ជនសង្ស័យពាក់ព័ន្ធអំពើភេរវកម្មនៅប៉ារីសអាចរត់ទៅអាល្លឺម៉ង់
សារព័ត៌មាន Cambodia News/
បារាំង (០៣ ធ្នូ ២០១៥ ) ៖ តាមការបញ្ជាក់ពីប្រព័ន្ធផ្សព្វផ្សាយអាល្លឺម៉ង់កាលពីថ្ងៃទី០២ធ្នូ បានឲ្យដឹងថា បុរសឈ្មោះSalah Abdeslam ជាជនសង្ស័យពាក់ព័ន្ធនឹងការបាញ់ប្រហារនៅក្នុងប្រទេសបារាំង ហើយកំពុងត្រូវបានតាមចាប់ខ្លួនផងនោះ រួមទាំងបក្សពួកផ្សេងទៀត អាចគេចខ្លួនទៅកាន់ប្រទេសអាល្លឺម៉ង់ ឬក៏អាចឆ្លងកាត់ប្រទេសអាល្លឺម៉ង់។
អាជ្ញាធរអាល្លឺម៉ង់ បារាំង ណូវែលសេឡង់ និងប៊ែលហ្ស៊ិក កំពុងតែស្វែងរកចាប់ខ្លួនជនសង្ស័យនៅមានជីវិត ជាប់ពាក់ព័ន្ធនឹងការវាយប្រហារក្នុងទីក្រុងប៉ារីស ហើយជនឈ្មោះSalah Abdeslam គឺជាមុខសញ្ញាសំខាន់បំផុតដែលប៉ូលិសកំពុងតាមប្រមាញ់ ពាក់ព័ន្ធនឹងការបាញ់សម្លាប់មនុស្ស១៣០នាក់នៅកន្លែងផ្សេងៗគ្នាក្នុងក្រុងប៉ារីសកាលពីថ្ងៃទី១៣វិច្ឆិកា និងជាច្រើននាក់ទៀតរងរបួស។
យោងតាមព័ត៌មានចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយអាល្លឺម៉ង់ទទួលបានពីមន្ដ្រីប៉ូលិស ក្រុមអ្នកស៊ើបអង្កេតកំពុងស៊ើបពីភស្ដុតាងដែលថាឧក្រិដ្ឋជននេះធ្លាប់ស្នាក់នៅក្នុងប្រទេសអាល្លឺម៉ង់ ឬកំពុងស្នាក់នៅបន្ដទៀត។ យ៉ាងណាក៏ដោយក្រសួងមហាផ្ទៃអាល្លឺម៉ង់មិនបានបញ្ជាក់ទេថា ជនសង្ស័យភេរវករបច្ចុប្បន្នរស់នៅអាល្លឺម៉ង់ឬយ៉ាងណា៕