មន្ដ្រីរាជការ នឹងទទួលបាន ប្រាក់ឧបត្ថម្ភ ៤ម៉ឺនរៀលក្នុង ឱកាសបុណ្យចូលឆ្នាំខ្មែរ
សារព័ត៌មាន Cambodia News/
អត្ថបទ៖ ហេង នាង/
ភ្នំពេញ ( ០៩ មិនា ២០១៥) ៖ យោងតាមអនុក្រឹត្យចេញដោយប្រមុខរដ្ឋាភិបាល លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានឲ្យដឹង កាលពីពេលថ្មីៗនេះថា រាជរដ្ឋាភិបាលសម្រេចផ្ដល់ប្រាក់ឧបត្ថម្ភ ក្នុងឱកាសបុណ្យ ចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នៅឆ្នាំនេះ ជូនដល់មន្ដ្រីរាជការស៊ីវិល នៃក្រុមនីតិ ប្បញ្ញត្ដិ នីតិប្រតិបត្ដិ និងតុលាការ មន្ដ្រីនគរបាលជាតិកម្ពុជា យោធិននៃកងយោធពលខេមរភូមិន្ទចំនួន៤ម៉ឺនរៀល ក្នុងម្នាក់ៗ ។
នៅក្នុងអនុក្រឹត្យដដែលបានអោយដឹងទៀតថា ក្រៅពីនេះសមាជិកក្រុមប្រឹក្សារាជធានី-ខេត្ដ ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ប្រធានភូមិ អនុប្រធានភូមិ សមាជិកភូមិ មន្ដ្រីរាជការជាប់កិច្ច សន្យា និងបុគ្គលិកបណ្ដែត ដែលកំពុងបម្រើការងារនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ព្រមទាំងនិវត្ដជន ជនបាត់បង់សម្បទាវិជ្ជាជីវៈ ជនបាត់បង់សមត្ថភាពការងារ និងជន ពិការ ដែលជាអតីតមន្ដ្រីរាជការស៊ីវិល អតីតយោធិននៃកងយោពលខេមរភូមិន្ទ អតីតមន្ដ្រី នគរបាលជាតិកម្ពុជា ក៏ទទួលបានប្រាក់ឧបត្ថម្ភ៤ម៉ឺនរៀលនេះដែរ។
អនុក្រឹត្យ ក៏បានស្នើរអោយ ក្រសួង ស្ថាប័នជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវលើកសំណើជាក់ស្ដែង អំពីចំនួនមន្ដ្រីរាជការដែលត្រូវ ទទួលប្រាក់ឧបត្ថម្ភដាក់ទៅកាន់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាការប្រញាប់ ដើម្បីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រៀប ចំប្រកាសបន្ថែម ឥណទានថវិកាជូនទាន់ពេលវេលា និងធានាឲ្យការបើកប្រាក់ឧបត្ថម្ភនេះ អនុវត្ថបានទាន់ពេលវេលា។
សូមរំលឹកថា នៅក្នុងអនុក្រឹត្យខាងលើបានបញ្ជាក់ថា ការបើកប្រាក់ឧបត្ថម្ភខាងលើនេះ ត្រូវអនុវត្ដឲ្យបានមុនថ្ងៃចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំឆ្នាំ២០១៥នេះខាងមុខនេះ ៕