អ៊ីរ៉ង់​លើក​សំណើ​​ដោះស្រាយ​វិបត្តិ​នុយក្លេអ៊ែរ​​ ដោយ​ប្រើ​ពេល​តិច​ជាង​មួយ​ឆ្នាំ

កម្មវិធី​នុយក្លេអ៊ែរ​អ៊ីរ៉ង់ បាន​វិល​មក​កាន់​តុចរចា​ ជា​ថ្មី​ នៅ​ព្រឹក​ថ្ងៃ​អង្គារ​ទី​១៥​តុលានេះ នៅ​ទីក្រុង​ហ្សឺណែវ​ប្រទេស​ស្វីស។ រយៈ​ពេល​ពីរ​ថ្ងៃ​ ភាគី​អ៊ីរ៉ង់ និង​មហា​អំណាច​ (៥+១) អាមេរិក​ ចិន រុស្ស៊ី បារាំង​ អង់គ្លេស និង​​អាល្លឺម៉ង់​ នឹង​ធ្វើ​ការ​រួម​គ្នា​ ក្នុង​ការិយាល័យ​របស់​អង្គការ​សហប្រជាជាតិ។ អ៊ីរ៉ង់​ជា​អ្នក​ចាប់​ផ្តើម​ ដោយ​បាន​​បង្ហាញគម្រោង​ផែនទី​ចង្អុល​ផ្លូវ​​ ដោះស្រាយ វិបត្តិ​នុយក្លេអ៊ែរ​ដ៏​ចម្រូង​ចម្រាស​ ដែល​ប្រើ​ពេល​តិច​ជាង​មួយ​ឆ្នាំ។ អ៊ីរ៉ង់​មានប្រធានាធិបតីថ្មី​ គ្រប់​គ្នា​ចង់​មាន​សុទិដ្ឋនិយម​លើ​ការ​ចរចាលើក​នេះ។

តំណាង ​ប្រតិភូ​អ៊ីរ៉ង់ បាន​បើក​ឆាក​ ជំនួបប្រជុំ ដោយ​ធ្វើ​បទ​បង្ហាញ​ រយៈពេល​ជិត​មួយ​ម៉ោង នូវ​ចំណុច​គោល​ៗ​នៃផែនការ​ដោះស្រាយ​កម្មវិធី​នុយក្លេអ៊ែរអ៊ីរ៉ង់។ នេះ​បើ​តាម​អ្នក​នាំ​ពាក្យ​របស់​លោកស្រី កាទ្រីន អាស្តុន ប្រមុខ​ការទូត​សហភាព​អឺរ៉ុប ។ ​ខ្លឹមសារលម្អិត​ នៃ​សំណើ​អ៊ីរ៉ង់ មិន​ត្រូវ​បាន​បក​ស្រាយ​នៅ​ពេល​នេះ​​ទេ។​ ប៉ុន្តែ​ប្រភព​អ៊ីរ៉ង់​ដ៏​កម្រ​មួយ​ បាន​បង្ហើប​ឱ្យ​ដឹង​ថា​កម្មវត្ថុ​​របស់​អ៊ីរ៉ង់ គឺ​ធ្វើ​យ៉ាង​ណា កិច្ច​ព្រមព្រៀង​មួយ​អាច​សម្រេច​បាន​ ក្នុង​រយៈ​ពេល​តិច​ជា​ង​មួយ​ឆ្នាំ។ ដំណាក់កាលទីមួយ​ នឹង​លេច​ជារូប​រាង​នៅ​រវាង​មួយ​ឬ​ពីរ​ខែ​ទៀត​យ៉ាង​យូរ។

