សេរីភាពសារព័ត៌មានកម្ពុជា បន្ទាប់ពី The Cambodia Daily បិទ
Column
ដោយ ឆាយ សុផល
បន្ទាប់ពីកាសែត The Cambodia Daily ដែលគ្រប់គ្រងដោយជនជាតិអាម៉េរិក ហើយមានអ្នកយកព័ត៌មានចម្រុះជាតិសាសន៍ បានឈប់ចេញផ្សាយនៅថ្ងៃអង្គារ ទី៥ កញ្ញា ឆ្នាំ២០១៧ នេះ ហើយវិទ្យុអាស៊ីសេរី (RFA) វិទ្យុសំឡេងសហរដ្ឋអាម៉េរិក (VOA) វិទ្យុបារាំងអន្តរជាតិ (RFI) និងវិទ្យុសំឡេងប្រជាធិបតេយ្យ (VOD) ដែលទទួលថវិកាពីសភាអាម៉េរិក ពីរដ្ឋាភិបាលអាម៉េរិក ពីរដ្ឋាភិបាលបារាំង និងជំនួយពីបស្ចឹមប្រទេសរៀងៗខ្លួនមិនត្រូវបានឲ្យចាក់ផ្សាយបន្តទៀតតាមវិទ្យុក្នុងស្រុក ខណៈដែលស្ថានីយវិទ្យុមួយចំនួនទៀតត្រូវបានបិទការផ្សាយ ក៏មានមតិជាតិ និងបរទេសខ្លះសម្ដែងក្តីបារម្ភជាពន់ពេក ហើយអះអាងប្រហាក់ប្រហែលគ្នាថា សេរីភាពសារព័ត៌នៅកម្ពុជាបានធ្លាក់ចុះ និងត្រូវបានរាជរដ្ឋាភិបាលគាបសង្កត់។
ក្នុងនាមអ្នកសារព័ត៌មានអាជីព និងជាសាស្រ្តាព័ត៌មានម្នាក់ ខ្ញុំពិតជាមានការសោកស្តាយចំពោះការឈប់ផ្សាយរបស់កាសែត The Cambodia Daily ដែលខ្ញុំធ្លាប់ផ្តល់ដំណឹង និងរូបថតឲ្យកាលពីឆ្នាំ១៩៩៥-១៩៩៩ និងការបាត់ម៉ោងជួលផ្សាយខ្លះរបស់វិទ្យុដែលគាំទ្រដោយថវិកាបរទេសទាំងបីខាងលើ។ ខ្ញុំក៏សោកស្តាយចំពោះវិទ្យុ VOD ដែលគ្រប់គ្រងដោយមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្ស្ព្ពព្វផ្សាយឯករាជ្យ (CCIM) ត្រូវបានម្ចាស់ស្ថានីយ៍ឈប់ជួលម៉ោងផ្សាយឲ្យទាំងស្រុង ខណៈស្ថានីយវិទ្យុខ្លះទៀតត្រូវបានផ្អាកការផ្សាយ។
បន្ទាប់ពីមានហេតុការណ៍នេះកើតឡើង មានមតិខ្លះថា សេរីភាពសារព័ត៌នៅកម្ពុជាបានធ្លាក់ចុះ និងត្រូវរដ្ឋាភិបាលគាបសង្កត់។ ពិតជាមិនខុសនោះទេ នេះប្រសិនបើយើងមើលមួយជ្រុង។ ប៉ុន្តែប្រសិនបើបើយើងសំឡឹងមើលមួយជ្រុងទៀត នោះយើងនឹងអាចប្រៀបធៀបគ្នាបាន ហើយទាញយកសេចក្តីសន្និដ្ឋានមួយនៅកណ្តាល ថាតើសេរីភាពសារព័ត៌នៅព្រះរាជាណាចក្រមួយនេះពិតជាអន្តរាយមែនឬយ៉ាងណា!
