ទេព សម្ផស្ស រីករាយពេលបានតំណែងតួឯកលើកដំបូង
ភ្នំពេញ ៖ ទើបតែចាប់អាជីពសម្ដែងបានតែ២រឿងប៉ុណ្ណោះ តួឯកស្រីក្នុងរឿង «ជីវិតនាងរក្សា» របស់ស្ថានីយទូរទស្សន៍ MYTV នាងទេព សម្ផស្ស បានទទួលការចាប់អារម្មណ៍ពីទស្សនិកជន ព្រមទាំងកំពុងត្រៀមខ្លួនក្ដោបក្ដាប់តំណែងតួឯកក្នុងរឿងថ្មីមួយទៀត នៅស្ថានីយទូរទស្សន៍ដដែលនេះ ។
ទន្ទឹមនឹងមានឱកាសបង្ហាញមុខ និងសម្រស់តាមកញ្ចក់ទូរទស្សន៍មានប្រជាប្រិយភាពមួយនេះ ទេព សម្ផស្ស ក៏មិនខុសពីតារាស្រីឯទៀតឡើយ គឺតែងទទួលការតាមចែចង់ប្រាថ្នាស្នេហា ប៉ុន្ដែដោយសារតែសំពាយគ្រួសារធ្វើឱ្យបុប្ផាមួយទងនៅតំបន់ គីឡូម៉ែត្រលេខ៦ នៃរាជធានីភ្នំពេញរូបនេះ មិនអាចទទួលយកអ្នកណាមួយបានឡើយ ។
ក្នុងវ័យ២៣ឆ្នាំ តារាសម្ដែងដែលផុសចេញពីការដើរម៉ូដ រូបនេះអះអាងថា មូលហេតុចម្បង ដែលធ្វើឱ្យរូបនាងមិនទទួលយកការស្រឡាញ់ពីបុរសណា ម្នាក់នាពេលនេះ ដោយសារតែនាងមានភារកិច្ចរកប្រាក់ទំនុកបម្រុង ប្អូនៗចំនួន ៣នាក់ ដែលកំពុងស្ថិតនៅក្នុងបន្ទុករបស់នាង ។ ក្រោយពេលឪពុកម្ដាយរបស់នាងស្លាប់ ក្នុងនាមនាងជាកូនទី៣ក្នុងគ្រួសារ ដែលមានសមាជិក៦នាក់នោះ គឺមានភារកិច្ចចិញ្ចឹមប្អូន៣នាក់ ដែលកំពុងសិក្សា ។ ប្រាក់របស់នាងមួយផ្នែកគឺបានមកពីការសម្ដែងសិល្បៈ និងមួយផ្នែកទៀតគឺបានមកពីការចូលហ៊ុនគ្នាជាមួយជនជាតិបរទេសបើក ហាងបាយមួយនៅផ្សារតាប៉ាង រាជធានីភ្នំពេញ ។
តារាសម្ដែងសាច់សដូចបណ្ដូលចេករូបនេះ មិនបានដាក់សម្ពាធគ្រួសារជាមូលហេតុមួយមុខដែលធ្វើឱ្យនាងមិនព្រម ទទួលយកស្នេហានៅក្នុងពេលនេះឡើយ ប៉ុន្ដែអាជីពសិល្បៈក៏ជាជ្រុងមួយផ្នែកដែលធ្វើឱ្យនាងសម្រេចចិត្ដ យ៉ាងដូច្នេះ ។ អាជីពសិល្បៈគឺទេព សម្ផស្ស ចូលចិត្ដតាំងពីយូរមកហើយ ហេតុនេះនៅពេលមានឱកាសត្រូវ តែក្ដោបវាឱ្យណែនក្នុងដៃមិនឱ្យរបូត ឡើយ ចំណែករឿងស្នេហាទុកមួយឡែកសិន ។
