មេ​ប្រឆាំង​ម្នាក់​ នៅ​រុស្ស៊ី​ ត្រូវ​បាន​តុលាការ​ ព្យួរ​ទោស​ ឲ្យ​នៅ​ក្រៅ​ពន្ធនាគារ​

មេ​ប្រឆាំង​នេះគឺ​លោក Alexei Navalny ដែល​ឈ្មោះ​គាត់​តែង​ត្រូវមជ្ឈដ្ឋានបស្ចិម​លោកផ្តោត​ការយក ចិត្តទុក ដាក់​ជានិច្ច។ ល្ងាចម្សិលមិញ ក្រោយពី​ត្រូវ​តុលាការ បញ្ជាក់ ពី​ទោស៥ឆ្នាំ របស់គាត់ ប៉ុន្តែ ដោយ​ព្យួរទោស​ឲ្យ​ស្ថិត នៅក្រៅ​ពន្ធនាគារ​ទេតើ គាត់​បាន​ថ្លែងថា ការសម្រេច​នេះ ច្បាស់​ជា អនុម័ត​ទៅតាម​ការណែនាំ​ពី​ខាង​លោក​ប្រធានាធិបតី​ពូ​ទីន​ផ្ទាល់។ ជា​ប្រតិកម្ម អ្នកនាំពាក្យ​ប្រមុខរដ្ឋ​រុស្ស៊ី ថ្លែងថា​វិមាន​ក្រេ​ម​ឡាំង គ្មាន​ចេតនា​ប្រែ​បុគ្គល​នេះ ទៅជា លោក Nelson Mandela របស់​រុស្ស៊ី​ឡើយ។

លោក Alexei Navalny  ដែល​អាយុ ៣៧ឆ្នាំ ត្រូវ​បស្ចិម​លោក ស្គាល់​ជា មេ​ប្រឆាំង នៅក្រៅ​ប្រព័ន្ធ​អំណាច ដ្បិត​គាត់ តំណាង​ឲ្យ សម្ព័ន្ធ​នៃ​បណ្តា​ប​ក្យ​សេរីនិយម នៅ​រុស្ស៊ី ដែល​គ្មាន អាសនៈ​អ្វី​ណា ប្រចាំ​ក្នុង​សភា​ឌូ​ម៉ា​ឡើយ។ ទន្ទឹម​និង សញ្ញាប័ត្រ​នៅ​រុស្ស៊ី គាត់​ក៏មាន សញ្ញាប័ត្រ ផ្នែក​ហិរញ្ញវត្ថុ​ពី​សាកលវិទ្យាល័យ Yale នៃ​ស.រ.អា.។

គាត់​ល្បី​ជា Bloger បង្ហោះជារឿយៗ តាម​បណ្តាញ​អ៊ិន​ធ័​រ​ណេ​ត  គឺ​អត្ថបទ កកូរកកាយ ទ្រព្យសម្បត្តិ ពួក​មន្ត្រីកំពូលៗនៅ​រុស្ស៊ី បូក​ទាំង​អ្នក​ដែលជំនិតៗនឹង លោក​ប្រធានាធិបតី ពូ​ទីន ទៅ​ផង ថា​សម្បត្តិ​របស់​ពួកគេ​នោះ គឺ​បានមកពី​ការស៊ីសំណូក។ មកពី​មូល​ហេតុនេះ រូបគាត់ បានទទួល​រហ័ស​នាម​ថា “ មេ​ប្រយុទ្ធ​នឹង​អំពើពុករលួយ​នៅ​រុស្ស៊ី “។ មាន​ម្តង គាត់​ហ៊ាន បរិហារ អាក្រាត រូបលោក​ប្រធាន​នៃ “ស្ថាប័នរដ្ឋ​រុស្ស៊ី​ខាង​ស៊ី​ប​អង្កេត” ហៅ​កាត់​ថា​SKR  ថា​លាក់​មិន ប្រកាស​ឲ្យ​រដ្ឋ​ដឹង អំពី​ភូមី​គ្រឹះ ដែល​ មន្ត្រី​នេះ​មាននៅ​ក្នុងប្រទេស Tcheque។ ទោះបី​មាន សេចក្តីថ្លែងការណ៍​បដិសេធ​ពី​ខាង​អ្នកធំ​នោះ​ក្តី ក៏​ដំណឹង​នេះ វា​លាន់ឮ​ខ្ចរខ្ចាយ​ទៅហើយ។

