លោក Xi Jinping ប្រធានរដ្ឋចិនជួបសន្ទនាតាមទូរស័ព្ទជាមួយលោក Burnham នាយករដ្ឋមន្ត្រីអង់គ្លេស
Cambodia News
នៅយប់ថ្ងៃទី ៨ ខែកញ្ញា លោក Xi Jinping ប្រធានរដ្ឋចិនបានជួបសន្ទនាតាមទូរស័ព្ទជាមួយលោក Burnham នាយករដ្ឋមន្ត្រីអង់គ្លេសតាមការណាត់។
លោក Xi Jinping បានសម្តែងការអបអរសាទរចំពោះលោក Burnham ដែលបានចូលកាន់តំណែងជានាយករដ្ឋមន្ត្រីអង់គ្លេស ព្រមនិងលើកឡើងថា ប្រទេសចិន និងអង់គ្លេស គឺជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ ទោះបីជាប្រទេសទាំងពីរមានប្រព័ន្ធសង្គម និងលក្ខខណ្ឌជាតិខុសគ្នាក៏ដោយ ប៉ុន្តែផលប្រយោជន៍រួមរបស់ប្រទេសទាំងពីរគឺលើសពីការខ្វែងគំនិតគ្នា ។ ភាគីទាំងពីរគួរតែគោរព និងជឿចិត្តគ្នាទៅវិញទៅមក ជម្នះការខ្វែងគំនិត ស្វែងរកភាពដូចគ្នាខណៈពេលដែលរក្សាទុកភាពខុសគ្នា ដើម្បីពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការដែលផ្តល់ផ្តល់ផលប្រយោជន៍ទៅវិញទៅមក។ ក្នុងនាមជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងអង្គភាពសេដ្ឋកិច្ចធំរបស់ពិភពលោក ទាំងប្រទេសចិន និងអង់គ្លេសសុទ្ធតែគាំទ្រពហុភាគីនិយម ពាណិជ្ជកម្មបើកចំហ និងរក្សាឋានៈជាស្នូលរបស់អង្គការសហប្រជាជាតិ។ ប្រទេសទាំងពីរគួរតែពង្រឹងការប្រាស្រ័យទាក់ទង និងកិច្ចសម្របសម្រួលក្នុងក្របខ័ណ្ឌនៃអង្គការសហប្រជាជាតិ ក្រុមប្រទេសG20 និងអង្គការWTOជាដើម ដើម្បីជំរុញពិភពលោកពហុប៉ូលដែលមានសមភាព និងសណ្តាប់ធ្នាប់ និងសកលភាវូបនីយកម្មសេដ្ឋកិច្ចដែលផ្តល់ផលប្រយោជន៍ទូទៅនិងបរិយាបន្ន។
លោក Burnham បានឯកភាពនឹងការលើកឡើងរបស់លោកXi Jinping ព្រមនិងថ្លែងថា អង់គ្លេសមានឆន្ទៈក្នុងការរក្សានិរន្តរភាពនៃគោលនយោបាយចំពោះប្រទេសចិន ព្រមនិងអភិវឌ្ឍយ៉ាងមុតមាំនូវទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រជាមួយប្រទេសចិនដែលប្រកបដោយស្ថិរភាពរយៈពេលវែង ។ គោលជំហររបស់អង់គ្លេសលើបញ្ហាតៃវ៉ាន់មិនបានផ្លាស់ប្តូរឡើយ។ ក្នុងបរិបទដែលស្ថានការណ៍អន្តរជាតិមានភាពច្របូកច្របល់ និងស្មុគស្មាញនាពេលបច្ចុប្បន្ន ក្នុងនាមជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខ ប្រទេសអង់គ្លេស និងចិនគួរតែជំរុញកិច្ចសន្ទនាដើម្បីដោះស្រាយបញ្ហាក្តៅលើផ្ទៃអន្តរជាតិ រួមគ្នាដោះស្រាយបញ្ហាបម្រែបម្រួលអាកាសធាតុនិងបញ្ហាប្រឈមសកលផ្សេងទៀត ក៏ដូចជាពួតដៃគ្នាដើម្បីរក្សាស្ថិរភាព និងវិបុលភាពរបស់ពិភពលោក៕