អ្វី​ជា​ការ​កត់​សម្គាល់​ ជំនួប​នេះ មាន​ការ​ចូលរួម​យ៉ាង​សកម្ម​ពី​សហរដ្ឋ​អាមេរិក មាន​ទាំង​​ថ្នាក់​ដឹកនាំ​ការបរទេស​ផង អ្នក​ទទួល​ខុស​ត្រូវ​ដាក់​ទណ្ឌកម្ម​​សេដ្ឋកិច្ច​លើ​អ៊ីរ៉ង់។ ឯ​ចំណែក​ ​បទ​បង្ហាញ​​យ៉ាង​​សង្ខេប​របស់​អ៊ីរ៉ង់ ត្រូវ​បាន​ធ្វើ​ឡើង​​ជា​​ភាសា​អង់គ្លេស​  ​និង​ក្នុង​ បរិយាកាស​​​​​​ខុស​ប្លែក​ពី​មុន។ ប៉ុន្តែ​​សម្រាប់​សហភាព​អឺរ៉ុប ដែល​ជា​អធិបតី​នៃ​ជំនួប​នេះ អ្វីៗ​ស្ថិត​ក្នុង​ដៃ​របស់​អ៊ីរ៉ង់ហើយ។ ការ​ពិភាក្សា​លម្អិត​ ត្រូវ​បន្ត​ធ្វើ​ក្នុង​កិច្ចប្រជុំ​រយៈ​ពេល​ពីរ​ថ្ងៃ​នៅក្រុង​ហ្សឺណែវនេះ។

បន្ទាប់​ពី​ជាប់​គាំង​អស់​ជា​ច្រើនខែ ​ជំនួប​ចរចា​ថ្នាក់​រដ្ឋមន្ត្រី​- អនុរដ្ឋមន្ត្រី​ការបរទេស​ និង​ប្រធានការិយាល័យ​នយោបាយ​ថ្ងៃ​នេះ អាច​ចាត់​ទុក​ជា​ក្តី​សង្ឃឹម​​ថ្មី និង​ ​ជា​ឱកាស​ថ្មី​សម្រាប់​អ៊ីរ៉ង់​បង្ហាញ​ទំនុក​ចិត្តដល់​សហគម​អន្តរជាតិ។ ​

តាំង​ពី​បាន​ក្លាយ​ជា​ប្រធានាធិបតី​អ៊ីរ៉ង់ កាលពី​ខែ​មិថុនា​មក លោក ហាសាន់ រ៉ូហានី បាន​ថ្លែង​និង​បង្ហាញកាយ​វិការ​ជា​អ្នក​សម្របសម្រួល​ មិន​តឹង​តែង​ខ្លាំង​ដូច​សម័យ​លោក​មាម៉ូត​អាមាឌីនិនចាត និង​ជា​អ្នក​បោះ​ដៃ​ទៅ​រក​សហគមន៍​អន្តរជាតិ​មុន។ ប៉ុន្តែ​ដំណើរ​ផ្លូវ​នៅ​វែង​ឆ្ងាយ​ ហើយ​មុន​ការ​ជំនួប​ក្រុង​ហ្សឺណែវ​បន្តិច អ៊ីរ៉ង់​បានប្រកាស​ជា​ស្រេច​ ផ្តាច់​លក្ខខណ្ឌ​ស្តុក​សារធាតុ​អ៊ុយរ៉ានីញ៉ូម​ចេញ​ពី​ការ​ចរចា​។ បស្ចឹម​លោក និង​អ៊ីស្រាអែល​ តែ​ង​សង្ស័យរហូត​មក​ ថា​អ៊ីរ៉ង់​ប៉ុន​ប៉ង​ផលិតគ្រាប់​បែក​បរមាណូ និង​ស្នើ​ឱ្យ​រំសាយ​កម្មវិធី​នុយក្លេអ៊ែរ​នេះ តាមរយៈ​ការ​បញ្ឈប់​សកម្មភាព​ចម្រើន​ធាតុ​អ៊ុយរ៉ានីញ៉ូម​ ជា​ថ្នូរ​នឹង​ការ​លើក​ទណ្ឌកម្ម​សេដ្ឋកិច្ច៕​ដោយ អៀង សុខម៉ិញ (RFI)

Related Articles

Back to top button
Close
Close