លោក ហ៊ុន សែន បញ្ជាក់ថា ការប្រឡងលើកទី២ នៅតែតឹងដដែល គ្មានការបន្ធូរបន្ថយ
សារព័ត៌មាន Cambodia News/
ភ្នំពេញ (០១ កញ្ញា ២០១៤) ៖ ក្នុងឱកាសអញ្ជើញជាអធិបតីផ្សព្វផ្សាយជាផ្លូវការនូវ «គោលនយោបាយជាតិ និងផែនការសកម្មភាពជាតិស្តីពីការគាំពារ និងអភិវឌ្ឍន៍កុមារតូច» នៅវិទ្យាស្ថានជាតិអប់រំ នាព្រឹកថ្ងៃទី០១ ខែកញ្ញា នេះ លោក ហ៊ុន សែន បានបញ្ជាក់ថា ការប្រឡងសញ្ញាប ត្រមធ្យមសិក្សាទុតិយភូមិលើកទី២ សម្រាប់សិស្សធ្លាក់ ដែលធ្វើឡើងនៅថ្ងៃទី១៣-១៤ ខែតុលា ខាងមុខនេះ នៅ តែតឹងរឹងដដែល គ្មានការបន្ធូរបន្ថយ។
ជាមួយគ្នានោះលោក ហ៊ុន សែន បានអំពាវនាវ ដល់សិស្សានុសិស្ស ដែលត្រូវប្រឡងលើកទី២ត្រូវប្រឹងប្រែងរៀនសូត្រ ឬត្រូវរៀនបំប៉នបន្ថែម ក្នុងរយៈពេលជាង ១ខែនេះ ដើម្បីទទួលបានជោគជ័យក្នុងការប្រឡងលើកទី២។
លោក ហ៊ុន សែនបានបញ្ជាក់ថា ប្រសិនបើយើង ចេះតែឲ្យជាប់ ជាប់មានចំនួនច្រើន ទីបំផុតពេលបញ្ចប់ការសិក្សាទៅធ្វើការងារគេអត់កើត ចឹងទេគុណភាពអប់រំ ត្រូវដើរតួនាទីសំខាន់ ដើម្បីឲ្យធនធានមនុស្សយើងចេញទៅ ធ្វើការងារឲ្យគេបាន ធ្វើការតាមក្រសួង ស្ថាប័នរដ្ឋ ក្រុមហ៊ុនឯកជនជាតិ និងអន្តរជាតិ គឺគេព្រមទទួលយកយើង ព្រោះសមត្ថភាពយើងអាចទទួលយកបាន។
សូមបញ្ជាក់ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិលើកទី១ មានបេក្ខជនប្រឡងជាប់ត្រឹមតែ ២៣.១២៦នាក់ ស្មើនឹង ២៥,៧២ភាគរយ ក្នុងចំណោមបេក្ខជនប្រឡងសរុប ៨៩.៩៣៧នាក់។ បេក្ខជនជាប់និទ្ទេស (A) ទូទាំងប្រទេសមានចំនួន ១១នាក់, ( B ) ២៨០នាក់៕