សម្ដេចនាយករដ្ឋមន្ត្រីថា អ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ ច្រើនជាងស្លាប់ ក្នុងសង្គ្រាម
សារព័ត៌មាន Cambodia News/
ភ្នំពេញ (០៨ ឧសភា ២ឥ១៧) ៖ សម្ដេចនាយករដ្ឋមន្ត្រី ក្នុងឱកាសធ្វើជាអធីបតីដ៍ខ្ពង់ខ្ពស់ នៃទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ខួបលើកទី១៥៤ ថ្ងៃទី៨ ឧសភា ឆ្នាំ២០១៧ នេះ បានឲ្យដឹងថា អ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា មានចំនួនច្រើនជាងស្លាប់នៅក្នុងសង្គ្រាម។ ដែលជាមួយគ្នាសម្ដេច បានអំពាវនាវជាថ្មី ឲ្យពលរដ្ឋទាំងអស់ ដែលធ្វើដំណើរតាមដងផ្លូវត្រូវតែគោរពច្បាប់ចរាចរណ៍។
សម្ដេចតេជោសែន បានលើកឡើងថា ខ្ញុំសុំយកឱកាសនេះអំពាវនាវ ចំពោះប្រជាពលរដ្ឋរបស់យើង សុំឲ្យគោរពច្បាប់ចរាចរណ៍ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ ដោយសារចរាចរណ៍, ឥឡូវជាមធ្យម៦ ទៅ៧នាក់ស្លាប់ក្នុងមួយថ្ងៃៗ, ដែលចំនួននេះច្រើនជាង ប្រទេសមាន សង្គ្រាមទៀតផង។ បើតាមសម្ដេចតេជោថា ក្នុងមួយថ្ងៃៗត្រូវការឈាមច្រើនណាស់ ដើម្បីសង្គ្រោះអ្នកគ្រោះ ថ្នាក់ចរាចរណ៍ គឺច្រើនជាងអ្នក ដែលត្រូវការដោយសារជំងឺផ្សេងៗ។
ដោយសម្ដេចបានថ្លែងថា មិនគួរប្រើប្រាស់ហួសហេតុពេកទៅលើអ្នកគ្រោះថ្នាក់ចរាចរណ៍នោះទេ, ប៉ុន្តែសម្ដេចបានបញ្ជាក់ថា និយាយយ៉ាងដូច្នេះ ខ្ញុំមិនហាមឃាត់នៅពេលដែលអ្នកគ្រោះថ្នាក់ចរាចរណ៍ ត្រូវការឈាមមិនឲ្យផ្ដល់ឈាមនោះទេ។ ប៉ុន្តែដើម្បីបញ្ចៀស ការបើកបរក្នុងស្ថានភាពស្រវឹង និងបើកបរមិនគោរព ច្បាប់ចរាចរណ៍។
ជាមួយគ្នាសម្ដេចក៍បានអត្ថាធិប្បាយដល់ការដែលប្រធានកាកបាទក្រហមកម្ពុជា បានផ្ដល់ថវិកា១លានដុល្លារអាមេរិក ដល់មន្ទីរពេទ្យកុមារគន្ធបុប្ផាផងដែរ។ ដោយសម្ដេចបញ្ជាក់ថា ស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ផា ពេលនេះកំពុងមានជំងឺ តែយើងមិនត្រូវទុកឲ្យមន្ទីរពេទ្យមួយនេះ ដួលរលំនោះទេ៕