ក្រុមហ៊ុនស៊ីនទ្រី ផ្អាក់ប្រមូលសំរាម រយៈពេល ៥ថ្ងៃ
សារព័ត៌មាន Cambodia News/
ភ្នំពេញ (១២ មេសា ២០១៤) ៖ យោងតាមសេចក្ដីជូន ដំណឹងរបស់សាលារាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែមេសា បានឲ្យដឹង ដោយយោងតាមអនុ ក្រឹត្យ លេខ៤៨៧ អនក្រ.បក ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៤ គឺអនុញ្ញាត្ដឲ្យមន្ដ្រីរាជការ នយោជិត កម្មករ-កម្មការនី នៃព្រះរាជាណាចក្រកម្ពុជា បានឈប់សំរាក ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិចំនួន០៣ថ្ងៃ គឺចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៤។
សេចក្ដីជូន ដំណឹងរបស់សាលារាជធានីភ្នំពេញ បានឲ្យដឹងបន្ដ ថា កម្មករ-កម្មការនី របស់ក្រុមហ៊ុនស៊ីនទ្រី ក៏ត្រូវបាន អនុញ្ញាត្ដឲ្យឈប់សំរាក រយៈពេល០៣ថ្ងៃដែរ ដើម្បីបានទៅ ចូលរួមបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។ ដូច្នេះ ការផ្ដល់សេវា ប្រមូល និងដឹកជញ្ជូនសំរាម នៅរាជធានីភ្នំពេញ នឹងមិនបានពេញលេញ ដូចថ្ងៃធម្មតាចំនួន០៥ថ្ងៃ គឺចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៤ ដោយសារតែកម្មករ-កម្មការនី របស់ក្រុមហ៊ុនស៊ីនទ្រី ត្រូវបានអនុញ្ញាត្ដឲ្យឈប់សំរាក។
ក្នុងរយៈពេលថ្ងៃ០៥ ដែលការប្រមូលសំរាម មិនពេញលេញនេះ សាលារាជធានីភ្នំពេញ អំពាវនាវ ឲ្យពលរដ្ឋទាំងអស់ វេចខ្ចប់ និងទុកដាក់សំរាមឲ្យបាន ត្រឹមត្រូវ ចៀសវាង បញ្ចេញសំរាម មកតាមទីសាធារណៈ ដែលអាច ធ្វើឲ្យប៉ះពាល់ ដល់សណ្ដាប់ធ្នាប់សាធារណៈ អនាម័យ សោភ័ណភាព និងបរិស្ថានទីក្រុង។
សាលារាជធានីភ្នំពេញ បានបញ្ជាក់ ថា ការផ្ដល់សេវាប្រមូល និងដឹកជញ្ជូនសំរាម នឹងដំណើរការ ជាធម្មតាវិញ នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៤៕