តុលាការសម្រេចមិនឃុំខ្លួននារីម្នាក់ដែលចាក់សង្សារពេលបង្ខំរួមភេទដោយមិនប្រើស្រោម
ភ្នំពេញ៖ កាលពីថ្ងៃទី៤ កក្កដា ២០១២ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចមិនឃុំខ្លួន នារីវ័យ ១៧ឆ្នាំម្នាក់ ដែលបានចាក់សង្សាររបស់ខ្លួន ដោយប្រើកូនចុងស្រួច។ មូលហេតុដែលសម្រេចមិនឃុំខ្លួននេះ គឺតុលាការសំអាងលើជនរងគ្រោះ បានដកពាក្យបណ្តឹង និងសូមឱ្យដោះលែងនារីរូបនេះឱ្យមានសេរីភាពវិញ ដោយសារតែកំហុសនេះ ក៏បណ្តាលមកពីភាគីជនរងគ្រោះ ដែលពុំព្រមពាក់ស្រោមអនាម័យពេលរួមភេទ។
ចំពោះករណីខាងលើនេះ សាធារណៈបានចាត់ទុកថា ការសម្រេចនេះ មានតម្លាភាព និងយុត្តិធម៌ប្រកបដោយសុភវិនិច្ឆ័យ ហើយករណីនេះ ក៏ជាបទពិសោធន៍មួយសម្រាប់បុរស និងយុវជន ដែលគួរគប្បីគោរពសិទិ្ធនារីជាដៃគូ ជាសង្សារ ឬ ជាភរិយា។
នារីរូបនេះឈ្មោះ ឡាន់ ដាវ អាយុ ១៧ឆ្នាំ មានទីលំនៅក្នុងខណ្ឌឫស្សីកែវ បានត្រូវសមត្ថកិច្ចប៉ូលិសខណ្ឌឫស្សីកែវ ឃាត់ខ្លួនកាលពីរសៀលថ្ងៃទី១ កក្កដា ២០១២ នៅចំណុចផ្ទះសំណាក់មង្គលរតនៈ ដែលមានទីតាំងស្ថិតនៅក្រុម១ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ។
ដើមចម ដែលនាំឱ្យមានការឃាត់ខ្លួននេះ គឺនៅថ្ងៃកើតហេតុជនរងគ្រោះ បានដឹកនារីរូបនេះ មកដេកនៅផ្ទះសំណាក់ខាងលើ។ មួយសន្ទុះក្រោយមក ក៏បានរួមភេទជាមួយនាង តែនារីរូបនេះ បានប្រាប់ជនរងគ្រោះថា ឱ្យពាក់ស្រោមទៅ ចៀសវាងមានកូន។ ក្រោយការនិយាយមិនត្រូវរ៉ូវគ្នាក៏កើតជាទំនាស់បង្កជាពាក្យសម្ដី រហូតធ្វើឱ្យនារីរូបនេះ ទ្រាំមិនបាន ឈានដល់យកកូនកាំបិតចុងស្រួច ចាក់ទៅលើដៃជនរងគ្រោះតែម្ដង។
នៅដំណាក់កាលនេះ នារីរូបនេះបានឱ្យដឹងថា នាងគ្មានចេតនា ចាក់ដៃគូឱ្យរងរបួសទេ ដោយសារតែដៃគូបង្ខំចាប់នាងឱ្យរួមភេទ ទាំងមិនព្រមពាក់ស្រោម ដោយនាងខ្លាចឆ្លងរោគ និងមានកូនផងនោះ នាងក៏បានយកកាំបិត ចាក់ទៅលើដៃគូតែម្ដងទៅ៕