មនុស្ស​ស្លាប់​កើន​ដល់​២៩​នាក់​ដោយសារ​ព្យុះ​ទី​ហ្វុ​ង​ដំរី​នៅ​វៀតណាម

សារព័ត៌មាន​ Cambodia News/

ហាណូយ (០៦ វិច្ចិកា ២០១៧) ៖ អាជ្ញាធរ​វៀតណាម​បាន​និយាយថា ចំនួន​មនុស្ស​ស្លាប់​បាន​កើនឡើង​ដល់​២៩​នាក់​ហើយ ខណៈដែល​មនុស្ស​២៩​នាក់​ផ្សេងទៀត​កំពុង​បាត់​ខ្លួន​នៅក្នុង​ខេត្ត Khanh Hoa, Phu Yen, Dak Lak និង Binh Dinh បន្ទាប់ពី​ព្យុះ​ទី​ហ្វុ​ង​ដ៏​កំណាច​មួយ​ដែលមាន​ឈ្មោះថា ដំរី បាន​វាយប្រហារ​ភាគ​កណ្តាល​ប្រទេស​។ នេះ​បើ​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន​ចិន ស៊ីន​ហួរ​។​

​ដោយឡែក​បើតាម​រដ្ឋមន្ត្រីក្រសួង កសិកម្ម និង​អភិវឌ្ឍន៍ជនបទ​វៀត​ណា​ម លោក Nguyen Xuan Cuong បាន​អះអាង​នៅ​ចន្ទ​នេះ​ថា ក្រៅពី​មនុស្ស​ស្លាប់ និង​បាត់​ខ្លួន​ជាច្រើន​នាក់ នៅក្នុង​ខេត្ត​ភាគ​កណ្តាល​ទាំង​បួន​ខាងលើនេះ នាវា​ដឹកទំនិញ​តូច​-​ធំ និង​ទូក​នេសាទ​ប្រមាណ ២៣០​គ្រឿង ក៏ត្រូវ​បាន​ព្យុះ​បោក​ពន្លិច​ទៅក្នុង​សមុទ្រ​ដោយ​រលក​ធំៗ និង​ខ្យល់​បោកបក់​ខ្លាំងក្លា​ផងដែរ​។

សម្រាប់​ការខូចខាត​ផ្សេងៗ​ទៀត​នោះ គឺ​ផលដំណាំ ៣០,០០០​ហិកតា ត្រូវបាន​លិចលង់​ទៅក្នុង​ជំនន់​ទឹកភ្លៀង​យ៉ាងគំហុក ខណៈ​ផ្ទះ ១,០០០​ខ្នង បាន​ដួលរលំ​ទាំងស្រុង​, ៤៣,០០០​ខ្នង​ទៀត​របើក​ដំបូល ឬ​រង​ការបំផ្លាញ និង​ប្រជាជន ៣៣,០០០​នាក់ ត្រូវបាន​ជម្លៀស​។​

​សូមបញ្ជាក់ថា ប្រទេស​វៀតណាម​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី​-​ប៉ាស៊ីហ្វិក (APEC) នៅ​ទីក្រុង Da Nang ភាគ​កណ្តាល​ប្រទេស ចាប់ពី​ថ្ងៃទី​០៦ ដល់ទី​១១ ខែវិច្ឆិកា សប្តាហ៍​នេះ ហើយក៏​មុន​ដំណើរ​មកដល់​របស់ លោក ដូ​ណា​ល់ ត្រាំ ប្រធានាធិបតី​សហរដ្ឋអាមេរិក​ផងដែរ​៕

Vietnamese soldiers help rescue a sunken fishing boat on a river in the central province of Phu Yen on November 5, 2017, a day after Typhoon Damrey hit central Vietnam. / AFP PHOTO / Vietnam News Agency / STR

Related Articles

Back to top button
Close
Close