យើងទាំងអស់គ្នាពិតជាបានដឹងហើយអំពីមូលហេតុរបស់កាសែត The Cambodia Daily គឺទាក់ទិននឹងការជំពាក់ពន្ធរាជរដ្ឋាភិបាល។ ទោះជាមិនមានវត្តមានកាសែត The Cambodia Daily កម្ពុជាក៏នៅមានកាសែតបរទេសធំៗប្រចាំថ្ងៃពីរទៀតគឺ Phnom Penh Post និង Khmer Times ដែលគ្រប់គ្រងដោយបរទេស មានទាំងភាសាជាតិនិងភាសាអង់គ្លេស ដែលខ្ញុំមើលឃើញថា ព័ត៌មានគឺមានវិជ្ជាជីវៈនិងក្រមសីលធម៌ដែរ។
ចំណែកឯវិទ្យុអាស៊ីសេរី វិទ្យុសំឡេងសហរដ្ឋអាម៉េរិក និងវិទ្យុបារាំងអន្តរជាតិ ទោះជាមិនអាចបន្តជួលម៉ោងពីវិទ្យុផ្សេងៗទៀតផ្សាយព័ត៌មានរបស់ខ្លួនបាន ក៏វិទ្យុអាស៊ីសេរីនៅតែអាចបន្តការផ្សាយតាមរលកអាកាសខ្លី (Short Wave) របស់ខ្លួនបានជាធម្មតា អាចផ្សាយតាមគេហទំព័រ និងអាចផ្សាយផ្ទាល់ (LIVE) តាមបណ្តាញសង្គមហ្វេសប៊ុក ខណៈដែលវិទ្យុសំឡេងសហរដ្ឋអាម៉េរិកក៏នៅតែអាចផ្សាយតាមរលកហ្រ្វេកង់ AM ជាធ្មតា អាចផ្សាយតាមគេហទំព័រ និងអាចផ្សាយ LIVE តាមបណ្តាញសង្គមរបស់ខ្លួន ហើយវិទ្យុបារាំងអន្តរជាតិក៏នៅតែអាចផ្សាយតាមរលកអាកាស FM ផ្ទាល់របស់ខ្លួន អាចផ្សាយតាមគេហទំព័រ និងផ្សាយ LIVE តាមបណ្តាញសង្គមហ្វេសប៊ុកដែរ។
ក្រៅពីនេះ កម្ពុជានៅមានកាសែត វិទ្យុរាប់សិប និងគេហទំព័រដ៏ច្រើនសន្ធឹកសន្ធាប់ទាំងគាំទ្រ និងមិនគាំទ្ររាជរដ្ឋាភិបាល នេះនៅមិនទាន់គិតពីបណ្តាញសង្គម ពិសេសហ្វេសប៊ុក ដែលមានមតិចម្រុះទាំងស្រប និងជំទាស់លើគោលនយោបាយរបស់គណបក្សកាន់អំណាច ខណៈខ្លះទៀតបានចំអក រិះគន់ និងជេរប្រមាថរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំបច្ចុប្បន្នមួយទំហឹង ហើយខ្លះរួមមានទាំងពលរដ្ឋ និងមន្រ្តីអង្គការសង្គមស៊ីវិលក៏បង្ហាញយ៉ាងច្បាស់ ថាខ្លួនមានទំនោរទៅរកគណបក្សមិនកាន់អំណាច។
ជាងនេះទៅទៀត ទីភ្នាក់ងារសារព័ត៌មានបរទេសទាំងមកពីក្នុងតំបន់ និងមកពីបស្ចឹមប្រទេសក៏កំពុងបំពេញភារកិច្ចរបស់ខ្លួននៅកម្ពុជាដោយសេរីជាធម្មតា ហើយបញ្ជូនរឿង និងរូបស្តីពីកម្ពុជាទៅឲ្យកាសែត វិទ្យុ និងទូរទស្សន៍ក្នុងពិភពលោកបានផ្សាយ ខណៈក្រុមហ៊ុនទូរទស្សន៍ខ្សែកាបជាច្រើនទៀតបានផ្តល់បុស្ត៍រាប់សិប ដោយមានព័ត៌មានសម្បូរបែបទាំងសេរីនិយម និងកុម្មុយនីស្តនិយម។
