អតីតសមាជិកសភាថៃ ២៥០នាក់ ប្រឈមមុខនឹងការចោទប្រកាន់ ពីបទចង់កែរដ្ឋធម្មនុញ្ញ
សារព័ត៌មាន Cambodia News/
ថៃ (១៤ មីនា ២០១៥) ៖ អង្គភាពប្រឆាំងអំពើពុករលួយរបស់រដ្ឋាភិបាលថៃ បានចោទប្រកាន់ចំពោះ អតីតសមាជិកសភា២៥០នាក់ ដែលក្នុងនោះ ភាគច្រើនមកពីគណបក្សរបស់ស្រី Yingluck Shinawatra ដែលជាវិធានការណ៍មួយ អាចរារាំងដល់ការងារ ក្នុងឆាកនយោបាយ នៃបណ្តាញគ្រួសារ Sinawatra នេះបើយោងតាម Channel News Asia ចេញផ្សាយនៅថ្ងៃទី១៣ ខែមីនានេះ។
ប្រសិនបើសភាជាតិ ហៅកាត់ថា NLA ធ្វើការបោះឆ្នោត ដើម្បីចោទប្រកាន់ទៅលើ អតីតសមាជិកសភាទាំងនោះ ពួកគេនឹងត្រូវបានដកចេញ ពីឆាកនយោបាយរយៈពេលប្រាំឆ្នាំ ដែលនេះប្រៀបបានទៅនឹងការដកចេញទាំងឬស នូវមូលដ្ឋាននយោបាយ នៃបក្សពួកក្រុមគ្រួសារ Shinawatra ដែលតែងតែទទួលបានជោគជ័យ ក្នុងការបោះឆ្នោតចាប់តាំង ពីឆ្នាំ២០០១មក។
គណៈកម្មាធិការប្រឆាំងអំពើពុករលួយជាតិ ហៅកាត់ថា NACC បានឲ្យដឹងថា ក្នុងពេលកាន់អំណាចគណបក្ស ភឿថៃ របស់លោកស្រី យ៉ីងឡាក់ មានបំណងធ្វើវិសោធនកម្មច្បាប់ ដែលមានលក្ខណៈរំលោភទៅលើ រដ្ឋធម្មនុញ្ញរបស់ថៃ។
គណៈកម្មាធិការប្រឆាំងអំពើពុករលួយជាតិ បានសម្រេចបញ្ជូនរឿងក្តីទៅកាន់រដ្ឋសភា នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៥ ដើម្បី ចោទប្រកាន់ លើអតីតសមាជិកសភាទាំង២៥០នាក់ ដែលបានចុះហត្ថលេខា សម្រេចគាំទ្រទៅលើការធ្វើវិសោធនកម្មច្បាប់ ព្រោះសកម្មភាពទាំងនេះបង្ហាញថា ពួកគេមានបំណងចង់បំពានទៅលើរដ្ឋធម្មនុញ្ញឆ្នាំ២០០៧ របស់ព្រះរាជាណាចក្រថៃ។
យ៉ាងនេះក្តីកាលបរិច្ឆេទ សម្រាប់សភាថៃ បោះឆ្នោតចោទប្រកាន់ ទៅលើរឿងក្តីនេះ មិនទាន់កំណត់ច្បាស់នៅឡើយទេ។
ដោយឡែកលោក Amnuay Klangpa សមាជិកម្នាក់របស់បក្សភឿថៃ បានបញ្ជាក់ថា សមាជិកចំនួន១៦០នាក់ បានសម្តែងការប្រឆាំងយ៉ាងខ្លាំង បន្ទាប់ការសម្រេចរបស់ គណៈកម្មាធិការប្រឆាំងអំពើពុករលួយ ។ លោកជឿជាក់ថា ពួកគេមិនអាច ចោទប្រកាន់ក្រុមរបស់លោកបានឡើយ ដោយជាធម្មតា សមាជិកសភា មានសិទ្ធិក្នុងការធ្វើ កំណែទម្រង់រដ្ឋធម្មនុញ្ញ ហើយគ្រប់ដំណើរការនៃការកែប្រែ គឺស្របតាមផ្លូវច្បាប់ទាំងអស់៕