អាវុធ​គីមី​របស់​ស៊ីរី​ត្រូវ​អង្គការ​អន្តរជាតិ​ចូល​គ្រប់គ្រង​បាន​ទាំង​ស្រុង

នៅមួយថ្ងៃ​មុន​កាលកំណត់ អង្គការ​អន្តរជាតិ​ដើម្បី​ការហាមឃាត់​អាវុធ​គីមី​បាន​ប្រកាស​ឲ្យ​ដឹង ជា​ផ្លូវការ កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី ៣១​តុលា ថា គេ​បាន​ចូល​គ្រប់គ្រង និង​បិទ​ចាក់សោរ មិន​ឲ្យ​រដ្ឋាភិបាល​ស៊ីរី​អាច​យក​វត្ថុធាតុ​គីមី និង​អាវុធ​គីមី​ទៅប្រើប្រាស់​ទៀត​បាន។ នេះ ជា​ដំណឹង​វិជ្ជមាន​មួយ សម្រាប់​សន្និសីទ​អន្តរជាតិ​ទីពីរ​ដើម្បី​ស្វែងរក​សន្តិភាព​នៅ​ស៊ីរី ដែល​ត្រូវ​ធ្វើ​នៅ​ហ្សឺណែវ នៅ​ចុងខែ​វិច្ឆិកានេះ។

អង្គការ ​ដើម្បី​ការហាមឃាត់​អាវុធ​គីមី បាន​ធ្វើការងារ​ឲ្យ​សក្តិសម​នឹង​រង្វាន់ណូបែល​សន្តិភាព​ដែល​ខ្លួន​បាន​ទទួល កាលពី​ដើម​ខែ​តុលា​នេះ។ នៅមុន​ពេល​កំណត់ ដែល​ត្រូវ​ចប់​ថ្ងៃ​ទី ១​វិច្ឆិកា អង្គការ​នេះ​បាន​បង្ហាញថា គេ​បាន​ចូលគ្រប់គ្រង​បាន​១០០​ភាគរយ​លើ​រាល់​វត្ថុធាតុ​គីមី ទាំង​ជាង ១០០០​តោន និង​អាវុធ​គីមី ២៩០​តោន​ផ្សេងទៀត​ដែល​រដ្ឋាភិបាល​ស៊ីរី មានស្តុក​រហូតមក។

តាមការពន្យល់​របស់​អ្នកនាំពាក្យ របស់​អង្គការ ដើម្បីការហាមឃាត់​អាវុធ​គីមី ដែល​មាន​ទីតាំង​នៅ​ទីក្រុង​ឡាអេ អំណើះតទៅ គ្រាប់បែក​គីមី​ទាំងអស់​នឹង​មិន​អាច​ចេញ​ពី​រោងចក្រ​ផលិតអាវុធ​របស់​ រដ្ឋាភិបាល​ស៊ីរី។ សមាជិក​របស់​អង្គការ​នេះ​បាន​ប្រើ​វិធីសាស្រ្ត​ជាច្រើន​ដែល​នឹង​អាច​រារាំង​ មិន​ឲ្យ​អ្នកជំនាញ​ស៊ីរី​លាយផ្សំ​ជាតិ​គីមី ដើម្បី​យក​ទៅ​ដាក់​នៅក្នុង​អាវុធ​គីមី។ ​គេ​បាន​ប្រើ​មធ្យោបាយ​ដែល​មាន​នៅ​នឹង​កន្លែង ដូចជា​ប្រើ​ញញួរ រណា ត្រាក់ទ័រ​កិនកម្ទេច ​បំផ្លាញ​សំភារៈ និង​រាល់ទីតាំង​ផលិត​អាវុធគីមី ដើម្បី​ធ្វើ​យ៉ាងណា​កុំ​ឲ្យ​គេ​អាច​យក​ទៅប្រើការ​ជាថ្មី​បាន​ទៀត។ ក្នុង​ចំណោម​ទីតាំង​ផលិត​អាវុធ​គីមី​ទាំង​២៣​ដែល​រដ្ឋាភិបាល​ស៊ីរី​បាន​ បង្ហាញប្រាប់ អង្គការ​អន្តរជាតិ​បាន​បិទ​ចាក់សោរ​ដែល​គេ​មិន​អាច​គាស់បាន ឬ​ក៏​ត្រូវ​បំផ្លាញ បាន​ចំនួន ២១ ទីតាំង នៅពេល​ដែល​ទីតាំង​ពីរ​ទៀត ត្រូវ​គេ​រាយការណ៍​ថា មាន​គ្រោះថ្នាក់ និង​គ្មាន​អាវុធ​គីមី​សំខាន់​ទៀតឡើយ។

យោងតាម​អ្នកនាំពាក្យ​​របស់​អង្គការ​ដើម្បីការហាមឃាត់​អាវុធ​គីមី ពីពេលនេះ ដល់​ថ្ងៃ​ទី ១៥​វិច្ឆិកា អង្គការ​ត្រូវ​រៀបចំ​បង្កើត​ផែនការ​មួយ​ដើម្បី​បំផ្លាញ​ អាវុធ​គីមី ឬ​ក៏ត្រូវ​បន្សាប​ឲ្យ​អស់​ប្រសិទ្ធិភាព នៅ​ស៊ីរី។ ប្រតិបត្តិ ការ​បំផ្លាញ​ទាំងស្រុង នឹង​ចាប់ផ្តើម​ពី​ពាក់កណ្តាល​ខែ​វិច្ឆិកា រហូត​ដល់​ថ្ងៃ​ទី ៣០​មិថុនា ឆ្នាំ ២០១៤។ ពោល​គឺ​ចាប់ពី​ខែ​មិថុនា​ឆ្នាំ​ក្រោយទៅ អាវុធ​គីមី​នឹង​លែង​មាន​តទៅទៀតហើយ នៅក្នុង​ប្រទេស​ស៊ីរី៕ដោយ ឈាង បុប្ផា (RFI)

Related Articles

Back to top button
Close
Close