ព្យុះសង្ឃរា Fitow វាយប្រហារឆ្នេរភាគខាងកើតចិន សម្លាប់មនុស្សយ៉ាងហោច៣នាក់
នៅថ្ងៃចន្ទនេះ ព្យុះសង្ឃរាឈ្មោះថា Fitow បានវាយប្រហារឆ្នេរភាគខាងកើតប្រទេសចិន ជាមួយនឹងល្បឿនហួសពី២០០គីឡូម៉ែត្រ ក្នុងមួយម៉ោង សម្លាប់មនុស្សយ៉ាងហោច៣នាក់ និងធ្វើអោយអាជ្ញាធរបង្ខំចិត្តជម្លៀសមនុស្សរាប់សិបម៉ឺននាក់ ក្នុងខេត្តរងគ្រោះនានា។ ព្យុះ Fitow ជាគឺព្យុះទី២៣ហើយ សំរាប់ឆ្នាំ២០១៣នេះ។ នៅល្ងាចថ្ងៃចន្ទនេះដែរ អាជ្ញាធរក៏បានត្រៀមប្រុងប្រយ័ត្នចំពោះព្យុះសង្ឃរាមួយទៀតដែរ ឈ្មោះថា ដាណាស ដែលត្រូវចូលមកវាយប្រហារសមុទ្រចិនភាគខាងកើត។
អាជ្ញាធរ ចិនបានប្រកាសជាមុន ពីភាពអាសន្ននៃព្យុះFitow តាំងតែពីថ្ងៃសៅរ៍ចុងសប្តាហ៍មុនម្ល៉េះ។ នៅក្រុងWenzhou ខេត្ត Zhejiang ស្ថិតនៅភាគខាងកើតប្រទេសចិន ជាប់នឹងឆ្នេរសមុទ្រ ព្យុះFitow បានផ្តួលរលំផ្ទះចំនួន១ពាន់២រយខ្នង។ ក្រៅពីមានមនុស្សស្លាប់ដោយសារព្យុះ Fitow នៅក្រុង Wenzhou ក៏មានមនុស្សបាត់ខ្លួនផងដែរ។ អាជ្ញាធរបានធ្វើសកម្មភាពយ៉ាងសកម្ម ជម្លៀសមនុស្ស៥សែន៧ម៉ឺន៤ពាន់នាក់ នៅខេត្ត Zhejiang និង១៧ម៉ឺន៧ពាន់នាក់ទៀត នៅខេត្ត Fujian។ ខេត្តទាំងពីរនេះ សំបូរមនុស្សរស់នៅច្រើន។
នៅព្រឹកថ្ងៃចន្ទនេះ ពេលបោកបក់មកប៉ះដី ខេត្ត Fujian ព្យុះ Fitow បានបន្ថយល្បឿនទៅវិញ។ អគ្គិសនីត្រូវបានកាត់ផ្តាច់។ ព្យុះនេះប្រហែលជាត្រូវបន្តដំណើរទៅភាគពាយ័ព្យទៀត ប៉ុន្តែ បានចុះខ្សោយល្បឿនច្រើន។
រថភ្លើងល្បឿនលឿននានា នៅក្នុងខេត្ត Zhejiang Fujian និងJiangxi ត្រូវបានផ្អាកការធ្វើដំណើរ។ នៅថ្ងៃអាទិត្យម្សិលមិញ អាកាសយានដ្ឋានក្រុង Wenzhou បានលុបចោលការហោះហើរចំនួន ២៧ជើង។ អាជ្ញាធរបានប្រាប់អ្នកនេសាទនានាអោយប្រញាប់ចូលមកកាន់ឆ្នេរវិញ ហើយបានត្រៀមវិធានការទប់ស្កាត់ករណីមានកម្ពស់ទឹកកើនខ្ពស់។
Fitow ជាព្យុះទី២៣ហើយ ដែលបានវាយប្រហារក្នុងឆ្នាំ២០១៣នេះ។ Fitow ជាឈ្មោះរបស់ផ្កាមួយបែប នៅតំបន់អូសេអានី។ មុនមកដល់ចិន ព្យុះ Fitow បានឆ្លងកាត់កោះអូគីណាវ៉ាជប៉ុន តែមិនបានបង្កអោយមានការខូចខាតធ្ងន់ធ្ងរនៅទីនោះទេ។
ព្យុះសង្ឃរាមួយនេះ បានធ្វើអោយកោះតៃវ៉ាន់លុបចោលយន្តហោះជាច្រើនរយជើង ដែលជាការហោះហើរទៅកាន់តៃវ៉ាន់ រឺក៏ជាការធ្វើដំណើរចេញពីកោះតៃវ៉ាន់ទៅវិញ៕ដោយ ព្រំ សឿន សូលីណា (RFI)