ពង្រឹងសមត្ថភាពមន្រ្តីក្រុមប្រឹក្សាឃុំសង្កាត់លើការងារព័ត៌មាន
ថ្លែងនៅក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលនេះ លោកស្រី ជឹម ម៉ាណាវី នាយិកាប្រតិបត្តិអង្គការវិទ្យាស្ថានបើកទូលាយ បានមានប្រសាសន៍ថា វគ្គនេះពិតជាមានសារៈសំខាន់បំផុត សម្រាប់សិក្ខាកាមជាមន្ត្រីក្រុមប្រឹក្សាឃុំសង្កាត់ក្នុងការងារព័ត៌មានប្រចាំថ្ងៃ។
លោកស្រីបានបញ្ជាក់ថា ព័ត៌មានគឺជាអំណាច ដែលអាចធ្វើឲ្យសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ធ្វើ សេចក្ដីសម្រេចចិត្តបានយ៉ាងត្រឹមត្រូវ ពិសេសនៅក្នុងដំណាក់កាលនៃ «បច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍ (ICT)»។
លោកស្រីបានបន្តថា វគ្គនេះគឺជាផ្នែកមួយនៃកម្មវិធីជាប្រព័ន្ធ ដែលទទួលបានសហការឧបត្ថម្ភពីអង្គការ ស្ប៉ាយឌឺ (Spider) របស់ប្រទេសស៊ុយអែត និងអង្គការ OSI របស់ប្រទេសអាមេរិក។
វគ្គបណ្ដុះបណ្ដាលដែលមានប្រធានបទ «ការប្រើប្រាស់បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មានវិទ្យា (ICT) ក្នុងការទទួល និងផ្សព្វផ្សាយព័ត៌មាន» នេះមានរយៈពេលបីថ្ងៃ ដោយចាប់ផ្ដើមពីថ្ងៃទី ១៩ ដល់ថ្ងៃទី ២១ មិថុនា ដោយមានសិក្ខាកាមចំនួន ១៨ រូប ដែលក្នុងនោះក៏មានមន្ត្រីបីបួនរូបមកពីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ក្រសួងមហាផ្ទៃ និងអង្គការសង្គមស៊ីវិលផងដែរ។
វគ្គនេះបានផ្ដោតលើប្រធានបទសំខាន់ៗជាច្រើនដូចជា ការសរសេរព័ត៌មានទាន់ហេតុការណ៍ និងអ្វីជារូបថតព័ត៌មាន សេចក្ដីប្រកាសព័ត៌មាន និងការធ្វើការងារជាមួយអ្នកសារព័ត៌មានប្រកបដោយជោគជ័យ ដោយរួមទាំងច្បាប់ និងក្រមសីលធម៌ទាក់ទិន នឹងអត្ថបទ និងរូបភាព ដើម្បីជៀសវាងបណ្តឹងតុលាការ និងការតវាពីពលរដ្ឋផងដែរ។
យោងតាមកម្មវិធីបណ្ដុះបណ្ដាលបានឲ្យដឹងថា ក្រៅពីមានការអនុវត្តសរសេរព័ត៌មានជាក់ស្តែងនោះ សិក្ខាកាមក៏នឹងទទួលបានការបង្ហាញពីរបៀបដំឡើងកម្មវិធីកុំព្យូទ័រភាសាខ្មែរជាទម្រង់យូនីកូដខ្មែរ និងកម្មវិធីរុករកព័ត៌មានជាភាសាខ្មែរនៅក្នុងអ៊ីនធឺណិត (Firefox) ផងដែរ។
មានប្រសាសន៍នៅក្នុងពិធីនោះដែរ លោកស្រី ស៊ី តូន អនុប្រធានសម្ព័ន្ធភាពក្រុមប្រឹក្សាឃុំសង្កាត់បានលើកឡើងថា វគ្គនេះពិតជាមានប្រយោជន៍ដល់មន្ត្រីក្រុមប្រឹក្សាឃុំសង្កាត់ ដែលបំពេញការងារនៅកៀកនឹងប្រជាពលរដ្ឋ។
លោកស្រី ស៊ី តូន ដែលជាចៅសង្កាត់ដែរនោះបានបញ្ជាក់ថា សិក្ខាកាមនឹងអាចយកចំណេះដឹងពីវគ្គនេះទៅបំពេញការងារផ្សព្វផ្សាយព័ត៌មានដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានរបស់ខ្ឡួន។
គួរបញ្ជាក់ដែរថា វគ្គបណ្ដុះបណ្ដាលនេះគឺជាផ្នែកនៃកម្មវិធីជាប្រព័ន្ធ ដោយមានវគ្គបណ្តុះបណ្ដាលពីរជាបន្តបន្ទាប់ ដោយវគ្គទីមួយបានធ្វើឡើងកាលពីថ្ងៃទី ២១ – ២២ ខែ មីនា ដោយផ្ដោតលើប្រធានបទស្ដីពីសិទ្ធិទទួលព័ត៌មានប្រកបដោយទស្សនៈយេនឌ័រ ហើយវគ្គនាពេលនេះជាវគ្គលើកទីពីរដោយបានផ្ដោតលើការប្រើប្រាស់បច្ចេកវិជ្ជាព័ត៌មាន ដើម្បីប្រមូល និងផ្សព្វផ្សាយព័ត៌មានជូនប្រជាពលរដ្ឋ៕