ជម្រើស ៣ ផ្សេងគ្នា ដើម្បីកាត់បន្ថយ ការកកស្ទះចរាចរណ៍
សារព័ត៌មាន Cambodia News/
ភ្នំពេញ (១៥ កញ្ញា ២០១៦) ៖ រដ្ឋបាលរាជធានីភ្នំពេញ កំពុងស្វែងរកដំណោះស្រាយ ដើម្បីកាត់បន្ថយ ការកកស្ទះចរាចរណ៍ នៅចំណុចសំខាន់ៗ ដូចជា ចំណុចរង្វង់មូលចោមចៅ ដោយសាងសង់ ជាស្ពានអាកាស ថ្មីមួយទៀត ស្ពានអាកាសក្បាលថ្នល់ និងរង្វង់មូលទួលគោក។
កាលពីល្ងាចថ្ងៃទី១៤ ខែកញ្ញា លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បានប្រជុំពិភាក្សា ជាមួយក្រុមការងារបច្ចេកទេស ដើម្បីស្វែងរកជម្រើសបន្ថយនូវ ផលប៉ះពាល់ឱ្យបានជាអតិប្បរមា និងត្រូវសិក្សាបច្ចេកទេស ផ្លូវឱ្យបានច្បាស់លាស់ ព្រោះទីតាំងនេះ ជាតំបន់ឧស្សាហកម្ម សំខាន់មួយ ដែលមានរថយន្តធំៗ ដឹកទំនិញចេញ-ចូល និងភ្ញៀវទេសចរណ៍ ជាតិ-អន្តរជាតិ ជាច្រើនឆ្លងកាត់ផងដែរ។
លោកអភិបាល បានលើកឡើងបន្តថា ចំណុចស្ពានអាកាសក្បាលថ្នល់ ពោលគឺទីតាំងនេះ ត្រូវបានសិក្សាបន្ថែម ស្ពានអាកាស ៣ ខ្សែទៀត ដើម្បីដោះស្រាយ ការកកស្ទះ នាពេលបច្ចុប្បន្ន។ គម្រោងនេះ មានការយឺតយ៉ាវបន្តិច ដោយសារផលប៉ះពាល់ ជាមួយបំពង់ទឹកស្អាតធំមួយ ទំហំរហូតដល់ ១,៦ ម៉ែត្រ ដែលអាចដាច់ទឹកប្រើប្រាស់ រយ:ពេលដល់ទៅ ៣ ខែ ប៉ុន្តែក្រុមការងារបច្ចេកទេស នឹងសិក្សាកែសម្រួលឡើងវិញ ដើម្បីចាប់ផ្តើមស្ថាបនា នៅពេលឆាប់ៗ ខាងមុខ និងចំណុចរង្វង់មូលទួលគោក នឹងត្រូវកែសម្រួលដាក់ជាភ្លើងស្តុប ព្រោះទីតាំងរង្វង់មូលនេះតូច មានផ្លូវជួបគ្នា ៥ ខ្សែ ដូច្នេះមានការកកស្ទះខ្លាំង។
សូមបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញ គ្រោងស្ថាបនាស្ពានអាកាស នៅត្រង់រង្វង់មូលចោមចៅ ដែលកំពុងស្ថិតក្នុងដំណាក់ការ សិក្សាប្លង់នៅឡើយ ដើម្បីដោះស្រាយ ការកកស្ទះចរាចរណ៍ នៅច្រកចេញចូល ក្នុងរាជធានីភ្នំពេញ ឱ្យបានកាន់តែល្អប្រសើរ។ តាមផែនការ ស្ពានអាកាសចោមចៅ គ្រោងនឹងស្ថាបនា នៅក្នុងឆ្នាំ២០១៧ ខាងមុខនេះ៕