាការិនី គ្រូបង្វឹក ថ្នាក់ដឹកនាំសហព័ន្ធកីឡាជាតិ និងស្ថាប័នពាក់ព័ន្ធជិត ៤,០០០នាក់នៅមជ្ឈមណ្ឌលកោះពេជ្រកាលពីល្ងាចមិញ។
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្ដែងការកោតសរសើរ ចំពោះភាពរីកចម្រើន នៃវិស័យកីឡាកម្ពុជាបច្ចុប្បន្នរហូតបានក្លាយជាចលនាថ្នាក់ជាតិដ៏ធំ និងមានការប្រកួតកាន់តែច្រើន ដោយរាប់បញ្ចូលទាំងការប្រកួតក្របខណ្ឌបឋមសិក្សា។
សម្ដេចតេជោ ហ៊ុន សែន បានផ្ដោតការយកចិត្ដទុកដាក់ខ្លាំងចំពោះកីឡាជម្រើសជាតិ ដែលដាច់ខាតត្រូវគោរពច្បាប់ និងបទបញ្ជាការប្រកួតកីឡាឲ្យបានត្រឹមត្រូវ ហើយចៀសឲ្យផុតពីការប្រើប្រាស់សារធាតុហាមឃាត់ ក៏ដូចជាគ្រឿងញៀនជាដើម ដែលការប្រើប្រាស់អាចធ្វើឲ្យប៉ះពាល់ដល់កិត្តិយសជាតិទាំងមូល៕