បុគ្គលិកវិស័យឯកជននឹងមានប្រាក់ចូលនិវត្តន៍ដូចមន្ត្រីរាជការដែរ
សារព័ត៌មាន Cambodia News/
ភ្នំពេញ (២៥ មេសា ២០១៧) ៖ នៅចុងឆ្នាំ ២០១៧នេះ បុគ្គលិក កម្មករកម្មការិនី ក្នុងវិស័យឯកជនទាំងអស់ នឹងទទួលបានប្រាក់សោធននិវត្តដូចជាមន្ត្រីរាជការក្នុងវិស័យសាធារណៈដែរ ដែលបានអនុម័តរួចរាល់ហើយ ដោយប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន តាមរយៈក្រសួងការងារ។ នេះបើតាមលោក ជាវ ប៊ុណ្ណារិទ្ធ អ្នកនាំពាក្យបេឡាជាតិរបបសន្តិសុខសង្គម បានផ្ដល់បទសម្ភាសន៍ឱ្យទូរទស្សន៍PNN កាលពីថ្មីៗកន្លងទៅ។
ការផ្ដល់ប្រាក់សោធននិវត្តដល់បុគ្គលិកក្នុងវិស័យឯកជននេះ នឹងចាប់ផ្ដើមអនុវត្តជាផ្លូវការ នៅចុងឆ្នាំ ២០១៧នេះហើយ មិនថាតែជាបុគ្គលិកក្នុងក្រុមហ៊ុនប្រភេទអ្វីនោះទេ ពោលគឺគ្រប់ប្រភេទក្រុមហ៊ុនអាជីវកម្ម ក្នុងវិស័យឯកជនទាំងអស់។ ចំពោះដំណើរការនៃការផ្ដល់ប្រាក់ចូលនិវត្ត ឬប្រាក់សោធននិវត្តនេះ ដូចគ្នានឹងដំណើរការនៃការផ្ដល់ប្រាក់សោធននិវត្តមន្ត្រីរាជការដែរ គឺអាស្រ័យទៅលើទំហំទឹកប្រាក់ និងប្រាក់ឈ្នួលរបស់កម្មករនិយោជិក។
លោក ជាវ ប៊ុណ្ណារិទ្ធ បានបន្ថែមទៀតថា កម្មករកម្មការិនី ដែលមានអាយុ ៦០ឆ្នាំ គឺមានសិទ្ធិចូលនិវត្ត ហើយត្រូវទទួលបានប្រាក់សោធននិវត្តពី បេឡាជាតិរបបសន្តិសុខសង្គម (បសស)។ បន្ទាប់មក (បសស) នឹងតម្រូវឱ្យបើកកុងធនាគារនៅអេស៊ីលីដា។ ដូច្នេះកម្មករកម្មការិនីនឹងទទួលបានប្រាក់សោធននិវត្តជាប្រចាំខែ៕