ស្ត្​រីបឹង​កក់​ម្នាក់​ រង​របួស​សៀតផ្កា​ ពេល​តវ៉ា​ប្រឆាំង​កិច្ច​ព្រម​ព្រៀង​ជន​ភៀស​ខ្លួន​

សារព័ត៌មាន​​ Cambodia News/

ភ្នំ​ពេញ​ (២៦ កញ្ញា ២០១៤) ៖ ស្ត្រី​បឹងកក់​ម្នាក់ នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ សន្លប់ និង​រងរបួស​ត្រង់​សៀតផ្កា ក្រោយ​ពី​ប៉ះទង្គិច​ជាមួយ​កម្លាំង​សមត្ថកិច្ច នៅ​ម្តុំ​ក្រសួងការបរទេស ខណៈ​សម្រុកចូល​ទៅ​ដាក់​ញត្តិ​ទៅ​ស្ថានទូត​អូស្ត្រាលី​ប្រឆាំង​នឹង​កិច្ចព្រមព្រៀង​ទទួល​ជនភៀសខ្លួន​ពី​ប្រទេស​អូស្ត្រាលី​។​

កម្លាំង​សមត្ថកិច្ច​រាប់រយ​នាក់ បាន​បិទ​ផ្លូវ​ចេញចូល​ទាំងអស់​នៅ​ម្តុំ​រដ្ឋសភាជាតិ ក្រសួង​ការ​បរទេស និង​ស្ថានទូត​អូស្ត្រាលី ដើម្បី​រារាំង​ការតវ៉ា​របស់​ប្រជាពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​។​

​ដោយសារ​ការរារាំង អ្នក​តវ៉ា​ប្រមាណ​១០០​នាក់ បាន​ព្យាយាម​សម្រុកចូល រហូតដល់​មាន​ការប៉ះទង្គិច​គ្នា បណ្តាល​ឲ្យ​អ្នកស្រី បូ ឆវី សកម្មជន​តំបន់​បឹងកក់ សន្លប់ និង​មាន​ស្នាម​បែក​ត្រង់​សៀតផ្កា​ ក្រោយ​មក​អ្នកស្រី​ត្រូវបាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ភ្លាមៗ​។

តាម​គម្រោង​អ្នករងគ្រោះ​ដីធ្លី និស្សិត​បញ្ញវន្ត និង​បណ្តាញ​ព្រះសង្ឃ​ឯករាជ្យ តវ៉ា​នៅ​មុខ​ស្ថានទូត​អូស្ត្រាលី រដ្ឋសភា និង​ក្រសួង​មហាផ្ទៃ ឲ្យ​បញ្ឈប់​ជា​បន្ទាន់​នូវ​កិច្ចព្រមព្រៀង​បញ្ជូន​ជនភៀសខ្លួន​អូស្រា្តលី​មក​កម្ពុជា ដោយ​សំអាង​ថា កម្ពុជា​ត្រូវ​ដោះស្រាយ​ជម្លោះ​ដីធ្លី​ក្នុង​ប្រទេស​ជា​មុន​សិន​ ​អ្នក​មាន​ជម្លោះ​ដី​ធី្ល​ទាំងនោះ​មក​ពី​សហគមន៍​បុរី​កីឡា អ្នក​បឹកកក់ អ្នក​ឡ​ពាង និង​អ្នកភូមិ​គាស់ក្រឡ​។​

​គួរបញ្ជាក់​ផង​ដែរ​ថា រដ្ឋាភិបាល​កម្ពុជា និង​អូស្ត្រាលី​សម្រេច​ចុងក្រោយ​ក្នុង​ការចុះហត្ថលេខា​លើ​អនុស្សរណៈ​ទទួលយក​ជ​ន​ភៀសខ្លួន​ពី​ប្រទេស​អូស្ត្រាលី​មក​តាំង​ទីលំនៅ​ក្នុង​ប្រទេស​កម្ពុជា នៅ​ថ្ងៃ​ទី​២៦ ខែ​កញ្ញា ឆ្នាំ​២០១៤ វេលា​ម៉ោង​៣​រសៀល​នៅ​ទីស្តីការ​ក្រសួង​មហាផ្ទៃ​៕

3

Related Articles

Back to top button
Close
Close