សម្តេចហ៊ុន សែន ទទួលបានការគាំទ្រ១០០%ពីរដ្ឋសភាឆ្នាំ១៩៨៥
សារព័ត៌មាន Cambodia News/
ភ្នំពេញ (១៤ មករា ២០១៦) ៖ សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជាបានសរសេរលើទំព័រហ្វេសប៊ុករបស់ខ្លួនថា នៅថ្ងៃ១៤ ខែមករា ឆ្នាំ១៩៨៥ ជាថ្ងៃដែលរដ្ឋសភាកម្ពុជាបានបោះឆ្នោតជ្រើសរើសខ្ញុំ ជាប្រធានក្រុមប្រឹក្សារដ្ឋមន្ត្រី (នាយករដ្ឋមន្ត្រី)នៃរដ្ឋាភិបាលសាធារណះរដ្ឋប្រជាមានិតកម្ពុជា។
ការបោះឆ្នោតជ្រើសរើសនេះធ្វើឡើង បន្ទាប់ពីសម្តេចហ៊ុន សែនបានបំពេញមុខនាទីជានាយករដ្ឋមន្ត្រីស្តីទីប្រមាណជាង៣ខែ តាំងពីពេលដែលលោក ចាន់ ស៊ី នាយករដ្ឋមន្ត្រីប្រទេសកម្ពុជាក្នុងសម័យនោះ ចេញទៅព្យាបាលជម្ងឺ និងទទួលមរណះភាពនៅទីក្រុងមូស្គូ ប្រទេសរុស្ស៊ី។
ប្រមុខរដ្ឋាភិបាលកម្ពុជាបានបញ្ជាក់ថា អ្វីដែលធ្វើឱ្យខ្ញុំភ្ញាក់ផ្អើលបំផុតគឺការបោះឆ្នោតជាសម្ងាត់នៅក្នុងរដ្ឋសភា ដែលខ្ញុំទទួលបាននូវសម្លេងឆ្នោតគាំទ្រ១០០% ដោយគ្មានសន្លឹកឆ្នោតប្រឆាំង គ្មានសន្លឹកឆ្នោតអនុប្បវាទ គ្មានសន្លឹកឆ្នោតមោឃះ។ សម្តេចហ៊ុន សែនថា នាយករដ្ឋមន្ត្រី២រូបដែលកាន់តំណែងមុនខ្ញុំ តែងមានសន្លឹកឆ្នោតប្រឆាំងមិនតិចជាង៥សម្លេងឡើយ៕