នាយទាហាន​ជាន់ខ្ពស់​ចិន​នានា​ នឹង​ត្រូវ​ឆ្លងកាត់​ការ​ចោទសួរ​ផ្ទាល់ខ្លួន​សិន​ មុននឹង​ឡើង​បុណ្យសក្តិ​

ក្នុង​ពេល​ខាង​មុខ​​នេះ ក្នុង​ក្របខណ្ឌ​នៃ​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​​អំពើ​ពុករលួយ​​ រដ្ឋាភិបាល​ចិន​​ នឹង​រៀបចំ​អោយ​មាន​ការ​សួរសំណួរ​បែបផ្ទាល់ខ្លួន​មួយ ទៅ​លើ​គ្រប់​​នាយទាហាន​ជាន់ខ្ពស់​ចិន ​មុន​នឹង​សំរេច​អោយ​ពួកគេ​បាន​​​ឡើង​តំណែងបុណ្យសក្តិ រឺ​ក៏អោយ​ពួកគេ​មានសិទ្ធិគ្រប់គ្រាន់​​​ក្នុង​ការ​ចូល​និវត្តន៍។ នេះ​​បើ​​យោងតាម​ការ​ចុះផ្សាយ​​របស់​​សារព័ត៌មាន​​ផ្លូវការ​​​ចិន​​នានា កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ។

ក្នុង​ទិសដៅ​នៃ​គំរោង​​​ចោទសួរ​ជាលក្ខណៈ​ផ្ទាល់​ខ្លួន ទៅលើ​នាយទាហាន​ជាន់ខ្ពស់​ចិន​ ដែល​នឹង​ត្រូវ​ធ្វើ​នៅពេល​ខាងមុខ​នៅប្រទេស​ចិន​នោះ អាជ្ញាធរ​​​មានបំណង​ចង់ដឹង​ពី​ព័ត៌មាន​ទាក់ទង​នឹង​​​អចលន​ទ្រព្យ​ ផ្ទាល់ខ្លួន​របស់​ពួកគេ ​ពី​រថយន្ត​​និង​បុគ្គលិក​​ការងារ​ដែល​ពួកគេ​​បាន​ប្រើ។ នេះ​ជាការ​ប្រកាស​របស់​​គណៈ កម្មការ​កណ្តាល​ផ្នែក​កងទ័ព​​នៃ​គណបក្ស​ កុម្មុយនិស្ត​ចិន ដែល​កាសែតចិន​ថ្មី​បាន​ស្រង់​សំដី​យក​មក​ចុះ ផ្សាយ។

ចាប់ពីពេល​នេះទៅ នាយទាហាន​ជាន់ខ្ពស់​ចិន​ទាំងឡាយ​ ត្រូវ​តែ​ឆ្លងកាត់​ការ​សួរសំណួរ​ផ្ទាល់​ខ្លួន​ជាមុន សិន​ មុននឹង​បាន​ឡើងបុណ្យសក្តិ​។ គោលការណ៍​នេះ​ជា​ការ​ឆ្លើយតប​ទៅនឹង​ការ​ប្រយុទ្ធប្រឆាំង​នឹងអំពើ ពុករលួយ​ នៅក្នុង​ប្រទេស។ តាំង​ពី​ឡើង​កាន់អំណាច​មក ប្រធានាធិបតី​ចិនថ្មី​ ស៊ី ជិនពីង បាន​ចាត់ទុក​អំពើ​ពុករលួយ​​ជា​ការគំរាម​កំហែង​​​​ដល់​ប្រទេស​ជាតិ ក៏​ដូច​ជាដល់​គណបក្ស​កុម្មុយនិស្ត​ចិន​ផងដែរ។ លោក ស៊ី ជិនពីង​ បាន​ស្បថ​ស្បែរ​ថា ​នឹង​កំចាត់​រាល់​អ្នកទទួលខុសត្រូវ​ដែល​ស៊ីសំណូក​សូកប៉ាន់ទាំងឡាយ។

គួរ​រំលឹក​ថា កាលពី​ចុង​ទស្សវត្សរ​ឆ្នាំ​១៩៩០ រដ្ឋាភិបាល​ចិនធ្លាប់​​បាន​ហាមឃាត់​​ជាផ្លូវការ​ ដល់​កងទ័ព​​ ​មិនអោយចាត់​វិធានការ​កំចាត់​អំពើពុករលួយ​បែប​នេះឡើយ។ ប៉ុន្តែ ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​​នេះ​ ការខ្វះខាត​​តម្លាភាព និង​ការ​ខ្វះខាត​ការត្រួតពិនិត្យ​ច្បាស់លាស់ បាន​ធ្វើ​អោយ​បញ្ហា​ពុករលួយ​​​​​រីកដុះដាល​ក្នុង​​ជួរកង ទ័ព៕ដោយ ព្រំ សឿន សូលីណា (RFI)

Related Articles

Back to top button
Close
Close