សកម្មជនបក្សប្រឆាំងថៃចង់ក្រសោបវិមានរដ្ឋាភិបាល
បាតុករ ប្រមាណពីរពាន់នាក់ ជានិស្សិត បានសាកល្បងដាក់សម្ពាធយ៉ាងខ្លាំងលើកម្លាំងប៉ូលិស នៅល្ងាចថ្ងៃសៅរ៍នេះ ដោយនាំគ្នាបន្តុកបាវខ្សាច់ឱ្យខ្ពស់ឡើង ដើម្បីងាយឆ្លងរបងលួស ។ ប៉ុន្តែជាចម្លើយតបនឹងការប៉ុនប៉ងវាយលុករនាំងលួស និងកម្លាំងរក្សាសន្តិសុខ ប៉ូលិសបានប្រើវិធីសាស្ត្រចរចា ដើម្បីការពារវិមានរដ្ឋាភិបាលដែលជាទីស្នាក់ការអំណាចប្រតិបត្តិ។ អ្នកនាំពាក្យប៉ូលិស ក៏បានឱ្យដឹងបន្ថែមទៀតថា មានផ្ទុះអំពើហិង្សានៅជាច្រើនកន្លែងផ្សេងទៀត ព្រមទាំងមានការបញ្ជូនបាវខ្សាច់ឆ្ពោះទៅវិមានរដ្ឋាភិបាលផង។
ក្នុង ពេលទន្ទឹមគ្នានេះ រថយន្តក្រុងដឹកក្រុមអាវក្រហមមួយគ្រឿង បានរងការវាយបំផ្លាញពីសំណាក់បាតុករ។ ក៏មានការប៉ះទង្គិចគ្នាដែរ នៅទីលានពហុកីឡាដ្ឋានជាតិក្រុងបាងកក ទីដែលពួកអាវក្រហម អ្នកគាំទ្ររដ្ឋាភិបាលរាប់ពាន់កំពុងជួបប្រជុំគ្នា។ ម្ខាងៗបានគប់ដបជ័រដាក់គ្នាទៅវិញទៅមកឆ្លងរបងស្តាត ឯប៉ូលិសវិញមិនបានធ្វើអន្តរាគមន៍អ្វីក្នុងស្ថានការណ៍នេះ និងក៏គ្មានតុល្យការបញ្ជាក់ពីជនរងគ្រោះដែរ។
ចំណែករដ្ឋាភិបាលវិញ បានជ្រើសរើស ការមិនប្រើហិង្សា ! ទោះបីជាប្រមុខចលនាដឹកនាំបាតុកម្ម ស៊ូថេបថងស៊ូបាន ត្រូវបានតុលាការចេញដីកាតាមចាប់ខ្លួន និងបានចេញមុខប្រកូកប្រកាសធ្វើបាតុកម្មធំផ្តួលរដ្ឋាភិបាលនៅ អាទិត្យទី១ធ្នូឱ្យបានយ៉ាងណាក្តី ក៏គ្មានឃើញប៉ូលិសណាចេញមុខទៅចាប់។
លោកស្រី នាយករដ្ឋមន្ត្រីតាមរយៈកញ្ចក់ទូរទស្សន៍នៅល្ងាចថ្ងៃសៅរ៍ អំពាវនាវឱ្យបាតុករត្រលប់ទៅផ្ទះ បញ្ឈប់សកម្មភាព ព្រោះរដ្ឋាភិបាល មិនប្រើកម្លាំងបាយ មិនដាក់ឱសានវាទ ឬធ្វើអ្វីឱ្យមានអ្នករងរបួសទេ។ លោកស្រីយីងឡាក់ បានប្រើយុទ្ធសាស្ត្រស្រទន់ ព្រោះមិនចង់ធ្លាក់ក្នុងអន្ទាក់របស់បក្សប្រឆាំងដូចឆ្នាំ២០១០ ហើយម្យ៉ាងទៀត លោកស្រីត្រូវទ្រាំអត់ធ្មត់ឱ្យបានដល់ថ្ងៃទី៥ធ្នូ ដែលទំនងជាអាចជួយបំបែកហ្វូងបាតុករបាន ព្រោះប្រជារាស្ត្រថៃដែលគោរពព្រះមហាក្សត្រដូចព្រះ មិនមើលរំលង ថ្ងៃខួបកំណើតព្រះមហាក្សត្រទេ៕ដោយ អៀង សុខម៉ិញ (RFI)