នៅរតនគិរីមានកុមារ​​​មួយចំនួនសង្ស័យ​​​ឆ្លងមេរោគ EV71

ដោយ៖ ហេង នាង

រតនគិរី៖ កាលពីព្រឹកថ្ងៃ ១៩ កក្កដា ២០១២ ប្រជាពលរដ្ឋពីរនាក់ប្ដីប្រពន្ធរស់នៅក្រុងបានលុង ខេត្តរតនគិរី បានធ្វើដំណើរយ៉ាងប្រញាប់ដើម្បីនាំកូនប្រុសមានអាយុ ១៩ខែ ស្វែងរកការជួយសង្គ្រោះពីក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យគន្ធបុប្ផា ទីក្រុងភ្នំពេញព្រោះកូនគាត់កើតជំងឺចម្លែកដែលសង្ស័យថា ជាជំងឺEV71 ដែលអាចយាយីដល់អាយុជីវិតកូនប្រុសរបស់គាត់បាន។

លោក ឡន កុម្ភៈ ដែលជាឪពុកបានរៀបរាប់ថា ប្រមាណបីថ្ងៃកន្លងទៅនេះ កូនរបស់គាត់មានចេញពងបែកនៅមាត់ និងជើង ហើយគ្រុនមិនបៅដោះម្ដាយ ឬបរិភោគចំណីអាហារដូចធម្មតា។ គាត់អះអាងថា បាននាំកូននោះទៅមន្ទីរពេទ្យខេត្ត ក៏ប៉ុន្តែគ្រូពេទ្យបានណែនាំឲ្យលោកប្រញាប់នាំកូនមកមន្ទីរពេទ្យគន្ធបុប្ផាវិញ ពីព្រោះមន្ទីរពេទ្យខេត្តមិនមានលទ្ធភាពពិនិត្យមើលមេរោគនៃជំងឺចម្លែកនោះបានទេ។

តាមការអះអាងរបស់មន្ត្រីសុខាភិបាលខេត្តបានឲ្យដឹងថា ស្ថាប័នជំនាញនេះកំពុងធ្វើការអង្កេតនៅតំបន់ជនបទមួយចំនួនក្នុងខេត្តរតនគិរី ដើម្បីពិនិត្យមើលស្ថានភាពរោគសញ្ញានៃអ្នកជំងឺដែលគេសង្ស័យថា កើតចេញពីមេរោគថ្មីនេះ។ ដោយឡែកអ្នកជំងឺបង្កឡើងដោយមេរោគនេះ គឺមានរោគសញ្ញាដូចជាជំងឺផ្ដាសាយ រាក និងពងបែកនៅបាតដៃ ជើង និងក្នុងមាត់។

កាលពីថ្ងៃសុក្រ ទី១៣ កក្កដា កន្លងទៅ ក្រសួងសុខាភិបាល និងដៃគូពាក់ព័ន្ធបានធ្វើការអង្កេតស្រាវនៅទូទាំងប្រទេសទៅលើករណីជំងឺពងបែកដែលកើតនៅលើដៃជើង និងមាត់ បណ្ដាលមកពីមេរោគ EV71 នេះហើយលទ្ធផលបង្ហាញថា វាមិនមែនជាប្រភេទជំងឺទើបកើតថ្មី និងស្រួចស្រាវខ្លាំងដូចជាជំងឺឆ្លងដទៃនោះដែរ។ ជំងឺនេះគឺមានយូរហើយ ប៉ុន្តែមិនចូលក្នុងប្រព័ន្ធរបាយការណ៍របស់ប្រទេសកម្ពុជានោះទេព្រោះគេឃើញជំងឺនេះកើតមាននៅប្រទេសវៀតណាម ចិន សិង្ហបុរី និងប្រទេសកូរ៉េ ច្រើនរាប់ម៉ឺនករណី។

ប្រធានមន្ទីរពេទ្យខេត្តរតនគិរី លោក ហ៊ីង ផានសុគន្ធា បានបញ្ជាក់ថា មន្ទីរពេទ្យខេត្តពិតជាបានពិនិត្យ និងណែនាំក្រុមគ្រួសារលោក ឡន កុម្ភៈ ពីជំងឺកូនលោកដែលមានរោគសញ្ញាសង្ស័យថា បណ្ដាលមកពីមេរោគ EV71 ហើយជាករណីសង្ស័យទីមួយដែលកុមារនៅខេត្តរតនគិរីមានរោគសញ្ញានេះបាននាំមកកាន់មន្ទីរពេទ្យខេត្ត។

លោក ស៊ឹម សនឡៃ ប្រធានមន្ទីរសុខាភិបាលខេត្តរតនគិរី បញ្ជាក់ឲ្យដឹងថា ជំងឺប្រភេទថ្មីនេះពិតជាបានកើតមាននៅលើកុមារនៅភូមិអ៊ីទូក ស្រុកវ៉ឺនសៃ ក៏ប៉ុន្តែគេមិនទាន់ធ្វើការវិភាគរកមើលមេរោគដែលនាំឲ្យកុមារកើតមានជំងឺនេះនៅឡើយ។ ពេលនេះមន្ត្រីសុខាភិបាលកំពុងតាមដានករណីនេះបន្តទៀត។

មន្ត្រីជំនាញសុខភាពសាធារណៈនៃអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា និងក្រសួងសុខាភិបាល បានអំពាវនាវសុំឲ្យមាតាបិតា និងអាណាព្យាបាលយកកុមារមកព្យាបាលនៅមន្ទីរពេទ្យជាបន្ទាន់ ប្រសិនបើឃើញរោគសញ្ញាណាមួយមិនប្រក្រតី។ វិធីការពារងាយៗ ដែលគប្បីត្រូវអនុវត្ត គឺលាងដៃនឹងសាប៊ូអោយបានញឹកញាប់ ប្រសិនបើជនណាប៉ះពាល់អ្នកកើតជំងឺនេះ៕

Related Articles

Back to top button
Close
Close