ក្រុមតាលីបង់នៅតែបន្តសង្គ្រាមដរាបណារដ្ឋាភិបាលប៉ាគីស្ថានមិនទទួលយកលក្ខខណ្ឌក្រុមខ្លួន
នៅថ្ងៃអង្គារនេះ នៅប្រទេសប៉ាគីស្ថាន ក្រុមឧទ្ទាមតាលីបង់បានព្រមានរដ្ឋាភិបាលថា ក្រុមខ្លួននឹងបន្តសង្គ្រាមក្នុងប្រទេសនេះ ដរាបណារដ្ឋាភិបាលមិនព្រមទទួលយកលក្ខខណ្ឌដែលក្រុមខ្លួនបានស្នើ ក្នុងការស្វែងរកដំណោះស្រាយសន្តិភាព។
កាលពី សប្តាហ៍មុន រដ្ឋាភិបាលប៉ាគីស្ថានបានស្នើទៅចលនាក្រុមតាលីបង់ប៉ាគីស្ថាន ដែលជា ក្រុមឧទ្ទាមអ៊ីស្លាមជិតដិតជាមួយក្រុមអាល់កៃដា អោយយល់ព្រមចរចាស្វែងរកសន្តិភាពជាមួយរដ្ឋាភិបាល ដើម្បីបិទបញ្ចប់អំពើហិង្សា ដែលបានសម្លាប់មនុស្សរាប់ពាន់នាក់ ក្នុងប្រទេស ចាប់ពីឆ្នាំ២០០៧មក។
ក្រុមឧទ្ទាមតាលីបង់បានស្វាគម សំណើចរចានេះ ហើយបានដាក់លក្ខខណ្ឌទៅរដ្ឋាភិបាលវិញថា ខ្លួនព្រមចរចា លុះត្រាណាតែរដ្ឋាភិបាលយល់ព្រមដោះលែងអ្នកទោសតាលីបង់ និងដកទ័ពចេញពីតំបន់ជំរករបស់ក្រុមជីហាដ នៅភាគពាយព្យប៉ាគីស្ថាន ជិតព្រំប្រទល់ជាមួយអាហ្វហ្កានីស្ថាន។ ទន្ទឹមនោះដែរ ក្រុមតាលីបង់បានសម្លាប់ទាហានជាន់ខ្ពស់ប៉ាគីស្ថានពីររូប ធ្វើអោយរដ្ឋាភិបាលមានការខឹងសម្បារ ហើយធ្វើអោយមានការចោទជាសំណួរថា តើក្រុមឧទ្ទាមអាចសំរេចសន្តិភាពម្តេចកើតទៅ ប្រសិនបើហិង្សានៅតែកើតមាន?
ក្នុងការគំរាមបន្តសង្គ្រាមជាមួយរដ្ឋាភិបាលប៉ាគីស្ថាន នៅថ្ងៃអង្គារម្សិលមិញនេះ អ្នកនាំពាក្យក្រុមតាលីបង់ ស្ហាហ៊ីឌុលឡា ស្ហាហ៊ីដ បានលើកឡើងថា “សង្គ្រាមនៅតែបន្តគឺរដ្ឋាភិបាលជាអ្នកចាប់ផ្តើម ដូច្នេះរដ្ឋាភិបាលត្រូវតែបញ្ចប់វា”។ អ្នកនាំពាក្យតាលីបង់បន្ថែមថា ប្រសិនបើអាជ្ញាធរចង់បញ្ចប់សង្គ្រាម គឺអាជ្ញាធរខ្លួនឯងផ្ទាល់ ជាអ្នកប្រកាសឈប់បាញ់៕ដោយ ព្រំ សឿន សូលីណា (RFI)