កីឡាករ អុំទូក២នាក់ បានបាត់ខ្លួនក្រោយបុកជាមួយទូកទេសចរណ៍
សារព័ត៌មាន Cambodia News/
ភ្នំពេញ (១១ វិខ្ឆិកា ២០១៦) ៖ គិតត្រឹមវេលាម៉ោង ៩ព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ ជនរងគ្រោះ ដែលជាកីឡាករអុំទូក ២នាក់ នៅមិនទាន់រកឃើញនៅឡើយទេ ខណ:ដែលកម្លាំងសមត្ថកិច្ច ជាច្រើន បាននិងកំពុងចេញប្រតិបត្តិការ ស្វែងរក ក្រោយពេលទូក ង របស់ជនរងគ្រោះ បុកជាមួយ ទូកទេសចរណ៍ នៅមុខព្រះបរមរាជវាំង ពេលដែលកំពុងសណ្តោង យកមកអុំប្រណាំងសាកល្បងនៅព្រឹកនេះ។
អភិបាលខណ្ឌដូនពេញ លោក គួច ចំរើន ដែលកំពុងស្ថិតនៅកន្លែងកើតហេតុ បានបញ្ជាក់ថា ជនរងគ្រោះ២នាក់ ក្នុងចំណោម៩នាក់ ដែលនៅលើទូក នៅមិនទាន់រកឃើញនៅឡើយទេ រហូតមកដល់ពេលនេះ ហើយនៅពេលនេះកម្លាំងប្រតិបត្តិការ បានចេញជួយស្វែងរកជាច្រើន អូប័រ។
សូមបញ្ជាក់ថា ទូក ង មកពីវត្តអម្ពវ័ន្ត ស្ថិតនៅសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ មានឈ្មោះថា រស្មីស្រីស្រស់ដាញ់ទិព្វសែនជ័យ ពេលសណ្តោងមក ប្រណាំងសាកល្បង នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ ស្រាប់តែបុកជាមួយ ទូកទេសចរណ៍ បណ្តាលឲ្យលិច នៅមុខព្រះបរមរាជវាំង។ យ៉ាងណាក៏ដោយ គេមិនទាន់ដឹងថា អាជ្ញាធរមានវិធានការដូចម្តេចចំពោះទូកទេសចរណ៍ ដែលបង្កគ្រោះថ្នាក់នោះឡើយ៕