បាតុករ​ក្នុង​ប្រទេស​​ថៃ​ត្រៀម​​បិទ​​ផ្លូវ​នៅ​ទីក្រុង​​បាកក​នៅ​សប្តាហ៍​ក្រោយ

បាតុករ​ប្រឆាំង​រដ្ឋា​ភិបាល​​​រាប់​ពាន់​នាក់​ នៅ​​ប្រទេស​ថៃ​បាន​ដង្ហែ​ក្បួន​តាម​បណ្តា​ដង​ផ្លូវ​​​ក្នុង​ទីក្រុង​បាងកក ​ក្នុង​ខណៈ​ពេល​ដែល​ពួក​គេ​កំពុង​​ត្រៀម​រៀប​ចំ​ការ​ប៉ុន​ប៉ង​​​បិទ​រាជ​ ធានី​នេះ។

​បាតុករ​និយាយ​ថា​ នៅ​សប្តាហ៍​​ក្រោយ​ពួក​គេនឹងធ្វើ​ឲ្យ​ទីក្រុង​បាង​កក​ឈប់​ដំណើរ​ការ​​ ដោយ​ការ​ធ្វើ​បាតុកម្ម​​​នៅ​តាម​ផ្លូវ​​​ប្រសព្វ​សំខាន់ៗ ដែល​ការ​ធ្វើ​ដូច្នេះ គឺ​ជាផ្នែក​មួយ​នៃ​យុទ្ធនាការ​​​​បណ្តេញ​​រដ្ឋា​ភិបាល​​​ដឹក​នាំ​ដោយ លោកស្រី យីងឡាក់ ស្ហ៊ីណាវ៉ាត្រ។

​ហ្វូង​បាតុករ​ ដែល​ចោទ​លោក​ស្រី យីងឡាក់ ថា​ជា​​ឈ្នាន់​របស់​លោក ថាក់​ស៊ីន ស្ហ៊ីណាវ៉ាត្រ (អតីត​នាយក​រដ្ឋ​មន្ត្រី​ថៃ និង​ជា​បង​ប្រុស​​របស់​លោក​ស្រី​យីងឡាក់​កំពុង​និរទេស​ខ្លួន​​​​​ទៅ​ក្រៅ​ ប្រទេស​) ​មាន​បំណង​បញ្ឈប់​ការ​បោះ​ឆ្នោត ដែល​គេ​គ្រោង​នឹងរៀប​ចំ​ធ្វើ​​ទៅ​នៅ​ខែ​កុម្ភៈ​ឆ្នាំ​២០១៤នេះ។

បាតុករ ​ទាំង​នោះ​​ចង់​​​ឲ្យ​មាន​ការ​តែង​តាំង ​ក្រុម​ប្រឹក្សា​មហាជន ​ដើម្បី​ត្រួត​ពិនិត្យកំណែ​ទម្រង់​នយោបាយ មុន​ពេល​​មាន​ការ​បោះឆ្នោត​នៅ​ថ្ងៃ​អនាគត។

បាតុកម្ម​ជា​បន្ត​បន្ទាប់​ នៅ​ប្រទេស​ថៃ ដែល​កើត​​មាន​ឡើង​តាំងពី​ខែ​វិច្ឆិកា ឆ្នាំ២០១៣ គឺ​ជា​បាតុកម្ម​​ដ៏​ធំបំផុត​​ក្នុង​ប្រទេស​ថៃ បើ​រាប់​ពី​ឆ្នាំ២០១០​ ដែល​ពេល​នោះ បាតុករ​គាំទ្រ លោក​ថាក់​ស៊ីន បាន​ព្យាយាម​ធ្វើ​បាតុកម្ម​ទម្លាក់​រដ្ឋា​ភិបាល​ជំនាន់​នោះ​ដឹក​នាំ​ដោយ​ គណបក្ស​ប្រជា​ធិបតេយ្យ​៕ (Radio Australia)

Related Articles

Back to top button
Close
Close