ទេព សម្ផស្ស ដើមឡើយចូលហាត់រៀនដើរម៉ូដជាមួយគ្រូជនជាតិហ្វ៊ីលីពីនម្នាក់នៅ ក្នុងអំឡុងឆ្នាំ២០០៩ ។ បន្ទាប់មក សម្ផស្ស ជួបជាមួយពិធីការិនី និងជាតារាសម្ដែងស្រគត់ស្រគំ សម្ដីស្រទន់អ្នកនាងព្រំ រដ្ឋា មានសន្ដានចិត្ដល្អជួយណែនាំរូបនាងឱ្យទៅបណ្ដាផលិតកម្ម ផ្សេងៗ ទើបនាងមានឱកាសចាប់អាជីពសម្ដែងតាំងពីពេលនោះមក ។
ទេព សម្ផស្ស អះអាងថា នៅមុនពេលនាងមានឱកាសសម្ដែងជាតួឯកក្នុងខ្សែភាពយន្ដបញ្ចាំងតាម ទូរទស្សន៍ គឺដំបូងឡើយនាងត្រូវផលិតកម្មឆ្លងដែនផ្ដល់ឱកាសឱ្យថតឈុតខារ៉ា អូខេពីរដងដែរ ។ ការសម្ដែងខារ៉ាអូខេនេះហើយគឺជាស្ពានចម្លងឱ្យនាងបានសម្ដែងក្នុង ខ្សែភាពយន្ដ ព្រោះពេលនោះដោយមានការជួយជ្រោមជ្រែងពីម្ចាស់ផលិតកម្មឆ្លងដែន ទើបម្ចាស់ផលិតកម្មមួយនេះណែនាំឱ្យនាងទៅស្ថានីយទូរទស្សន៍បាយ័ន ។ ខ្សែរឿងដំបូង ដែលនាងថតនៅស្ថានីយទូរទស្សន៍មួយនេះគឺរឿង គន្លងស្នេហ៍លើរបួសចាស់ ។
ដោយឡែក ឱកាសទីពីរ ដែល សម្ផស្សមិននឹកស្មានដល់នោះ គឺស្ថានីយទូរទស្សន៍ MYTV ផ្ដល់ឱ្យនាងសម្ដែងជាតួឯកលើកដំបូងក្នុងរឿង «ជីវិតនាងរក្សា» ដោយថតយកសំឡេងផ្ទាល់ ។ សម្ផស្សទទួលស្គាល់ថា រឿងទីពីរ ដែលនាងសម្ដែងនេះមានការលំបាកច្រើនដោយសារតែត្រូវយក សំឡេងផ្ទាល់ ប៉ុន្ដែដោយសារមានការជួយបង្ហាត់បង្ហាញពីអ្នកដឹកនាំរឿង បូករួមខ្សែរឿងមួយនេះមានលំនាំទៅនឹងជីវិតពិតរបស់នាងទៀតនោះ ទើបធ្វើឱ្យនាងទទួលបានជោគជ័យ ។ បន្ទាប់ពីទទួលបានជោគជ័យនេះ ម្ចាស់ផលិតកម្ម ដដែលនោះប្រាប់ឱ្យនាងត្រៀមខ្លួនជាថ្មីសម្រាប់ការ សម្ដែងរឿងក្រោយទៀត ដែលគ្រោងថតក្នុងពេលដ៏ខ្លីខាងមុខ ។
ស្ថិតនៅលើវិថីសិល្បៈមានការប្រកួតប្រជែង ខ្លាំងក្នុងពេលបច្ចុប្បន្ននេះ ទេព សម្ផស្ស តាំងចិត្ដពុះពារជម្នះគ្រប់ឧបសគ្គ ដើម្បីជោគជ័យទៅថ្ងៃមុខ ។ ក្ដីស្រមៃមួយរបស់នាងគឺប្រសិនជាមានលទ្ធភាពនាងនឹងផលិតរឿងភាគ មួយដោយនិទានពីជីវិតខ្លួនឯង ៕ ស.រ/Cambodia News