សភាប្រពៃណី​អាហ្វហ្កានីស្ថាន​គាំទ្រ​ឲ្យ​​ទ័ព​អាមេរិក​បន្ត​ស្ថិតនៅ​ក្រោយ​ឆ្នាំ ២០១៤

នៅក្រោយ ​ជួប​ប្រជុំ​រយៈពេល​៤ថ្ងៃ សភា​បុរាណ​អាហ្វហ្កានីស្ថាន​ឈ្មោះ Loya Jirga ដែល​មាន​អ្នកតំណាង​មក​ពី​គ្រប់​តំបន់​នៅអាហ្វហ្កានីស្ថាន​ចូលរួម បាន​ប្រកាស កាលពី​ថ្ងៃ​អាទិត្យ ​គាំទ្រ​ឲ្យ​មាន​កិច្ចព្រមព្រៀង​ទ្វេភាគី​ដើម្បី​សន្តិសុខ​ជាមួយ​អាមេរិក។ កិច្ចព្រមព្រៀង​ទ្វេភាគី​ដែល​នឹង​បើក​ផ្លូវ​ឲ្យ​កងទ័ព​អាមេរិក​ប្រមាណ​ជាង​ មួយម៉ឺននាក់ នៅ​បន្ត​ស្ថិតនៅក្នុង​ប្រទេស​អាហ្វហ្កានីស្ថាន នៅក្រោយ​ការដកទ័ព​បរទេស នៅចុងឆ្នាំ ២០១៤។

ម្នាក់ម្តងៗ អ្នកតំណាងមក​ពី​​គណៈកម្មការចំនួន​៥០​នៃ​សភា​បុរាណ​អាហ្វហ្កានីស្ថាន​បាន​ឡើង ​សំដែងមតិ​គាំទ្រ​កិច្ចព្រមព្រៀង​ទ្វេភាគី​ដើម្បី​សន្តិសុខ​ជាមួយ​អាមេរិក។ ពួកគេ​បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាលរបស់​លោក​អាមីដ កាហ្សៃ​​​ចុះ​ហត្ថលេខា​បាន​ឆាប់​បំផុត ជាមួយ​អាមេរិក។ គំនិត​នេះ​គឺ​មិន​ខុស​ពី​ការចង់​បាន​របស់​ទីក្រុង​វ៉ាស៊ីនតោន​ ដែល​ចង់​ឲ្យ​កិច្ចព្រមព្រៀង​សន្តិសុខ​ជាមួយ​អាហ្វហ្កនីស្ថាន លេចចេញ​ជា​រូបរាង​នៅមុន​ដំណាច់​ឆ្នាំ ២០១៣នេះ។

ប្រសិន​បើ​អាហ្វហ្កានីស្ថាន​ចុះ​កិច្ចព្រមព្រៀង​ទ្វេភាគី​ដើម្បី​ សន្តិសុខជាមួយ​អាមេរិក នោះ ​ទាហាន​​អាមេរិក​ប្រមាណ​១ម៉ឺន ៥ពាន់នាក់​នឹង​អាច​បន្តស្ថិតនៅ​អាហ្វហ្កានីស្ថាន នៅ ក្រោយ ការដក​កងទ័ព​បរទេស នៅ​ចុងឆ្នាំ ២០១៤។ បេសកកម្ម​របស់​ពួកគេ​គឺ​​បន្ត​បណ្តុះបណ្តាល​កងទ័ព​អាហ្វហ្កានីស្ថាន និង​ប្រយុទ្ធប្រឆាំង​នឹង​ក្រុមភេរវកម្ម នៅ​អាហ្វហ្កានីស្ថាន។

