ក្រុមហ៊ុនស៊ីម៉ង់ត៍ធំជាងគេនៅកម្ពុជាផ្តល់ប្រាក់មួយសែនដុល្លារជូនជនរងគ្រោះទឹកជំនន់
ដោយ ហេង នាង
Cambodia News
ភ្នំពេញ (១៨ តុលា ឆ្នាំ ២០១៣)៖ ក្រុមហ៊ុនស៊ីម៉ង់ត៍កម្ពុជាចក្រីទីងដែលជារោងចក្រស៊ីម៉ង់ត៍ដ៏ធំជាងគេនៅក្នុងប្រទេសបានផ្តល់ប្រាក់ចំនួន ១០០.០០០ ដុល្លារអាមេរិកតាមរយៈកាកបាទក្រហមកម្ពុជាជូនដល់ជនរងគ្រោះដោយសារទឹកជំនន់។
នៅក្នុងកំឡុងពេលនៃការជួបសម្តែងការគួរសមជាមួយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា នៅឯទីស្នាក់ការកាកបាទក្រហមកម្ពុជានាទីក្រុងភ្នំពេញកាលពីដើមសប្តាហ៍នេះ លោកឧកញ៉ា លឹម រស់ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនស៊ីម៉ង់ត៍កម្ពុជាចក្រីទីង និងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន អេហ្សិត គ្រុប (AZ Group) ព្រមទាំងភរិយា គឺលោកជំទាវឧកញ៉ា សុទ្ធី ម៉ូនីកា អគ្គនាយិកា ក្រុមហ៊ុន Internet Online (Cogetel) បានប្រគល់ថវិកានេះជូនសម្តេចប្រធានកាកបាទក្រហមកម្ពុជាសម្រាប់ទុកជួយជនរងគ្រោះដោយសារទឹកជំនន់។
បើតាមរបាយការណ៍របស់គណកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានឲ្យដឹងថា យ៉ាងហោចណាស់ក៏មានមនុស្សចំនួន ១៤០ នាក់ដែរត្រូវបានប្រកាសថាស្លាប់ និងចំនួន ៣៧៧.០០០ នាក់ផ្សេងទៀតបានរងផលប៉ះពាល់ ដោយសារទឹកជំនន់នៅក្នុងខេត្តចំនួន ១៧ ចាប់តាំងពីសប្តាហ៍ទី៣នៃខែកញ្ញាមក។
លោកឧកញ៉ា លឹម រស់ បានប្រាប់សារព័ត៌មាន Cambodia News ថា “ដោយបានមើលឃើញនូវទុក្ខលំបាក និងមានសេចក្តីអាណិតអាសូរដល់បងប្អូនប្រជាជនកម្ពុជា ជាពិសេសប្រជាជនដែលបាននិងកំពុងរងនូវគ្រោះមហន្តរាយធម្មជាតិដោយសារទឹកជំនន់នាពេលបច្ចុប្បន្ន ក្រុមហ៊ុនយើងបានទទួលការអនុញាតដ៏ខ្ពង់ខ្ពស់ចូលជួបសម្តែងការគួរសមនិងប្រគល់អំណោយមនុស្សធម៌ជូនសម្តេចកិត្តិព្រឹទ្ធបណ្ឌិតនូវថវិកាចំនួន ១០០.០០០ ដុល្លារសហរដ្ឋអាមេរិកនៅរសៀលថ្ងៃទី ១៥ ខែតុលា ឆ្នាំ២០១៣”។
គួររំលឹកថា រោងចក្រស៊ីម៉ង់ត៍កម្ពុជាចក្រីទីងដែលមានទីតាំងនៅខេត្តកំពតគឺជាវិនិយោគរួមគ្នារវាងក្រុមហ៊ុន Cambodia’s Cement Construction Resource Co., Ltd ដែលជាសម្ព័ន្ធក្រុមហ៊ុន AZ និងក្រុមហ៊ុន Urec Overseas Investment Co., Ltd របស់ប្រទេសចិន។ រោងចក្រនេះមានទឹកប្រាក់វិនិយោគចំនួន ១០០ លានដុល្លារ ដែល ៦៧ លានដុល្លារបានមកពីកម្ចីធនាគារចិន ហើយរោងចក្រនេះនឹងក្លាយជារោងចក្រធំជាងគេបង្អស់របស់ប្រទេសកម្ពុជា បន្ទាប់ពីពាក់កណ្តាលឆ្នាំ ២០១៤ ទៅ។
ជាមួយនិងទីតាំងទំហំ ៤០ ហិចតា រោងចក្រនេះអាចផលិតស៊ីម៉ង់ត៍បានរហូតដល់ ៣.២០០ តោនក្នុងមួយថ្ងៃ ឬ ១,១ លានតោនក្នុងមួយឆ្នាំ ដែលជាចំនួនផលិតផលស៊ីម៉ង់ត៍ដ៏ច្រើនបំផុតនៅក្នុងប្រទេស។
លោក Zhang Jun ជាជនជាតិចិន និងជាអ្នកគ្រប់គ្រងទូទៅនៃរោងចក្រស៊ីម៉ង់ត៍កម្ពុជាចក្រីទីង មិនអាចទាក់ទងបានទេដើម្បីសាកសួរពីការវិវត្តថ្មីនៃរោងចក្រនេះ ប៉ុន្តែមុននេះ លោកបានប្រាប់សារព័ត៌មាន Cambodia News ថា រោងចក្របានបញ្ជូនបុគ្គលិកបច្ចេកទេសចំនួន ៥០ រូបទៅសិក្សានៅប្រទេសចិន ហើយក្រុមហ៊ុនត្រូវការកម្មករប្រមាណ ១.០០០ នាក់ ដែលជាផ្នែកមួយរបស់ក្រុមហ៊ុនក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការផ្តល់ការងារឲ្យពលរដ្ឋធ្វើ ដើម្បីកាត់បន្ថយភាពក្រីក្រ។
លោកឧកញ៉ា លឹម រស់ បាននិយាយថា បច្ចុប្បន្ន រោងចក្របានដំណើរការសាងសង់រួចរាល់បានចំនួន ៦០% ហើយ ហើយនៅខែមិថុនា ឬខែកញ្ញា ឆ្នាំ ២០១៤ នេះ រោងចក្រនឹងត្រូវសម្ភោធ។ លោកឧកញ៉ាបានបញ្ញាក់ថា “នៅក្នុងជំនួបសម្តែងការគួរសមជាមួយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ខ្ញុំនិងភរិយាបានគោរពអញ្ជើញសម្តេច និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាចូលរួមបើកសម្ភោធរោងចក្រជាផ្លូវការ”៕