សាក្សី​កូរ៉េខាងជើង៖អ្នក​ទន់ខ្សោយ​បាន​ស្លាប់​មុន​គេ នៅ​ក្នុង​ពេល​កើត​គ្រោះទុរ្ភិក្ស

សាក្សី ​ជនជាតិ​កូរ៉េខាងជើង​ដែល​បាន​ រត់រួច​ពី​ប្រទេស​កំណើត​បាន​និយាយ​ប្រាប់​ពី​ស្ថានភាព​ជាក់ស្តែង​នៅ​ កូរ៉េខាងជើង​ក្នុង​ពេល​កើត​មាន​គ្រោះ​ទុរ្ភិក្ស។ នៅ​ចំពោះ​មុខ​គណៈកម្មការ​ស៊ើបអង្កេត​របស់​អង្គការ សហប្រជាជាតិ សាក្សី​កូរ៉េខាងជើង​ចំនួន​ពីរ​នាក់​បាន​បញ្ជាក់​ថា នៅ​ក្នុង​ពេល​កើត​មាន​គ្រោះ​ទុរ្ភិក្ស​ចន្លោះ​ឆ្នំា ១៩៩៤-១៩៩៨ អ្នកដែល​ទទួល​រងគ្រោះ​ស្លាប់​មុន​គេ គឺ​កូនក្មេង មនុស្ស និង​ជនពិការ។

ប្រជាជន ​កូរ៉េខាងជើង​មិន​បាន​រស់នៅ​ក្នុង​ភាព​ថ្លៃថ្នូរ និង​ពេល​ខ្លះ​ត្រូវ​បាន​គេ​ចាត់​ទុក​ដូច​ជា​សត្វធាតុ​អ៊ីចឹង នេះ​ជា​ការ​ថ្លែង​របស់​លោក Ji Seong-Ho នៅ​ចំពោះ​មុខ​គណៈកម្មការ​ស៊ើបអង្កេត​របស់​អង្គការ សហប្រជាជាតិ។ លោក Ho ដែល​បាន​កំបុតដៃម្ខាង និង​ជើងម្ខាង​ដោយ​ការ​លួច​ធ្យូង​នៅ​ពេល​លោក​មាន​អាយុ ១៤ឆ្នំា។ បច្ចុប្បន្ន​មាន​អាយុ ៣១ឆ្នំា លោក Ho បាន​បញ្ជាក់​ថា នៅ​កូរ៉េខាងជើង មនុស្ស​ពិការ​ផ្នែក​កាយសម្បទា ឬ​មួយ​ផ្នែក​បញ្ញាស្មារតី​ត្រូវ​បាន​របប​ចាត់​ទុក​ជា​មនុស្ស​គ្មាន​ប្រយោជន៍ ​នៅ​ក្នុង​សង្គម។

គួរ​រម្លឹក​ជូន​ថា គ្រោះទុរ្ភិក្ស​នៅ​កូរ៉េខាងជើង​ចន្លោះ​ឆ្នំា ១៩៩៤-១៩៩៨ បាន​សម្លាប់​ប្រជាជន​កូរ៉េខាងជើង​រហូត​ដល់​ទៅ ១លាននាក់​ក្នុង​ចំនួន​ប្រជាជន​សរុប ២០លាននាក់។ ក្នុង​ពេល​នោះ ប្រជាជន​កូរ៉េខាងជើង​ម្នាក់ៗ​បាន​ប្រឹងប្រែង​រស់​តែ​រៀងៗ​ខ្លួន ទៅ​តាម​មធ្យាបាយ​ដែល​អាច​ធ្វើ​ទៅ​បាន។ តែ​អ្វី​ដែល​គួរ​ឲ្យ​រន្ធត់ និង​ខ្លោចផ្សារ អ្នកផុយស្រួយ​ដូច​យ៉ាង​កូនក្មេង មនុស្សចាស់ និង​ជនពិការ​បាន​ទទួលរងគ្រោះ​ស្លាប់​មុន​គេ។ តាម​ការ​រៀបរាប់​របស់​លោក Ho ដែល​បាន​រត់រួច​ពី​ប្រទេស​កំណើត​ក្នុង​ឆ្នំា ២០០៦ ឲ្យ​ដឹង​ថា មនុស្ស​ពិការ​ដែល​គេ​ធ្លាប់​ឃើញ​មាន​ច្រើន​នៅ​មុន​កើត​មាន​គ្រោះ​ទុរ្ភិក្ស បាន​ស្លាប់​គ្មាន​សល់​នៅ​ពេល​ដែល​ស្ថានការណ៍​បាន​ប្រសើរ​បន្តិច​នា​ដំណាច់​ ទសវត្ស​ឆ្នំា ៩០។

