លោកនាយករដ្ឋមន្ត្រី បញ្ជាឲ្យបញ្ឈប់វប្បធម៌ក្រសួងគ្រួសារនិយម
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា នេះ ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីអាណត្តិទី៥ លើកដំបូង លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានព្រមានខ្លាំងៗ ថល់ប្រពន្ធមន្ត្រីធំ រដ្ឋមន្ត្រី និងមន្ត្រី តាមស្ថាប័ន ក្រសួងនានា ដោយ សូមឲ្យលុបបំបាត់ចោលនូវការគ្រប់គ្រងក្រសួងស្ថាប័ន ជាលក្ខណៈគ្រួសារ ជាពិសេស បញ្ឈប់វប្បធម៌ «ប្តីស័ក្តិ៣ ប្រពន្ធស័ក្តិ៤ កូនស័ក្តិ៥»។
លោក ហ៊ុន សែនបានបន្តថា «ប្រសិនបើ បញ្ហានេះនៅតែបន្តកើតមាន លោកនឹងធ្វើការកំណែទម្រង់មន្ត្រីទាំងនោះ ដោយ ការដកហូតតំណែង ចាប់ខ្លួននិងដាក់ពាក្យបណ្តឹងទៅតុលាការ ពីព្រោះឥឡូវយើងមាន អង្គភាពប្រឆាំងពុករលួយ គឺលោកមិនទុកនាំឲ្យគ្រោះថ្នាក់ ដល់រាជរដ្ឋាភិបាលរបស់លោកទាំងមូលទេ។
ការព្រមានឲ្យបញ្ឈប់វប្បធម៌ក្រសួងគ្រួសារនេះ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន មិនបានបញ្ជាក់ប្រាប់ថា ក្រសួងណាខ្លះទេ ដែលមានខ្សែស្រឡាយ ប្រពន្ធ កូន នោះ ដោយលោកគ្រាន់តែក្រើនរម្លឹកថា អស់លោករដ្ឋមន្ត្រីទាំងនោះបានដឹងខ្លួនឯងហើយ។
លោក ហ៊ុន សែន ក៏បានសង្កត់ធ្ងន់ថា «សូមឲ្យ អស់លោកជំទាវទាំងអស់ បញ្ឈប់ ជាពិសេស កូនលោកធំៗ កុំប្រើអំណាចរបស់ឪពុកខ្លួន ដើរបំពានច្បាប់ ប្រយ័ត្នឪពុក ធ្លាក់បុណ្យស័ក្តិ ធា្លក់តំណែងដោយសារខ្លួន»។ ជាមួយគ្នានោះលោកបានអំពាវនាវឲ្យមន្ត្រីប៉ូលីស ត្រូវអនុវត្តឲ្យបានម៉ឺងម៉ាត់ទាំងអស់គ្នា មិនថាកូនលោកធំណាទេ ឲ្យតែធ្វើខុសត្រូវចាប់ទាំងអស់៕ Cambodia News