ស្រ្តីចំណាស់ម្នាក់ផ្តល់អាហារដល់ក្មេងចំនួន២០០នាក់ជារៀងរាល់ថ្ងៃ
សារពត៌មាន Cambodia News/
អត្ថបទដោយ: ហេង លក្ខិណា/
បរទេស (២២ កញ្ញា ២០១៥) ៖ អ្នកប្រហែលជាមិនដឹងទេថា នៅជុំវិញពិភពលោកសព្វថ្ងៃមានរឿងរ៉ាវដែលគួរឲ្យ ស្ញប់ស្ញែងជាច្រើនបានកើតឡើង ដោយរឿងហេតុទាំងនោះសុទ្ធសឹងតែបំផុសនូវគំនិត វិជ្ជមាន និងជួយនាំទៅរកភាពល្អប្រសើរក្នុងសង្គមនីមួយៗ។ នៅក្នុងខែកញ្ញានេះ ស្រ្តី
ចំណាស់ម្នាក់ បានទទួលការចាប់អារម្មណ៍និងកោតសរសើរយ៉ាងខ្លាំងពីមហាជន ដោយសារភាពសម្បុរស និងការលះបង់របស់គាត់។
Phyllis Shaughnessy រស់នៅក្នុងតំបន់ Gray’s Harbor រដ្ឋវ៉ាស៊ីនតោន សហរដ្ឋអាមេរិក។ ទីនោះជាតំបន់មួយប្រជុំដោយគ្រូសារដែលមានកំរិតជីវភាពទាប ហើយកុមារគឺជាអ្នកដែលទទួលការប៉ះពាល់ខ្លាំងបំផុត។ ហេតុនេះអំឡុងពេលឆ្នាំសិក្សា កុមារ ត្រូវបានគេផ្គត់ផ្គង់អាហារញ៉ាំតាមរយៈកម្មវិធីផ្តល់អាហារថ្ងៃត្រង់របស់សាលា។ ដោយឡែកនាពេលវិសមកាលកុមារទាំងឡាយមិនត្រូវបានផ្តល់នូវអាហារ មិនគិតថ្លៃឫ អាហារបញ្ចុះតម្លៃ ពីសាលារៀននោះទេ។ នៅពេលដែល Shaughnessy ដឹងដូចនេះ គាត់បានសំរេចចិត្តជួយជាចំណីអាហារចំនួន 200ចំណែកនិងដឹកចែកចាយទៅដល់ពួកគេជារៀងរាល់ថ្ងៃ។
Shaughnessy បានបង្កើតក្រុមស្ម័គ្រចិត្តដើម្បីរៃអង្គាសធនធាននិងថវិកាក្នុងសកម្មភាពសប្បុរសនេះ។ លោកស្រីផ្ទាល់អាចចែកចាយបានប្រមាណតែ 90ចំណែកប៉ុណ្ណោះក្នុងមួយថ្ងៃ ហើយចំណែកដទៃទៀតត្រូវបានផ្តល់ឲ្យទៅក្មេងៗដោយក្រុមស្ម័គ្រចិត្ត។ គ្រប់ពេលដែល ឃើញឡានពណ៌ខៀវ ក្មេងៗ និងអ្នករស់នៅតំបន់តែងតែត្រេកត្រអាលដោយដឹងថាអាហារថ្ងៃត្រង់មកដល់ ហើយពួកគេតែងហៅលោកស្រី Shaughnessy ថា “Lunch Lady” ។
Shaughnessyបាននិយាយថា “យើងកំពុងផ្តល់ជូន កុមារម្នាក់ៗនូវក្តីសង្ឃឹម សេចក្ដី ស្រឡាញ់ និងអាហារថ្ងៃត្រង់មួយចំណែក។ ពួកគេគួរដឹងថាមានមនុស្សដែលយកចិត្ដទុកដាក់និងខ្វល់ខ្វាយពីពួកគេ។ យើងទាំងអស់គ្នាកើតមកលើលោកនេះដើម្បីធ្វើអ្វីម៉្យាង។ការផ្តល់ឲ្យអ្នកដទៃគឺ ល្អប្រសើរជាងការទទួលយកពីពួកគេ»។ ប្រភព: Sunny Skyz News