សាក្សី​ម្នាក់​ទៀត គឺ​លោក Kim Hyuk ដែល​បច្ចុប្បន្ន​មាន​អាយុ ៣២ឆ្នំា និង​ដែល​បាន​រត់​ចេញ​ពី​ប្រទេស​កំណើត​ឆ្លង​ចូល​ប្រទេស​ចិន​ក្នុង​ឆ្នំា ២០០០ មុន​នឹង​បន្ត​ឆ្លង​ចូល​ក្នុង​ទឹកដីកូរ៉េខាងត្បូង។ លោក Kim Hyuk ដែល​បាន​ក្លាយ​ជា​ក្មេង​រស់តាម​ចិញ្ចើមថ្មល់​ក្នុង​អាយុ ៧ឆ្នំា ពោល​នៅ​ក្រោយ​ម្តាយ​ស្លាប់​ចោល។ លោក Kim បាន​រៀបរាប់​ថា នៅ​មុន​កើត​មាន​គ្រោះទុរ្ភិក្ស ក្មេង​រស់​តាម​ចិញ្ចើម​ថ្នល់​បាន​ទទួល​នំ ចំណី​ពី​អ្នកដំណើរ​តាម​ផ្លូវ។ តែ​ក្នុង​ពេល​គ្រោះទុរ្ភិក្ស គ្មាន​នរណា​ឲ្យ​អ្វី​ទៀត​ទេ ហើយ​ក្មេង​ទំាង​នោះ​បាន​ផ្តើម​ដេកស្លាប់​ម្តង​មួយៗ។ អ្នក​ដែល​នៅ​រស់​ត្រូវ​បាន​ក្រុម​ប៉ូលិស​ប្រមូល​យក​ទៅ​ដាក់​ក្នុង​មជ្ឈមណ្ឌល ​កុមារកំព្រា តែ​នៅ​ទីបំផុត​បាន​ធ្លាក់​ខ្លួន​ស្លាប់​ដូច​គ្នា​ដោយ​កំបំាង​ពី​មុខ​ សាធារណជន​ទូទៅ។ លោក Kim ដែល​បាន​រស់​ក្នុង​ជំរំ​កុមារកំព្រា​រយៈពេល ៣ឆ្នំា​បាន​រៀបរាប់​ថា ក្មេងកំព្រា​រស់​ដោយ​បរិភោគ​ស្លឹកពោត​ដែល​គេ​កិន​ជា​ម្សៅ ហើយ​រូបលោក​ផ្ទាល់​បាន​បរិភាគ​សត្វ​ជីងចក់ ពស់ កណ្តុរ និង​ស្មៅ។

គួរ​បញ្ជាក់​ជូន​ថា សាក្សី​ជនជាតិ​កូរ៉េខាងជើង​ទំាង​ពីរ​នាក់​បាន​រៀបរាប់​រឿងរ៉ាវ​ទំាង​នេះ​នៅ​ ចំពោះ​មុខ​គណៈកម្មការ​ស៊ើបអង្កេត​របស់​អង្គការសហប្រជាជាតិ​ដែល​បាន​ផ្តើម​ បើក​ការ​អង្កេត​ជា​ផ្លូវការ​លើក​ទីមួយ​ស្តីពី​សិទ្ធិរបស់ពលរដ្ឋ​កូរ៉េខាងជើង ​ក្រោម​ការ​ដឹកនំា​របស់​ត្រកូល​គីម៕ដោយ គួច គន្ធារ៉ា(RFI)

Related Articles

Back to top button
Close
Close