បុរសម្នាក់ ​​និង​​ស្ត្រី​ម្នាក់ ​រង​របួស​​ធ្ងន់​​បន្ទាប់​​ពី​​ខ្មាន់​កាំភ្លើង​ជិះ​​ឡាន​​តាម​​បាញ់​ប្រហារ ​​

​សារព័ត៌មាន​ Cambodia News/

ភ្នំ​ពេញ (២៦ កុម្ភៈ បុរស​និង​ស្ត្រី២នាក់ បាន​រងរបួស​ធ្ងន់ធ្ង​រ បន្ទាប់ពី​ខ្មាន់កាំភ្លើង ជិះ​រថយន្ត​តាម​បាញ់ប្រហារ ប៉ង​ផ្ដាច់ជីវិត​ដល់​មុខផ្ទះ​ជនរងគ្រោះ ទាំង​កណ្ដាល​អធ្រាត្រ នៅវេលា​ម៉ោង​ប្រមាណ​ជាង១២រំលងអធ្រាត្រ ឈានចូល​ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៨ នៅតាម​ផ្លូវ១៩៧៤ ស្ថិត​ក្នុងភូមិ​ភ្នំពេញ​ថ្មី សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ បណ្តាល​ឲ្យជនរងគ្រោះ​កំពុង​សង្គ្រោះ​អាយុជីវិត​នៅក្នុង​មន្ទីរពេទ្យ​កាល់ម៉ែត។

ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា នារី​រងគ្រោះ​ត្រូវបាន​គេ​ស្គាល់ឈ្មោះ សិង វិ​ន អាយុ២៥ឆ្នាំ មុខរបរ​នៅផ្ទះ ស្នាក់នៅ​កន្លែងកើតហេតុ​ខាងលើ។ ចំណែក​បុរស​ជា​ដៃគូ​បើករថយន្ត​ឈ្មោះ គង់ វិ​ន អាយុ៣០ឆ្នាំ មុខរបរ​ជា​អ្នករកស៊ី មាន​ទីលំនៅ​សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ។

នៅ​មុនពេល​កើតហេតុ ជនរងគ្រោះ​ទាំង២នាក់ បាន​ជិះ​រថយន្ត​មួយគ្រឿង​ម៉ាក Toyota Tacoma ស្លាក​លេខ ភ្នំពេញ 2Q-5081 តាម​បណ្ដោយ​ផ្លូវ១៩៧៤ ក្នុងទិសដៅ​ពី​កើ​តទៅ​លិច។ លុះ​បើក​មកដល់​មុខផ្ទះ ដែលជា​កន្លែងកើតហេតុ​នោះ ខណៈ​ជនរងគ្រោះ​បម្រុង​ឈប់​រថយន្ត​ចុះ ស្រាប់​តែមាន​រថយន្ត​មួយគ្រឿង​ទៀត មិន​ស្គាល់​ម៉ាក បាន​បើក​មក​ឈប់​ក្បែរ ហើយ​បើក​ការបាញ់ប្រហារ​ទៅលើ​រថយន្ត​ជនរងគ្រោះ​ចំនួន៥គ្រាប់ ពី​ផ្នែក​ខាងស្តាំ​នៃ​រថយន្ត បណ្តាល​ឲ្យ​ត្រូវ​ជនរងគ្រោះ​ទាំងពីរ​នាក់​តែម្ដង ដោយ​ខ្មាន់កាំភ្លើង​បាញ់​ត្រូវ​នារី​រងគ្រោះ ចំនួន៣គ្រាប់ ត្រង់​ស្មារ​ស្តាំ២គ្រាប់ កំភួនដៃ​ខាងឆ្វេង១គ្រាប់ ខណៈ​បុរស​ជា​អ្នកបើកបរ​រថយន្ត ត្រូវ១គ្រាប់ ចំ​កំភួនដៃ​ខាងស្តាំ។

ជនសង្ស័យ​បាន​បើកប​រថយន្ត​គេច​ចេញពី​កន្លែងកើតហេតុ​បាត់ស្រមោល ដោយ​បន្សល់ទុក​នៅតែ​ក្បាល​គ្រាប់កាំភ្លើង ដែល​បាញ់​ហើយ​ប៉ុណ្ណោះ។ ដោយឡែក ជនរងគ្រោះ ត្រូវបាន​សាច់ញាតិ​ដឹក​យកទៅ​សង្គ្រោះបន្ទាន់ នៅ​មន្ទីរពេទ្យ​កាល់ម៉ែត៕

Related Articles

Back to top button
Close
Close