ការពន្យារអាយុចូលនិវត្តន៍របស់មន្ត្រីរាជការស៊ីវិលដល់៦៥ ឆ្នាំ អាចនឹងពិចារណានៅឆ្នាំ២០១៩
សារព័ត៌មាន Cambodia News/
ភ្នំពេញ (២៥ ធ្នូ ២០១៧) ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានប្រកាសថា មន្ត្រីរាជការស៊ីវិល នៅតែចូលនិវត្តន៍ក្នុងអាយុ៦០ឆ្នាំដដែល។ ការពន្យារអាយុចូលនិវត្តន៍របស់មន្ត្រីរាជការស៊ីវិលដល់៦៥ ឆ្នាំ អាចនឹងត្រូវលើកមកពិចារណាក្នុងឆ្នាំ២០១៩។
សម្តេចបានបញ្ចាក់យ៉ាងដូច្នេះ ខណៈសម្តេចអញ្ជើញជា អធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធអគារសិក្សា ១ខ្នង នៅវិទ្យាល័យ ប៊ុនរ៉ានី ហ៊ុនសែន ចរិយាវង្ស នៅខេត្តកែបកាលពីចុងសប្តាហ៍កន្លងទៅនេះ។
សម្តេច ហ៊ុន សែន បានគូសបញ្ជាក់ថា «គ្រប់ក្របខ័ណ្ឌមន្ត្រីទាំងអស់ នៅពេលដែលច្បាប់ មិនទាន់ត្រូវបានកែទេ គឺអនុវត្តតាមច្បាប់ចាស់ គឺការចូលនិវត្តន៍នៅក្នុងអាយុ៦០ឆ្នាំដដែល។ សូមកុំមានការភាន់ច្រឡំ ហើយមានការស្នើសុំពន្យារអាយុចូលនិវត្តន៍ ចំណុចនេះ គឺមិនអាចទៅរួចទេ»។
សម្តេច ហ៊ុន សែន ក៏បានប្រសាសន៍លើកឡើងថា ពិតណាស់រាជរដ្ឋាភិបាលចំណេញថវិកាក្នុងការពន្យារអាយុចូលនិវត្តន៍របស់មន្ត្រីរាជការរហូតដល់អាយុ៦៥ឆ្នាំ ព្រោះថា មន្ត្រីរាជការ ចូលនិវត្តន៍ ត្រូវទទួលបានប្រាក់ខែ៨០ភាគរយ នៃប្រាក់ខែដែលគាត់បានទទួល ហើយធនធានមនុស្ស និងបទពិសោធន៍ការងារ ក៏យើងនៅមានល្អ។ ប៉ុន្តែលំហសម្រាប់យុវជន ដែលត្រូវការធ្វើការងារ នឹងមានការរួមតូច៕