គណបក្ស សង្គ្រោះជាតិ នៅតែបន្ដទាមទារ តំណែងប្រធាន រដ្ឋសភា
ភ្នំពេញ ៖ នារសៀលថ្ងៃទី១០ ខែតុលា នេះ អ្នកនាំពាក្យ គណបក្សសង្គ្រោះជាតិ លោកយឹម សុវណ្ណ បានអះអាងថា គណបក្សមួយ នេះនៅតែ បន្ដទាមទារប្រធានរដ្ឋសភា ដដែល ដើម្បីឱ្យមាន តុល្យភាព នៅក្នុងស្ថាប័ន នីតិបញ្ញមួយនេះ ។
ការចេញមក បញ្ជាក់របស់ ក្រោយពីនាយករដ្ឋមន្ដ្រីស្ដីទី នៃរាជរដ្ឋាភិបាល អាណត្ដិទី៥ លោកឧប នាយករដ្ឋមន្ដ្រី ស ខេង កាលពីព្រឹកថ្ងៃម្សិល មិញ បានមានប្រសាសន៍ថា លោកសម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ មុនពេលចាក ចេញទៅក្រៅប្រទេស បានប្រាប់លោកថា គណបក្សសង្គ្រោះជាតិ លែងចង់បាន តំណែង ជាប្រធានរដ្ឋសភារដ្ឋសភាទៀតហើយ ពោលចង់សមាជិកគណៈកម្មាធិការអចិន្ដ្រៃយ៍ចំនួន៦ ឱ្យស្មើគ្នា ដែលគណបក្សប្រជាជន មិនអាចធ្វើបានឡើយ ពីព្រោះអាចជាប់គាំង កិច្ចប្រជុំសភា ក្នុងការអនុម័តច្បាប់អ្វីមួយ។
នៅពេលសម្ភាសន៍តាមទូរស័ព្ទ នារសៀលថ្ងៃទី១០ ខែតុលានេះ លោកយឹម សុវណ្ណ បានបញ្ជាក់ថា “ជំហរដូចមុនដដែល អត់មានអ្វីប្រែប្រួលឡើយ” ។ ពោលមាន ន័យថា គឺគណបក្សសង្គ្រោះជាតិ មិនបាន បោះបង់នូវការទាមទារ ជាប្រធានរដ្ឋសភា នោះឡើយ ។
សូមបញ្ជាក់ថា ប្រធានគណបក្សសង្គ្រោះ ជាតិ លោកសម រង្ស៊ី បច្ចុប្បន្នកំពុងបង្ហាញវត្ដមាននៅបរទេស ដើម្បីស្វែងរកអន្ដរាគមន៍ពី សហគមន៍ អន្ដរជាតិ និងប្រទេសមួយចំនួន ដើម្បីកុំឱ្យទទួលស្គាល់រាជរដ្ឋាភិបាលបច្ចុប្បន្ន ខណៈដែលគណបក្សប្រជាជនកម្ពុជា បានដំណើរការទាំងរដ្ឋសភា និងរាជរដ្ឋាភិបាល ចប់សព្វគ្រប់ហើយនោះ ៕ Cambodia News