បស្ចិមប្រទេស​និង​រុស្ស៊ី​ខ្វែង​គំនិត​គ្នា​ ក្នុង​កិច្ចប្រជុំ​ទាក់ទង​ស៊ីរី​

ថ្វី​ដ្បិត​តែ​សហរដ្ឋអាមេរិក​និង​រុស្ស៊ី បាន​សំរេច​ចេញ​នូវ​កិច្ច​ព្រមព្រៀង​សំរេច​អោយ​មាន​ការ​​រំលាយ​​អាវុធ​​គីមី​ នៅ​​ស៊ីរី​ក្តី​ ក៏​ភាគី​ទាំង២នៅតែបន្ត​ខ្វែង​គំនិតគ្នាដដែល ចំពោះ​មធ្យោបាយ​ដែលនាំ​​ទៅដល់​​ការ​រំលាយ​អាវុធគីមី​នេះ។​ នៅ​ក្នុង​​កិច្ច​ប្រជុំ​ស្វែង​រក​ដំណោះ​ស្រាយ​វិបត្តិ​ស៊ីរី កាលពី​យប់ថ្ងៃ​អង្គារ​ម្សិលមិញ ប្រទេស​​​សមាជិកអចិន្រ្តៃយ៍​ទាំង​៥​ នៃ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​​​​ មិន​បាន​ផ្តល់​​​លទ្ធផល​អ្វី​ទំាង​អស់។ រុស្ស៊ី​ចង់​ចៀសវាង​រាល់​សេចក្តី​សំរេចនៅ​អង្គការ​សហប្រជាជាតិ​​​ ដែល​ប្រឆាំង​​ទៅនឹង​រដ្ឋាភិបាល​ស៊ីរី។

ក្នុង ​កិច្ច​ប្រជុំ​សមាជិក​អចិន្ត្រៃយ៍​ទាំង៥ប្រទេស នៃក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ នៅក្រុង​ញូវយក​សហរដ្ឋ​អាមេរិក​​និង​បារាំង បាន​បង្ហាញ​ការជឿជាក់ថា គឺ​រដ្ឋាភិបាលស៊ីរី​តែម្តង​ ដែល​បាន​បង្ក​ការ​វាយប្រហារ​ដោយ​អាវុធគីមី សម្លាប់​ជនស៊ីវិល កាលពី​ថ្ងៃ​២១សីហា កន្លងទៅ។ ប៉ុន្តែ​ សំរាប់​រុស្ស៊ី​​​ គឺ​ក្រុមឧទ្ទាម​ស៊ីរី​​ទៅវិញទេ ដែល​​បាន​ប្រើអាវុធគីមី​ទាំងនោះ។

បណ្តាបស្ចិមប្រទេស ​ចង់​សំរេច​អោយ​មាន​ទណ្ឌកម្មជាក់ស្តែង​​​ប្រឆាំង​​ ស៊ីរី ប្រសិន​បើ​រដ្ឋាភិបាលក្រុង ដាម៉ាស ​មិនព្រម​សហការ​​។ ប៉ុន្តែ រុស្ស៊ី​​មិនទាន់​មាន​បំណង​ដាក់ទណ្ឌកម្ម​អ្វីទេ នៅពេលនេះ។ ទណ្ឌកម្ម​អាច​ធ្វើបាន​នៅពេលក្រោយ ក្នុង​ករណីចាំបាច់។

បញ្ហា​​ដែល​​មិនចុះសម្រុង​គ្នា​ ក្នុង​កិច្ច​ប្រជុំ​​​ថ្ងៃ​អង្គារ​ដែរនោះ គឺ​ទាក់ទង​នឹង​តុលាការ​​ព្រហ្មទណ្ឌ​អន្តរជាតិ​។ បារាំង​ចង់​អោយ​តុលាការ​នេះ​​កាត់ទោស​បទ​​ឧក្រិដ្ឋសង្គ្រាម​នោ​ស៊ីរី ដោយចាប់ផ្តើម​ពី​​សំណុំរឿង​នៃការវាយ ប្រហារ​ដោយអាវុធ​គីមី កាលពី​ថ្ងៃ​២១សីហា។ ប៉ុន្តែ សំណើ​នេះ​ប្រហែល​ជា​​នឹង​ត្រូវ​ច្រានចោល ព្រោះថា មិនមែន​មានតែ​រុស្ស៊ី​ទេ ដែល​មិន​យល់ស្រប សូម្បី​តែអាមេរិក និង​អង់គ្លេស​​ក៏​មិន​បាន​គិតថា​​វា​មានលក្ខណៈ​សំខាន់​អ្វីនោះ​ដែរ។ ប្រធានអង្គការ​សហប្រជាជាតិ លោក បាន គីមូន បាន​ជំរុញ​អោយ​ប្រទេស​ទាំង​៥​នៃក្រុមប្រឹក្សា​សន្តិសុខ​ រួបរួមគ្នា​ ដើម្បី​ដោះស្រាយ​វិបត្តិ​ស៊ីរី។

ដោយឡែក នៅថ្ងៃ​ពុធនេះ ប្រមុខការទូត​​រុស្ស៊ី លោក ស៊ែរហ្កី ឡាវ៉្រូវ ​បាន​ចោទ​អ្នកស៊ើបអង្កេត​​​​អង្គការ​សហប្រជាជាតិ ដែលបាន​ស៊ើបអង្កេត​ពី​ការវាយប្រហារ​ដោយ​អាវុធគីមី​​​នៅស៊ីរីនោះ​​ ថា​បាន​កាន់ជា​បក្សពួក​ ដើម្បី​ប្រឆាំង​ទៅនឹង​រដ្ឋាភិបាល​ស៊ីរី។ លោក ឡាវ៉្រូវ បន្ថែម​​ថា ការសន្និដ្ឋាន​ក្នុង​របាយការណ៍​ទាក់ទង​អាវុធគីមី​របស់​អ្នកស៊ើបអង្កេត​ ទាំងនោះ គ្រាន់តែ​ជាការសន្និដ្ឋាន​បែបផែន​​នយោបាយ​ប៉ុណ្ណោះ៕ដោយ ព្រំ សឿន សូលីណា (RFI)

Related Articles

Back to top button
Close
Close