ផលិតផលក្លែងក្លាយខុសច្បាប់ជាង៦០តោន នឹងកម្ទេចចោលនៅថ្ងៃស្អែកនេះ
សារព័ត៌មាន Cambodia News/
ភ្នំពេញ (០២ មេសា ២០១៨) ៖ នៅព្រឹកថ្ងៃទី០៣ ខែមេសា ស្អែកនេះសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នឹងអញ្ជើញជាអធិបតីក្នុងពិធីកម្ទេចចោលផលិតផលក្លែងក្លាយខុសច្បាប់ប្រមាណជាង៦០តោន។
ផលិតផលក្លែងក្លាយខុសច្បាប់ប្រមាណជាង៦០តោននេះ គឺសមត្ថកិច្ចចម្រុះនៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បង្ក្រាបនិងរឹបអូសពីជនល្មើសដែលចរាចរ ផលិត ស្តុកទុក និងចែកចាយនាពេលកន្លងមក។ ពិធីនេះកម្ទេចចោលផលិតក្លែងក្លាយខុសច្បាប់ ធ្វើនៅបរិវេណជាប់នៅសាលាសង្កាត់បឹងជើងឯក ខណ្ឌ ដង្កោ រាជធានីភ្នំពេញ។
គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម (គ.ប.ផ.ក) បង្ក្រាបផលិតផលក្លែងក្លាយក្នុងឆ្នាំ២០១៧ បាន១៩ករណី រឹបអូសវត្ថុតាងសរុបចំនួន ៥៩៧,៥តោន ធ្វើពិធីដុតបំផ្លាញចោល ៨១តោន ឃាត់ខ្លួនជនសង្ស័យចំនួន០៦នាក់ កសាងសំណុំរឿងបញ្ជូនទៅតុលាការ៕