បេក្ខជនតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ជាប់ឆ្នោតទាំង ៥៥រូបប្តេជ្ញាមិនចូលរួមប្រជុំសភាដំបូង
ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី១៩ ខែកញ្ញា មន្ត្រីជាន់ខ្ពស់ គណបក្សសង្គ្រោះជាតិបានឲ្យដឹងថា បន្ទាប់ពីបានទទួលលិខិតឆ្លើយតបពី ព្រះមហាក្សត្រ កាលពីថ្ងៃទី១៨ ខែកញ្ញា ទាក់ទងទៅនឹងការស្នើសុំពន្យារពេលប្រជុំសភា នាថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៣ ហើយត្រូវបានព្រះមហាក្សត្រ បដិសេធនោះ គណបក្សសង្គ្រោះជាតិ បានធ្វើការកោះប្រជុំថ្នាក់ដឹកនាំជាន់ខ្ពស់ និងបេក្ខជនតំណាងរាស្ត្រ ជាប់ឆ្នោតទាំង ៥៥រូប កាលពីរសៀលថ្ងៃទី១៨ ខែកញ្ញា ម្សិលមិញ។
មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ បានបង្ហើបឲ្យដឹងថា នៅក្នុងកិច្ចប្រជុំនោះ បានឲ្យបេក្ខជនតំណាងរាស្ត្រជាប់ឆ្នោតទាំង៥៥រូប ឡើងធ្វើការបញ្ចេញមតិ និងបញ្ជាក់ជំហររបស់ខ្លួនម្នាក់ៗ អំពីការចូលរួមប្រជុំ ឬមិនចូលរួមប្រជុំសភាដំបូង នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៣ ខាងមុខនេះ។
មន្ត្រីដដែល បានបន្តថា ជាមួយគ្នានោះ ខាងគណបក្សក៏បានឲ្យបេក្ខជនតំណាងរាស្ត្រជាប់ឆ្នោតទាំងអស់៥៥រូប ចុះហត្ថលេខា លើលិខិតរួមមួយ ដើម្បីផ្ញើទូលថ្វាយព្រះមហាក្សត្រ អំពីជំហរមិនចូលរួមប្រជុំសភា និងសូមឲ្យព្រះអង្គ ធ្វើការពិចារណា។
ប្រភពច្បាស់ការណ៍ បានបញ្ជាក់ថា គណបក្សសង្គ្រោះជាតិ បានឲ្យបេក្ខជនតំណាងរាស្ត្រជាប់ឆ្នោតទាំងអស់ និងក្រុមការងារគណបក្ស យកញត្តិដើរប្រមូលស្នាមមេដៃប្រជាពលរដ្ឋទូទាំងប្រទេស ដើម្បីដាក់ថ្វាយព្រះមហាក្សត្រ អំពីជំហរទាក់ទងការមិនចូលរួមប្រជុំសភា នាពេលខាងមុខ។
ញត្តិដែលមានស្នាមមេដៃប្រជាពលរដ្ឋម្ចាស់ឆ្នោត ដែលគ្រោងដាក់ថ្វាយព្រះមហាក្សត្រ គឺសូមឲ្យព្រះអង្គព្រះមេត្តា កុំយាងព្រះរាជាធិបតី ក្នុងសម័យប្រជុំសភាដំបូង ក្នុងករណីដែលគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ មិនបានឯកភាពគ្នា៕ Cambodia News