អង្គភាព ប្រឆាំង អំពើពុករលួយថៃ ទុកពេល ១៥ ថ្ងៃ ឲ្យនាយករដ្ឋមន្រ្តី
សារព័ត៌មាន Cambodia News/
ថៃ(១៤ មិនា ២០១៤)៖ អង្គភាពប្រឆាំងអំពើពុករលួយថៃ មានសម្លេងឯកឆន្ទ ទុកពេល ១៥ ថ្ងៃ ឲ្យនាយករដ្ឋមន្រ្តី យីងឡាក់ ឡើងការពារ ខ្លួន ករណី គម្រោងទិញស្រូវពីកសិករ មានភាពមិនប្រក្រតី។
យោងតាមគេហទំព័រ Thai News នៅថ្ងៃ សុក្រ ទី ១៤ ខែ មីនា ឆ្នាំ ២០១៤ នេះបានចុះផ្សាយឲ្យថា លោកស្រី យីងឡាក់ ស៊ីណាវ៉ាត់ នាយករដ្ឋមន្រ្តី (ចាំផ្ទះ) ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ សម្រេចដោយសំឡេងឯកឆន្ទ កោះហៅឲ្យទៅបំភ្លឺ ករណី គម្រោងទិញស្រូវពីកសិករ មានភាពចម្រូងចម្រាស់ ក្នុងរយៈ ១៥ ថ្ងៃទៀត បន្ទាប់មេធាវី របស់លោកស្រី យីងឡាក់ ដាក់លិខិត សុំពន្យារពេល ៤៥ ថ្ងៃ សម្រាប់ការចូល ខ្លួនឆ្លើយបំភ្លឺ។
មន្រ្តីអង្គភាព ប្រឆាំងអំពើពុករលួយថៃ បានអះអាងថា បើនាយករដ្ឋមន្រ្តី គ្មានទឡ្ហីករណ៍គ្រប់គ្រាន់ ក្នុងការឆ្លើយបំភ្លឺ យោង តាមការចោទប្រកាន់ របស់បក្សប្រឆាំង ដែលបានដាក់ពាក្យបណ្តឹង មកកាន់អង្គភាពប្រឆាំងអំពើពុករលួយ ថារាជរដ្ឋាភិបាល បានចុះហត្ថលេខា លើគម្រោងទិញស្រូវពីកសិករ នាំឲ្យមានការពុករលួយយ៉ាងស៊ីជម្រៅ ដូច្នេះ នាយករដ្ឋមន្រ្តី និង គណៈរដ្ឋមន្រ្តី ប្រឈមមុខ នឹងការកាត់ទោស កាត់សិទ្ធិនយោបាយរយៈពេល ៥ ឆ្នាំ៕