លោក ហ៊ុន សែន ថា ទីលានប្រជាធិបតេយ្យនឹងត្រូវចែកជាពីរបក្សពេលធ្វើបាតុកម្ម
សារព័ត៌មាន Cambodia News/
ព្រះសីហនុ(២៦ កុម្ភៈ ២០១៤)៖ បន្ទាប់ពីកម្ពុជា ត្រូវបានប្រទេសមហាអំណាចដែលកាន់លទ្ធិប្រជាធិបតេយ្យ រិះគន់នឹងបម្រាមមិនឲ្យប្រជាពលរដ្ឋជួបជុំតវ៉ានៅទីសាធារណៈនោះ ក្នុងពេលចុះទៅសម្ពោធរោង ចក្រអគ្គិសនីដើរដោយធ្យូង ថ្ម នៅខេត្តព្រះសីហនុ នាថ្ងៃទី២៥ ខែកុម្ភៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាឲ្យដកបម្រាមធ្វើបាតុកម្ម។
ជាមួយនឹងការដកបម្រាមរបស់ អាជ្ញាធររាជធានីភ្នំពេញ ដែលហាមមិនឲ្យមនុស្សម្នាជួបជុំគ្នាលើសពី ១០នាក់ ដើម្បីធ្វើការតវ៉ាណា លោក ហ៊ុន សែន ព្រមានថា អ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា នឹងធ្វើការតវ៉ាដំណាលគ្នាដែរ បើសិនជាបាតុកម្មក្រុមម្ខាងទៀតធ្វើឡើង ដោយមានចរិតនយោបាយនោះ។
ទាក់ទង នឹងបញ្ហានេះ មន្ត្រីជាន់ខ្ពស់របស់អង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត បានសម្ដែងការព្រួយបារម្ភថា អាចនឹងមានហិង្សា ឬការប៉ះទង្គិចណាមួយកើតឡើង បើសិនជាមានការធ្វើបាតុកម្មដំណាលគ្នា រវាងអ្នកគាំទ្របក្សកាន់អំណាច និងអ្នកគាំទ្របក្សប្រឆាំងនោះ៕