សម្តេច ហ៊ុន សែន ៖ យុវជនបច្ចុប្បន្នមានឱកាស និងជម្រើសច្រើនយ៉ាងសម្រាប់ជីវិត
សារព័ត៌មាន Cambodia News/
ភ្នំពេញ (៣១ មីនា ២០១៦) ៖ កាលពីជំនាន់សង្រ្គាមគឺយុវជនគ្មានឱកាសធ្វើអ្វីក្រៅពីការត្រៀមខ្លួនចូលធ្វើកងទ័ព ហើយអ្នកដែលមិនបានចូលធ្វើកងទ័ពក៏ត្រូវរងនូវផលប៉ះពាល់យ៉ាងខ្លាំងដោយសារសង្រ្គាម។ អ្វីដែលយើងកំពុងឃើញស្រាប់គឺ សង្រ្គាមកាប់សម្លាប់នៅមជ្ឈឹមបូព៌ាសព្វថ្ងៃ កំពុងបំផ្លាញអាយុជីវិតយុវជន និងអនាគតរបស់ពួកគេ។
នៅក្នុងទំព័រហ្វេសប៊ុក របស់សម្តេច ហ៊ុន សែន បានឲ្យដឹងថា សម្តេចក៏ធ្លាប់ជាយុវជន ដែលគ្មានឱកាសម្នាក់ដែរកាលពីជំនាន់សង្រ្គាមទសវត្សរ៍ឆ្នាំ ១៩៧០ សម្តេចគ្មានឱកាស និងគ្មានជម្រើសអ្វីក្រៅពីធ្វើទាហានរហូតដល់ពិការភ្នែកទៀតផង។ យុវជនបច្ចុប្បន្នមានឱកាស និងជម្រើសច្រើនយ៉ាងសម្រាប់ជីវិត។ សូមយុវជនយុវនារី កុំបណ្តោយអោយបាត់បង់ឱកាសល្អៗ។ ត្រូវតែប្រឹងប្រែងសិក្សារៀនសូត្រ ហើយត្រូវតែចៀសអោយផុតពីអំពើអបាយមុខគ្រប់យ៉ាង និងគ្រឿងញៀនគ្រប់ប្រភេទ។
សម្តេចតេជោ ហ៊ុន សែន គឺជាប្រមុខដឹកនាំដែលនាំមកនូវសន្តិភាព ការអភិវឌ្ឍ និងឱកាស សម្រាប់ពលរដ្ឋ និងយុវជនដោយគ្មានការរើសអើង។
ការគាំទ្រយ៉ាងពេញទំហឹងរបស់ប្រជាពលរដ្ឋទូទាំងប្រទេស រួមទាំងមន្រ្តីរាជការ កងទ័ព លោកគ្រូអ្នកគ្រូ ព្រះសង្ឃ យុវជន យុវនារី សិស្សានុសិស្ស ព្រមទាំងពីក្រុមគ្រួសារកូនចៅសម្តេចតេជោផ្ទាល់ គឺបានផ្តល់នូវកម្លាំងចិត្ត និងទំនុកចិត្តដល់សម្តេចដើម្បីបន្តដឹកនាំកសាងអភិវឌ្ឍន៌ប្រទេសជាតិយើងអោយកាន់តែរីកចម្រើនខ្លាំងឡើងថែមទៀត៕