មិនយូរប៉ុន្មាន​ក្រោម​ក “ ស្ថាប័នរដ្ឋ​រុស្ស៊ី​ខាង​ស៊ី​ប​អង្កេត ” SKR ស្រាប់តែ​រុញច្រានចេញមកនូវការចោទ ប្រកាន់ថា ក្នុង​ឆ្នាំ២០០៩ពេល​លោក Alexei Navalny  ធ្វើ់ជា​ទីប្រឹក្សា របស់ អភិបាល ខេត្ត Kirov  នៅ​ចម្ងាយ​ ប្រមាណ១.០០០គ.ម. ខាងកើត​ពី​រដ្ឋធានី​ម៉ូស្គូ​គាត់​បាន​ស៊ុំគ្រលំ ជាមួយ មិត្ត​ភ័ក្ត្រ ដែលជា​ឈ្មួញកណ្តាល​ខាង​ជួញ​ឈើ​ព្រៃ ហើយ​លួច​យក​ឈើ​ព្រៃរបស់ ក្រុមហ៊ុន​រដ្ឋ នៃ​ខេត្ត​នោះ គឺ​ក្រុមហ៊ុន Kirovless ទៅ​លក់ នាំ​ឲ្យ​ថវិការដ្ឋ​បាត់បង់​ទឹកប្រាក់​អស់ ១៦លា​នរូ​ប្ល ឫ​ ស្មើនឹង ៥សែន​ដុល្លារ​អាមេរិក។

ទោះបី​គាត់​ថ្លែង​បដិសេធ ថា​សំណុំរឿង​ព្រហ្មទណ្ឌ​នេះ កសាងឡើង​តាម​មូលហេតុ​នយោបាយ ក្តី ក៏​កាលពី​ថ្ងៃ១៨កក្កដា គាត់​ត្រូវបាន​តុលាការខេត្ត​នោះ កាត់ទោស​ឲ្យ​ជាប់គុក​ដល់៥ឆ្នាំ ប៉ុន្តែ ដោយមាន​ការតវ៉ា ពី​ខាង​មហាអយ្យកា ដែល​មេ​ស្ថាប័ន​នេះ ជាស​ត្រូវ នឹង​មេ​ស្ថាប័ន​ស៊ើបអង្កេត តុលាការ ក៏បាន​ទុក​រូបគាត់​ឲ្យ​នៅក្រៅ​ឃុំ ទាំង​រង់ចាំ​លទ្ធ​ល​នៃ​ការប្តឹង​ឧ​ទ្ធ​រ​ណ៏។ ហើយ​ល្ងាច ម្សិលមិញ សាលាឧទ្ធរណ៍ បាន​រក្សាទុក​ដដែល ទោស៥ឆ្នាំ​របស់គាត់ ប៉ុន្តែ​ដោយ​ព្យួរទោស ទេតើ។ លោក Navalny បាន​ថ្លែង​ទៅហើយ​ថា គាត់​នឹង​ប្តឹង​ឧទ្ធរណ៍​ជាថ្មី ពុំនោះសោត​ទេ ក្នុងឋានៈ​ជា​ទណ្ឌិត ទោះ​នៅក្រៅ​ឃុំ​ក្តី គាត់​មិនអាច​ចូលប្រឡូក​ក្នុងការ​បោះឆ្នោត​ឡើយ៕ ដោយ កែវ ឆាយា (RFI)

Related Articles

Back to top button
Close
Close