កូរ៉េខាងត្បូងចាប់ខ្លួនទាហានម្នាក់ដែលសម្លាប់សមាជិកក្នុងអង្គភាពខ្លួនឯង៥នាក់
សារព័ត៌មាន Cambodia News/
កូរ៉េខាងត្បូង (២៤ មិថុនា ២០១៤) ៖ បុរសម្នាក់ដែលត្រូវបានគេស្គាល់ថា ឈ្មោះ លីម(Lim) និងជាទាហានមួយរូបទើបតែចូលបម្រើការជាកងទ័ព ត្រូវបានកងទ័ពកូរ៉េខាងត្បូងចាប់ខ្លួន បន្ទាប់ពីបានបាញ់សម្លាប់ សមាជិកក្នុងអង្គភាពខ្លួនឯងចំនួន៥នាក់ និង៧នាក់ផ្សេងទៀតរងរបួស ។
ការចាប់ខ្លួន ធ្វើឡើងកាលពីរសៀលថ្ងៃចន្ទនេះ ស្ថិតនៅភាគឦសាននៃខេត្ដ Gangwon បន្ទាប់ពីជនល្មើសខាងលើ បានប៉ុនប៉ងបាញ់សម្លាប់ខ្លួនឯងតែមិនបានសម្រេច។
បើតាមប្រភពព័ត៌មានបានឱ្យដឹងថា ក្រោយពេលដែលបុរសខាងលើ បានរត់គេចចេញពីអង្គភាព មកដល់ខេត្ដ Gangwon ជនល្មើសក៏ត្រូវបានកងទ័ពតាមចាប់ខ្លួន ហើយដោយឃើញសភាពធ្ងន់ធ្ងរបុរសរូបនេះ បានបាញ់សម្លាប់ខ្លួនឯង ប៉ុន្ដែមិនបានសម្រេចឡើយ គ្រាន់តែរងរបួសប៉ុណ្ណោះ។
គួរបញ្ជាក់ថា បុរសដែលបានចាប់ខ្លួន បានធ្វើសកម្មភាពបាញ់សម្លាប់សមាជិក ក្នុងអង្គភាពខ្លួនឯងចំនួន៥នាក់ និង៧នាក់ផ្សេងទៀតរងរបួស។ ការលួចវាយប្រហារបាញ់សម្លាប់នេះ ធ្វើឡើងកាលពីថ្ងៃសៅរ៍សប្ដាហ៍មុន ស្ថិតនៅជិតតំបន់ព្រំដែនជាមួយកូរ៉េខាងជើង។
ដោយឡែកទាក់ទងនឹងមូលហេតុ នៃការធ្វើសកម្មភាពបាញ់សម្លាប់ គេនៅមិនទាន់ដឹងទេថា ដោយសារមូលហេតុអ្វី ហើយជនល្មើសក៏មិនទាន់អាចសួរចម្លើយបានដែរ ព្រោះកំពុងព្យាបាលរបួស៕