សម្ដេច ហ៊ុន សែន ៖ ការធ្វើខ្លួនចេះទាំងអស់នោះ គឺមិនបាននាំមកនូវការរីកចម្រើនឡើយ
សារព័ត៌មាន Cambodia News/
ភ្នំពេញ (១២ ឧសភា ២០១៦ ) ៖ ក្នុងគណនីហ្វេសប៊ុកសម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានសរសេរថា «ខ្ញុំសប្បាយរីករាយណាស់ដែលមានកិត្តិយសមកចូលរួមប្រគល់សញ្ញាបត្រ និង ផ្តល់តំបូន្មានខ្លះៗដល់និស្សិតមកពីសាកលវិទ្យាល័យ IIC នៃបច្ចេកវិទ្យា ជាង ៨០០ នាក់ នៅវិទ្យាស្ថានជាតិអប់រំ។
ច្បាស់ណាស់ ទោះបីយើងមានថានៈជាអ្វីក៏ដោយ ចំពោះការសិក្សាស្រាវជ្រាវគឺត្រូវតែបន្តរៀនសូត្រ ព្រោះចំណេះដឹងគឺគ្មានដែនកំណត់ឡើយ។ រីឯជំងឺតួឯកឬអ្វីក៏ខ្លួនចេះទាំងអស់នោះ គឺមិនបាននាំមកនូវការរីកចម្រើនឡើយ ផ្ទុយទៅវិញគឺនាំមកនូវភាពអសកម្មនិង ភាពឯកោទៅវិញទេ
ខ្ញុំក៏បានរំលឹកអំពីជំនាន់ប៉ុលពតដល់ក្មួយៗ យុវជនអោយបានដឹងផងដែរថាសម័យនោះគឺធនធានមនុស្សត្រូវបំផ្លាញ ស្ទើរទាំងស្រុង។ នៅពេលនេះយើងកំពុងជំរុញការបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយ សមត្ថភាពដើម្បីចូលរួមអភិវឌ្ឍន៌ប្រទេសជាតិ។
រាជរដ្ឋាភិបាលកម្ពុជាប្តេជ្ញាការពារសន្តិភាព ដើម្បីផ្តល់ឱកាសដល់ប្រជាពលរដ្ឋ និងយុវជន ដែលយើងបាត់បង់ឱកាសបែបនេះតាំងពីជំនាន់សង្រ្គាមឆ្នាំ១៩៧០ ខ្ញុំមិនបណ្តោយអោយយុវជនខ្មែរទទួលរងគ្រោះបាត់បង់ឱកាសមិនបាន សិក្សាដូចដែលបានកើតឡើងកាលពីជំនាន់សង្រ្គាមដែលរូបខ្ញុំធ្លាប់ បានឆ្លងកាត់។
ខ្ញុំសូមឆ្លើយទៅសំណួរក្នុង Facebook ចំពោះគ្រូពេទ្យជំនាញឯកទេសយើងដែលកំពុងជាប់កិច្ចសន្យា គឺរាជរដ្ឋាភិបាលនឹងបញ្ចូលជាមន្រ្តីមានក្របខ័ណ្ឌ ដើម្បីគ្រូពេទ្យយើងទទួលបានប្រាក់ខែសមរម្យ។ ខ្ញុំសូមលើកទឹកចិត្តយុវជនចូលរួមក្នុងកម្មវិធី ខ្ញុំជាយុវជនគំរូកម្ពុជា ដើម្បីជំរុញការកសាងអំពើល្អអោយកាន់តែច្រើននៅក្នុងសង្គមជាតិយើង
ខ្ញុំសូមអរគុណនិងជូនពរបងប្អូនជនរួមជាតិជួបតែសំណាងល្អ និងពុទ្ឋពរ៤ប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈកុំបីខានឡើយ»៕