សង្គមស៊ីវិល ១៦ប្រទេស ប្តេជ្ញារួមគ្នាជាមួយចិន ដើម្បីបន្តជំរុញនិងអនុវត្តគម្រោងជាក់ស្តែងតាមផ្លូវសូត្រ
Cambodia News
(ប៉េកាំង)៖ នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ដួង វិរ័ត្ន អនុប្រធានប្រចាំការនៃក្រុមប្រឹក្សាភិបាលនៃវេទិកាសម្ព័ន្ធសង្គមស៊ីវិល (វ.ស.ស.) តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាល វ.ស.ស. និងជាប្រធានគណៈប្រតិភូ SIRONET បានដឹកនាំកិច្ចប្រជុំជាមួយតំណាងសង្គមស៊ីវិលមកពីប្រទេសចំនួន១៦ ដែលមានសង្គមស៊ីវិលចំនួន២៦ រួមជាមួយសង្គមស៊ីវិលចិន ក្រោមឆត្រនៃបណ្តាញអង្គការមិនមែនរដ្ឋាភិបាលចិនដើម្បីការផ្លាស់ប្តូរអន្តរជាតិ (CNIE) នៅរដ្ឋធានីប៉េកាំង ប្រទេសចិន។
កិច្ចប្រជុំនេះមានគោលបំណងប្រមូលធាតុចូល និងផ្លាស់ប្តូរទស្សនៈរវាងសង្គមស៊ីវិល ដែលមកពីបណ្តាប្រទេសជាសមាជិក ដើម្បីបន្តរួមគ្នារៀបចំនិងអនុវត្តគម្រោងជាក់ស្តែងនៅតាមបណ្តាប្រទេសតាមផ្លូវសូត្រ។
ថ្លែងក្នុងកិច្ចប្រជុំនេះ ឯកឧត្តម ដួង វិរ័ត្ន បានគូសបញ្ជាក់ថា កិច្ចសហប្រតិបត្តិការរវាងសង្គមស៊ីវិលមិនគួរបញ្ចប់ត្រឹមការផ្លាស់ប្តូរទស្សនៈនិងបទពិសោធប៉ុណ្ណោះទេ ប៉ុន្តែត្រូវបន្តឈានទៅរកសកម្មភាពនិងការអនុវត្តគម្រោងជាក់ស្តែង ដែលឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាជននៅមូលដ្ឋាន។
ឯកឧត្តមបានរំលេច ថា៖ «សង្គមស៊ីវិលរបស់យើងត្រូវប្រែក្លាយការផ្លាស់ប្តូរទស្សនៈនិងបទពិសោធរវាងសង្គមស៊ីវិល ទៅជាគម្រោងជាក់ស្តែងដែលអាចបង្កើតផលប្រយោជន៍ដោយផ្ទាល់ដល់ប្រជាជន។ កិច្ចសហប្រតិបត្តិការ SIRONET ដែលមានអត្ថន័យ គឺកិច្ចសហប្រតិបត្តិការដែលអាចឃើញលទ្ធផលជាក់ស្តែងនៅមូលដ្ឋាន»។
ឯកឧត្តមបានបន្ថែមថា វ.ស.ស.មានការតាំងចិត្តខ្ពស់ក្នុងការចូលរួមជាមួយបណ្តាញ SIRONET និងសង្គមស៊ីវិលចិន ដើម្បីស្វែងរកនិងអនុវត្តគម្រោងដែលផ្តល់ផលប្រយោជន៍ដល់ប្រជាជនកម្ពុជា ព្រមទាំងជំរុញការផ្លាស់ប្តូរបទពិសោធក្នុងវិស័យអភិវឌ្ឍន៍ សុខាភិបាល ការអប់រំ និងការប្រើប្រាស់ថាមពលស្អាត។
តាមរយៈកិច្ចសហប្រតិបត្តិការជាមួយសង្គមស៊ីវិលចិន គម្រោងសំខាន់ៗចំនួន២ នឹងគ្រោងអនុវត្តនាខែវិច្ឆិកា ឆ្នាំ២០២៦ រួមមាន៖ ១-គម្រោងបំពាក់ប្រព័ន្ធអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យ នៅអគារសិក្សាផ្លូវសូត្រចំនួន ៤ខ្នង ក្នុងនោះ ២ខ្នង ស្ថិតនៅខេត្តសៀមរាប និង ២ខ្នងទៀត ស្ថិតនៅខេត្តតាកែវ។ ផលទទួលបានពីគម្រោងនេះនឹងជួយពង្រឹងបរិយាកាសសិក្សា និងលើកកម្ពស់ការប្រើប្រាស់ថាមពលស្អាតនៅតាមសាលារៀន។ និង ២-គម្រោងវះកាត់ភ្នែកឡើងបាយចំនួន ១០០ករណី ជូនប្រជាពលរដ្ឋកម្ពុជា នៅសង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។ គម្រោងនេះនឹងជួយបង្កើនសុខភាពភ្នែកប្រសើរឡើង ព្រមទាំងចូលរួមលើកកម្ពស់សុខភាពសាធារណៈនៅមូលដ្ឋាន។
ឯកឧត្តម ដួង វិរ័ត្ន បានចាត់ទុកគម្រោងទាំងពីរនេះថាជាឧទាហរណ៍ជាក់ស្តែងនៃការប្រែក្លាយកិច្ចសហប្រតិបត្តិការរវាងសង្គមស៊ីវិល ទៅជាសកម្មភាពដែលផ្តល់ផលជាវិជ្ជមានដល់សហគមន៍។ ដោយទទួលបានការគាំទ្រពីសមាជិកទាំង ១៦ប្រទេស ឯកឧត្តម បានបន្ថែមថា៖ «សម្រាប់កម្ពុជា យើងចង់ឱ្យ SIRONET មិនមែនជាបណ្តាញសម្រាប់តែការជួបជុំនិងការផ្លាស់ប្តូរទស្សនៈប៉ុណ្ណោះទេ ប៉ុន្តែជាបណ្តាញដែលអាចនាំមកនូវគម្រោងជាក់ស្តែងដល់សាលារៀន សហគមន៍ និងប្រជាជន។ ពីមួយគម្រោងទៅមួយគម្រោង យើងអាចបង្កើតស្ពានមិត្តភាព និងការយល់ដឹងរវាងប្រជាជនតាមបណ្តោយផ្លូវសូត្រ»។
វ.ស.ស. ចាត់ទុកគម្រោងដែលគ្រោងអនុវត្តនៅខែវិច្ឆិកាខាងមុខ នឹងក្លាយជាជំហានមួយទៀតក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងសង្គមស៊ីវិលកម្ពុជា-ចិន និងការនាំយកអត្ថប្រយោជន៍ជាក់ស្តែងជូនដល់ប្រជាជននៅមូលដ្ឋាន។
កិច្ចប្រជុំនៅរដ្ឋធានីប៉េកាំងនេះ បានបង្ហាញអំពីការប្តេជ្ញាចិត្តរួមរបស់សង្គមស៊ីវិលមកពី ១៦ប្រទេស និង ២៦សង្គមស៊ីវិល រួមជាមួយសង្គមស៊ីវិលចិន ក្រោមឆត្រនៃ CNIE ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការនិងជំរុញគម្រោងអភិវឌ្ឍន៍ជាក់ស្តែងនៅតាមបណ្តាប្រទេសតាមផ្លូវសូត្រ៕



