អ.ស.ប ចង់បង្កើតបញ្ជីឈ្មោះស្ថាប័ននិងថ្នាក់ដឹកនាំដែលរំលោភសិទ្ធិមនុស្សនៅកូរ៉េខាងជើង
នៅថ្ងៃអង្គារនេះ គណៈកម្មការអង្គការសហប្រជាជាតិ ទទួលបន្ទុកស៊ើបអង្កេតការរំលោភសិទ្ធិមនុស្សនៅកូរ៉េខាងជើង បានបង្ហាញពីគោលបំណងខ្លួន ក្នុងការបង្កើតបញ្ជីឈ្មោះស្ថាប័ន និងថ្នាក់ដឹកនាំកូរ៉េខាងជើង ដែលធ្លាប់បានរំលោភបំពានសិទ្ធិមនុស្ស។ គណៈកម្មការស៊ើបអង្កេតនេះ ចង់អោយរាល់ជនដែលទទួលខុសត្រូវទាំងនោះ សងនូវអ្វីដែលខ្លួនបានធ្វើ ក្នុងនោះក៏រាប់បញ្ចូលបទឧក្រិដ្ឋប្រឆាំងមនុស្សជាតិផងដែរ។
លោក ម៉ៃឃើល ឃើរប៊ី ប្រធានគណៈកម្មការអង្គការសហប្រជាជាតិ ទទួលបន្ទុកស៊ើបអង្កេតការរំលោភសិទ្ធិមនុស្សនៅកូរ៉េខាងជើង បានបង្ហាញខ្លឹមសារនៃរបាយការណ៍ខ្លួន ដោយបានអត្ថាធិប្បាយផ្ទាល់មាត់ នៅចំពោះមុខក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ ថាគណៈកម្មការស៊ើបអង្កេតមានបំណងបង្កើតបញ្ជីឈ្មោះស្ថាប័ន និងឈ្មោះថ្នាក់ដឹកនាំកូរ៉េ ដែលបានរំលោភសិទ្ធិមនុស្សករណីធ្ងន់ធ្ងរ ដើម្បីអោយពួកគេទទួលខុសត្រូវនូវអ្វីដែលពួកគេបានប្រព្រឹត្ត រួមទាំងបទឧក្រិដ្ឋប្រឆាំងមនុស្សជាតិផងដែរ។
យោងតាម លោក ឃើរប៊ី សាក្សីដែលបានរៀបរាប់ពីការរំលោភសិទ្ធិមនុស្សនៅកូរ៉េខាងជើង គឺជាជនភៀសខ្លួន និងអតីតអ្នកទោសនយោបាយ ហើយពួកគេបានប្រាប់ថា គឺរដ្ឋាភិបាលក្រុងព្យុងយ៉ាងតែម្តង ជាអ្នកបំពានសិទ្ធិមនុស្ស។ គណៈកម្មការស៊ើបអង្កេតបានលើកឡើងតាមរយៈគេហទំព័រខ្លួន នូវការរំលោភសិទ្ធិមនុស្សជាទ្រង់ទ្រាយធំនៅកូរ៉េខាងជើង ដែលឈានទៅដល់លក្ខណៈធ្ងន់ធ្ងរ។
គណៈកម្មការស៊ើបអង្កេតនឹងធ្វើការកំណត់សន្និដ្ឋានថា តើស្ថាប័នរដ្ឋកូរ៉េខាងជើងមួយណា ហើយតើថ្នាក់ដឹកនាំរូបណាខ្លះ ដែលទទួលខុសត្រូវរឿងនេះ។ គណៈកម្មការនឹងបង្ហាញរបាយការណ៍ចុងក្រោយរបស់ខ្លួន នៅខែមិនា ឆ្នាំ២០១៤ខាងមុខ។ គណៈកម្មការស៊ើបអង្កេតនៃអង្គការសហប្រជាជាតិមួយនេះ ត្រូវបានបង្កើតឡើង កាលពីខែមិនាកន្លងទៅ ដើម្បីស៊ើបអង្កេតការរំលោភសិទ្ធិមនុស្សនៅកូរ៉េខាងជើង។ ក្នុងខែ សីហាមុននេះ គណៈកម្មការបានរៀបចំការសាកសួរសាក្សីជាច្រើនរូប ក្នុងប្រទេសកូរ៉េខាងត្បូង។
តំណាងប្រទេសកូរ៉េខាងជើង នៅអង្គការសហប្រជាជាតិ បានច្រានចោលរបាយការណ៍ចោទប្រកាន់របស់លោក ម៉ៃឃើល ឃើរប៊ី ដោយចោទទៅវិញថា របាយការណ៍នេះធ្វើខុសទាំងស្រុង ហើយថា ការសន្និដ្ឋាននៃរបាយការណ៍ គឺជាការឃុបខិតនយោបាយ ក្នុងទិសដៅផ្លាស់ប្តូររដ្ឋអំណាចកូរ៉េខាងជើងប៉ុណ្ណោះ។
គួររំលឹកថា កន្លងមក អាជ្ញាធរក្រុងព្យុងយ៉ាងមិនបានទទួលស្គាល់គណៈកម្មការស៊ើបអង្កេត សិទ្ធិមនុស្សនេះទេ ហើយថែមទាំងបានហាមឃាត់មិនអោយគណៈកម្មការនេះចូលទៅកាន់ទឹកដី កូរ៉េខាងជើងទៀតផង៕ដោយ ព្រំ សឿន សូលីណា (RFI)