ដោយឡែក វិទ្យុសំឡេងប្រជាធិបតេយ្យ VOD មិនមានរលកហ្រ្វេកង់ផ្សាយផ្ទាល់របស់ខ្លួនទេ ព្រោះខ្លួនបានជួលស្ថានីយរបស់គេកន្លងមក ហើយនៅពេលម្ចាស់ស្ថានីយឈប់ជួលឲ្យ ខ្លួនក៏នៅតែលតោលគ្មានកន្លែងផ្សាយ។ យ៉ាងណាក៏ដោយ ក៏វិទ្យុនេះនៅតែអាចផ្សាយតាមគេហទំព័រ និងផ្សាយ LIVE តាមបណ្តាញសង្គមរបស់ខ្លួនដដែល ខណៈដែលពលរដ្ឋរាប់លាននាក់មាន Smart Phone នៅក្នុងដៃ ដែលអាចមើលព័ត៌មានគ្រប់ពេល និងគ្រប់ទីកន្លែង។
ចំពោះស្ថានីយវិទ្យុក្នុងស្រុកផ្សេងទៀតដែលត្រូវបានបិទនោះ គឺដោយសារតែរាជរដ្ឋាភិបាលអះអាងថា ពួកគេមិនបានគោរពតាម និងរំលោភលើលក្ខខណ្ឌមួយចំនួននៅក្នុងកិច្ចសន្យាពេលបានទទួលអាជ្ញាបត្រ។
ប្រសិនបើកាសែត The Cambodia Daily ព្រមដោះស្រាយរឿងជំពាក់ពន្ធរាជរដ្ឋាភិបាល ខណៈស្ថានីយវិទ្យុមួយចំនួនទៀតដែលត្រូវបានបិទការផ្សាយសុខចិត្តព្រមគោរពតាមលក្ខខណ្ឌដូចដែលខ្លួនបានសន្យាក្នុងអាជ្ញាបត្រ នោះពួកគេនឹងអាចបន្តកិច្ចការរបស់ខ្លួនទៀត។
ចំណុចមួយទៀតដែលគួរទាញចំណាប់អារម្មណ៍ដែរ គឺថា ខណៈអ្នកសារព័ត៌មានជាតិ និងបរទេសខ្លះស្រែកថា សេរីភាពសារព័ត៌មាននៅកម្ពុជាត្រូវបានរឹតបណ្តឹង ខ្លួននៅតែអាចសរសេររិះគន់សង្គមកម្ពុជាបានយ៉ាងចាស់ដៃដដែល។ ម្យ៉ាងទៀត នៅពេលដែលអត្ថបទបែបទស្សនៈរបស់ខ្ញុំនេះចេញផ្សាយទៅ ហើយមានប្រតិកម្មបញ្រ្ចាសមកវិញ នោះហើយជាសរីភាពនៃការបញ្ចេញមតិ ក៏ដូចជាសេរីភាពសារព័ត៌មានដែរ។
ដូចនេះសម្រាប់ខ្ញុំៗគិតថា បើទោះជាមានការបាត់បង់សហការីព័ត៌មានខ្លះ និងបាត់ម៉ោងជួលផ្សាយខ្លះរបស់វិទ្យុដែលគាំទ្រដោយបរទេសក៏ដោយ ក៏សេរីភាពសារព័ត៌មាននៅកម្ពុជានាពេលបច្ចុប្បន្នមិនទាន់ធ្លាក់នរគ ឬបាត់បង់ទៅតាម កាសែត The Cambodia Daily ដូចការមើលឃើញតែមួយជ្រុងនោះទេ។
ស្ថាប័នដែលបាត់បង់គឺបាត់បង់ទៅហើយ តែស្ថាប័ន និងអ្នកសារព័ត៌មានដែលនៅសេសសល់ត្រូវបន្តបេសកកម្មរបស់យើងបន្តមុខទៀត តាមបែបវិជ្ជាជីវៈ ដោយជួយជ្រោងសេរីភាពសារព័ត៌មាន ដោយមិននិយមបរទេសជ្រុលហួសហេតុ ភ្លេចអស់ពីអត្តសញ្ញាណខ្លួនឯង ថាជានរណា និងមកពីណា៕