បើទោះបី​ជាមាន​ការគាំទ្រ​ពី​សភា​ប្រពៃណី​ ប៉ុន្តែ កិច្ចព្រមព្រៀង​ទ្វេភាគី​ដើម្បី​សន្តិសុខ​មិន​ងាយ​នឹង​ចេញ​ជារូបរាង​បាន​ ឆាប់ៗទេ។ កិច្ចព្រមព្រៀង​ត្រូវសភា​បោះឆ្នោត​ទទួល​ស្គាល់​ជាមុន​សិន មុន​នឹង​ត្រូវ​​​លោកប្រធានាធិបតី​​ចុះ​ហត្ថលេខា​ដាក់​ឲ្យ​ប្រើប្រាស់។ លោក​ អាមីដ កាហ្សៃ ប្រធានាធិបតី អាហ្វហ្កានីស្ថាន ដែល​ពីដំបូង​ទី​ធ្លាប់​បាន​បញ្ជាក់​សារៈសំខាន់​នៃ​កិច្ចព្រមព្រៀង​សន្តិសុខ​ ជាមួយ​អាមេរិក​ បាន​​អះអាងថា លោក​មិន​អាច​ចុះ​ហត្ថលេខានៅ​មុន​ដាច់​ឆ្នាំនេះ​ទេ ដោយ​ចាំ​ឲ្យ​អ្នកស្នង​តំណែង​បន្ត​ពីលោក នៅ​ខែ​មេសា​ឆ្នាំក្រោយ​ជា​អ្នក​ចុះ​ហត្ថលេខាវិញ។ ​ឬមួយ​ក៏​លោក​​ទាមទារ​ឲ្យ​អាមេរិក​គោរព​លក្ខខណ្ឌ​មួយចំនួន​ជាមុនសិន​ មុន​នឹង​ឲ្យ​លោក​ចុះ​ហត្ថលេខា។ នោះ​គឺ​ទ័ព​អាមេរិក​មិន​ត្រូវ​ចូល​ឆែកឆេរ​ក្នុង​ផ្ទះ​របស់​ប្រជាជន​ អាហ្វហ្កានីស្ថាន។ ទីពីរ​ទៀត កងទ័ព​អាមេរិក​ដែល​ប្រព្រឹត្ត​បទឧក្រិដ្ឋ​នៅ​អាហ្វហ្កានីស្ថាន ត្រូវ​កាត់ទោស​ដោយ​តុលាការ​អាមេរិក​ដែល​​ស្ថិតនៅក្នុង​មូលដ្ឋាន​ទ័ព​អាមេរិក នៅក្នុង​ទឹកដី​អាហ្វហ្កានីស្ថាន។ នេះ​ជាចំណុច​រសើប ព្រោះ​នៅក្នុង​រឿងនេះដែរ អាមេរិក​បាន​សម្រេច​ដក​ទ័ព​ទាំងអស់​ចេញ​ពី​អ៊ីរ៉ាក់ មិន​ទុកម្នាក់ បន្ទាប់ពី​រដ្ឋាភិបាល​អ៊ីរ៉ាក់​បដិសេធ​មិន​ផ្តល់​អភ័យ​ឯកសិទ្ធិ​ដល់​ទាហាន​ អាមេរិកាំង​ដែល​ប្រព្រឹត្ត​បទល្មើស​នៅក្នុង​ប្រទេស​អ៊ីរ៉ាក់។ អាមេរិក​បាន​​ទាមទាររួចហើយ ​ឲ្យ​មាន​អភ័យឯកសិទ្ធិ​សម្រាប់​ទាហាន​របស់ខ្លួន ដែល​​ត្រូវ​បន្ត​ស្ថិតនៅ​អាហ្វហ្កានីស្ថាន។

តាម​អ្នកវិភាគ ការទាមទារ​របស់​លោក​ប្រធានាធិបតី​អាមីដ កាហ្សៃ គ្រាន់តែជា​លេសដែល​លោក​ប្រើ​​ដើម្បី​ថែរក្សា​មុខមាត់​ កុំ​ឲ្យ​គេ​រិះគន់​ថា លោកខ្លាច​អាមេរិក។ ប៉ុន្តែ តាម​ការពិត​ជាក់ស្តែង គឺ​លោក​ប្រធានាធិបតី​អាហ្វហ្កានីស្ថាន​ដែល​ជាអ្នក​ទទូច​សុំ​ឲ្យ​ទ័ព​អាមេរិក ​បន្ត​នៅ​អាហ្វហ្កានីស្ថាន។ សេតវិមាន​វិញ​ព្រមាន​មិន​ផ្តល់​ជំនួយ​យោធា ក្នុងករណី​​​អាហ្វហ្កានីស្ថាន​ខកខាន​ មិន​អាច​បោះឆ្នោត​អនុម័ត​លើ​ កិច្ចព្រមព្រៀង​នៅ​ចុងឆ្នាំនេះ។

ក្រុមតាលីបង់​ដែល​ត្រូវ​ទ័ព​បរទេស និង​អាមេរិក បណ្តេញ​ចេញពី​អំណាច នៅ​អាហ្វហ្កានីស្ថាន នៅឆ្នាំ ២០០១ បាន​ថ្កោលទោស កាលពីថ្ងៃ​អាទិត្យ ​លើ​ការគាំទ្រ​របស់​សភា​ប្រពៃណី​អាហ្វហ្កានីស្ថាន ដែល​បើតាម​ពួកគេ​ធ្វើឡើង​ដោយ​ក្រុមមនុស្ស​ដែល​ជួល​ដោយ​អាមេរិក ឬ​ជាគ្នីគ្នា​របស់​រដ្ឋាភិបាល​បច្ចុប្បន្ន។ នៅ​មុន​ពេល​បើក​សភា​ ប្រពៃណី Loya Jirga ពួក​តាលីបង់​ធ្លាប់​បាន​គំរាម​វាយប្រហារ​ទៅលើ​ក្រុម​អ្នកតំណាង​សភាណា ដែល​បោះឆ្នោត​គាំទ្រ​ឲ្យ​មាន​កិច្ចព្រមព្រៀង​សន្តិសុខជាមួយ​អាមេរិក៕​ ដោយ ឈាង បុប្ផា (RFI)

Related Articles

Back to top button
Close
Close