របៀបវារៈធំទាំង ៤ នឹងដាក់លើតុចរចានៅថ្ងៃអង្គារនេះ
សារព័ត៌មាន Cambodia News/
ភ្នំពេញ (២២ កក្កដា ២០១៤) ៖ ជំនួបថ្នាក់ដឹកនាំកំពូលជាផ្លូវការ ដើម្បីរកដោះស្រាយ វិបត្តិនយោបាយ នឹងប្រព្រឹត្តឡើងនាវេលាម៉ោង ៩ព្រឹក នាថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤ នាវិមានព្រឹទ្ធសភា ដឹក នាំដោយលោក នាយករដ្ឋមន្ត្រី ហ៊ុន សែន និង លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ ។
ជំនួបកំពូលដោយផ្ទាល់ និង តទល់មុខគ្នា ជាលើកទី២នេះ សុទ្ធតែត្រូវបានភាគីទាំងពីរ អះអាងពីប្តេជ្ញាចិត្តខ្ពស់ ឆ្ពោះទៅរកការបញ្ចប់ជម្លោះ ឱ្យបានមុនខួប ១ឆ្នាំ នៃការជាប់គាំង ពោលគឺក្រោយថ្ងៃបោះឆ្នោត ២៨ កក្កដា ឆ្នាំ ២០១៣។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរួមរវាងគណបក្សទាំងពីរ នៅថ្ងៃទី ២០ ខែកក្កដា ឆ្នាំ២០១៤។ ជំនួបជាប្រវត្តិសាស្ត្រនៅថ្ងៃនេះ នឹងមានសមាសភាព៨រូបម្ខាង ដែលគណបក្សប្រជាជនកម្ពុជាមានលោក ហ៊ុន សែន អនុប្រធានគណបក្សប្រជាជនកម្ពុជា លោក សាយ ឈុំ ឧបនាយករដ្ឋមន្រ្តី ស ខេង លោក ប្រាក់ សុខុន លោក ព្រំ សុខា លោក សោម សឿន លោក កើត រិទ្ធ និងលោក សក់ សេដ្ឋា។
ចំណែកឯខាងតំណាងគណបក្សសង្គ្រោះជាតិរួមមាន លោក សម រង្ស៊ី លោក កឹម សុខា លោក ប៉ុល ហំម លោក យ៉ែម បុញ្ញឬទ្ធិ លោក អេង ឆៃអ៊ាង លោក គួយ ប៊ុនរឿន លោក សុន ឆ័យ និងលោកយឹម សុវណ្ណ។ ការចរចានយោបាយដោយមេដឹកនាំកំពូលនៃគណបក្សជាប់ឆ្នោតទាំងពីរ នៅថ្ងៃអង្គារនេះនឹងផ្តោតទៅ កំណែទម្រង់ការបោះឆ្នោត កាលបរិច្ឆេទការនៃថ្ងៃបោះឆ្នោត កំណែទម្រង់ក្នុងស្ថាប័នរដ្ឋសភា និងកំណែទម្រង់ស្ថាប័នជាតិ ទាំងនេះជារបៀបវារៈធំទាំង៤ដែលមេដឹកនាំកំពូលនឹងអាចសម្រេចបញ្ចប់នៅថ្ងៃនេះ៕