៣ខែក្រោយការបោះឆ្នោត ប៉ូលីសចរាចរណ៍ក្នុងទីក្រុងភ្នំពេញផ្តើមផាកពិន័យជាថ្មី
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១ ខែវិច្ចការ នេះ លោក ចេវ ហាក់ នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញបានឲ្យដឹងថា ប៉ូលីសចរាចរណ៍ចាប់ផ្តើមផាកពិន័យអ្នកបើកបរយាន្តជំនិះគ្រប់ ប្រភេទក្នុងទីក្រុងភ្នំពេញ វិញហើយ ការវិលមករឹតបន្តឹងសណ្តាប់ធ្នាប់ចរាចរណ៍ជាថ្មីក្រោយថ្ងៃបោះឆ្នោតនេះ គឺព្រោះតែស្ថានភាពនយោបាយបច្ចុប្បន្នមានភាពធូរស្រាលមិនដូចក្នុងអំឡុង ពេលទើបបោះឆ្នោតរួចនោះឡើយ។
លោក ចែវ ហាក់ បានឲ្យដឹងទៀតថា មូលហេតុដែលនាំឲ្យប៉ូលិសផ្អាកការផាកពិន័យ ក្នុងអំឡុងពេលកន្លងទៅក៏ព្រោះតែកងកម្លាំងសមត្ថកិច្ចជាប់រវល់ការពារសន្តិសុខ សណ្តាប់ធ្នាប់ក្នុងទីក្រុង ខណៈដែលគណបក្សប្រឆាំងធ្វើមហាបាតុកម្ម និងកូដកម្មផ្សេងៗទៀត។ លោក ចែវ ហាក់ បានបន្តថា រហូតមកដល់ពេលនេះ ក៏នៅតែមានការពង្រឹងកងកម្លាំង នៅតាមកន្លែងខ្លះៗ ដើម្បីត្រួតពិនិត្យពីភាពប្រែប្រួលគ្រប់យ៉ាង ដែលអាចកើតមានផងដែរ។
មន្ត្រីប៉ូលិសចរចារណ៍ដដែល បានបន្ថែមថាប្រជាជនក្នុងពេលបច្ចុប្បន្ន បានយល់ដឹងច្រើនពីច្បាប់ចរាចរណ៍ ដូច្នេះទើបការផាកពិន័យមិនបានធ្វើជាទ្រង់ទ្រាយធំដុំ ដូចកាលពីមុន។ ប៉ុន្តែ ប៉ូលីសចរាចរណ៍ផ្លូវគោក នៅតែបន្តអនុវត្តច្បាប់នេះ រហូតប្រជាជនចេះគោរពច្បាប់ ឲ្យបានគ្រប់ៗគ្នា។
យ៉ាងណាក៏ដោយ ការបន្ធូរបន្ថយផ្នែកសណ្តាប់ធ្នាប់មួយរយៈនេះត្រូវបានមជ្ឈដ្ឋានខ្លះយល់ថា ជាការកាត់បន្ថយការខឹងសម្បាររបស់មហាជនចំពោះសមត្ថកិច្ចតែប៉ុណ្ណោះ។ មានការរិះគន់ថា ការអនុវត្តច្បាប់គ្រប់ប្រភេទគួរតែធ្វើគ្រប់ពេលវេលាដោយមិនត្រូវលើកលែងតាមកាលៈទេសៈឡើយ៕ នាង/Cambodia News