ភេរវកម្ម​បំផ្ទុះ​រថយន្ត​នៅ​ប៉ាគីស្ថាន​ ស្លាប់​យ៉ាងហោច​៣៨នាក់​

នៅ​ប៉ាគីស្ថាន​ ថ្ងៃ​អាទិត្យ​នេះ​ មាន​មនុស្សយ៉ាងហោច​៣៨នាក់ បាន​ស្លាប់​ និង​រាប់រយនាក់​ទៀត​ រង​របួស​ ក្នុង​ភេរវកម្ម​បំផ្ទុះ​រថយន្ត​មួយគ្រឿង នៅ​ក្រុង​ប៉េស្ហាវ៉ា ជិត​ព្រំប្រទល់​អាហ្វហ្កានីស្ថាន។ បើ​គិត​ត្រឹម​តែ​មួយសប្តាហ៍​ ភេរវកម្ម​នេះ​ ជា​ភេរវកម្ម​លើកទីបី​ហើយនៅក្នុង​ក្រុងប៉េស្ហាវ៉ា​។ រហូត​មកដល់​ពេលនេះ គេ​នៅ​មិនទាន់​ដឹង​ថា ​តើ​ជនដៃដល់​ណាមួយ រឺ​ក៏​ក្រុមភេរវជន​ណាមួយ ជាអ្នក​បង្ក​ហេតុការណ៍​​នេះនៅឡើយទេ។

នៅថ្ងៃ ​អាទិត្យ​​២៩កញ្ញា​នេះ នៅក្រុង​ប៉េស្ហាវ៉ា ជាប់​ព្រំប្រទល់​​​ជាមួយ​អាហ្វហ្កានីស្ថាន ​រថយន្តមួយគ្រឿង​បាន​ផ្ទុះ​ឡើង នៅ​ផ្សារ Kissa Khwani ឃីសា ខ្វានី ធ្វើអោយ​មានមនុស្ស​របួស និង​ស្លាប់​ជាច្រើននាក់។

អំពើភេរវកម្ម​បាន​កើតឡើង នៅ​ក្បែរ​ប៉ុស្តិ៍ប៉ូលិស​មួយកន្លែង។ ប៉ូលិស​មិន​ទាន់បាន​ដឹងថា តើ​ប៉ុស្តិ៍​ការងារ​ខ្លួន​ជា​ផ្ទាំងស៊ីប នៃ​​ការ​វាយប្រហារនេះ រឺក៏​យ៉ាងណា​នៅឡើយទេ។ យោងតាម​​​ក្រុមដោះមីន អំពើភេរវកម្ម​ថ្ងៃ​អាទិត្យ​នេះ​គឺ​សំដៅ​ទៅលើ​ផ្សារ​ ឃីសា​ ខ្វានី ច្រើនជាង ព្រោះ​ជា​ផ្សារ​មាន​មនុស្ស​ទិញ​ទំនិញ​កុះករ។

នាយករដ្ឋមន្ត្រី​ប៉ាគីស្ថាន ណាវ៉ា ស្ហារីហ្វ​ បាន​ថ្កោលទោស​អំពើភេរវកម្ម​នេះ ដោយ​លើកឡើង​ថា រាល់​ភេរវជន​ដែល​បាន​វាយប្រហារ​នេះ ​គ្មាន​ចិត្ត​មនុស្សធម៌​​សោះឡើយ ហើយ​ទង្វើ​នេះ គឺ​មិន​បាន​សមស្រប​ទៅតាម​គោលការណ៍សាសនា​ណាមួយ​នោះទេ។ ត្រឹមតែ​​មួយសប្តាហ៍​​ ប៉ុណ្ណោះ ក្រុងប៉េស្ហាវ៉ា​​បាន​រង​នូវ​​អំពើ​​ភេរវកម្មដល់ទៅ​៣លើក។ កាលពី​ថ្ងៃ​អាទិត្យ​​ទី​២២កញ្ញា អំពើភេរវកម្ម​ផ្ទួនគ្នា​ចំនួនពីរ វាយប្រហារ​ទៅលើ​វិហារ​គ្រិស្តសាសនា​ នៅ​កណ្តាលក្រុង​ បាន​សម្លាប់​មនុស្ស​៨២នាក់។ ហើយ​នៅថ្ងៃ​សុក្រ​កន្លងទៅនេះ ​គ្រាប់បែក​មួយដែល​ត្រូវ​បាន​គេ​កប់​ទុក​នៅក្រោម​ឡានក្រុង​មួយគ្រឿង​​ បានផ្ទុះឡើង ​សម្លាប់​មនុស្ស​១៨នាក់។

អំពើភេរវកម្ម​​ទាំងនេះ​កើតឡើង នៅកំឡុង​ពេល​ដែល​រដ្ឋាភិបាល​ប៉ាគីស្ថាន​បាន​ស្នើ​​អោយ​ក្រុមឧទ្ទាម​តាលី បង់ ចរចា​សន្តិភាព​ជាមួយខ្លួន ដើម្បី​បិទបញ្ចប់​អំពើហិង្សា​ ក្នុង​រយៈពេល​៦ឆ្នាំ​មកនេះ។ ក្នុងរយៈ​ពេល​៦ឆ្នាំ​ កន្លងមក អំពើហិង្សា​ជាច្រើន​ បាន​សម្លាប់​មនុស្ស​រាប់ពាន់នាក់ នៅទូទាំង​ប្រទេស។

ដោយឡែក ក្រៅពី​ភេរវកម្ម​នៅ​ក្រុងប៉េស្ហាវ៉ា ប៉ាគីស្ថាន​ក៏បាន​រងការវាយប្រហារ​ដោយគ្រោះ​រញ្ជួយដី​​ដល់ទៅពីរ​លើក​ផងដែរ ក្នុង​សប្តាហ៍នៃ​​ថ្ងៃ​ទី​២៣កញ្ញា​នេះ។ គ្រោះ​រញ្ជួយដី​ទាំងពីរ​នេះ បាន​សម្លាប់​មនុស្ស​ជិត​៤០០នាក់ នៅខេត្ត​​បាលូតឈីស្ថាន ភាគ​អាគ្នេយ៍៕ដោយ ព្រំ សឿន សូលីណា (RFI)

Related Articles

Back to top button
Close
Close