អង់គ្លេស​​លើក​​ហេតុផល​​ពី​​ការ​​ឃុំខ្លួន​​គូស្នេហ៍​​អ្នក​សារព័ត៌មាន​​អង់គ្លេស​​មួយរូប

នៅ​ថ្ងៃ​អង្គារ​នេះ ក្រសួង​មហាផ្ទៃ​អង់គ្លេស​ បាន​គូស​បញ្ជាក់​ពី​ហេតុផល​ដែល​ប៉ូលិស​បាន​ឃុំខ្លួនជនជាតិ​ប្រេស៊ីល​​ម្នាក់ គឺ​លោក David Miranda ដែលជា​គូស្នេហ៍​របស់​អ្នកសារព័ត៌មាន​អង់គ្លេស​មួយរូប។ David Miranda ​ធ្លាប់​បានចូលរួម​​​ចុះផ្សាយ​ព័ត៌មានផ្តល់ដោយ ​Edward Snowden ​ស្តីពី​ឯកសារ​សំងាត់​​នៃ​ប្រព័ន្ធ​​ស៊ើបការ​​​​របស់​​​​រដ្ឋាភិបាល​ អាមេរិក។ យោងតាម​ក្រសួង​មហាផ្ទៃ​អង់គ្លេស ប៉ូលិស​មាន​កាតព្វកិច្ច​ធ្វើសកម្មភាព​លើ​ជន​ដែលជាប់​​សង្ស័យ​ថា បាន​កាន់កាប់​ឯកសារ​ដែល​គេ​លួចយក​ ហើយ​ដែល​ឯកសារ​នេះ​អាច​​ជួយ​​បង្ក​ជា​សកម្មភាព​​ភេរវកម្ម។

បុរស ​ជនជាតិ​ប្រេស៊ីល David Miranda ត្រូវ​បាន​ប៉ូលិស​អង់គ្លេស​​ឃុំខ្លួន​​​រយៈ​ពេល​៩ម៉ោង កាលពី​ថ្ងៃ​ចន្ទ​ នៅ​អាកាសយានដ្ឋាន​​ទីក្រុងឡុង​ ស្រប​​តាម​ច្បាប់អង់គ្លេស​ស្តី​ពីអំពើ​​​​​ភេរវកម្ម​​។ យោងតាម​​អគ្គនាយក​សារព័ត៌មាន​អង់គ្លេស​ Guardian ប៉ូលិស​បាន​សួរចំលើយ​ David Miranda ហើយ​ថែម​ទាំង​បាន​ដកហូត​យក​កុំព្យូទ័រ ​និង​​បណ្ណ​កុំព្យូទ័រ​​​ដែល​​ផ្ទុកទុក​នូវ​ឯកសារ​ផ្សេងៗ​របស់​លោកទៀតផង។

បន្ទាប់ ​ពី​ត្រូវ​បាន​ឃុំខ្លួន​មក លោក Miranda បាន​ធ្វើ​ពាក្យប្តឹង​ផ្តល់តាម​ផ្លូវច្បាប់​ ​ពីទង្វើ​ដែល​ប៉ូលិស​អង់គ្លេស​បាន​ធ្វើ​លើ​រូបលោក និង​ដើម្បី​ទាមទារ​យក​ឧបករណ៍​ទាំងនោះ​មកវិញ។ លោក​មិន​ចង់​អោយមាន​ការ​ថតចំលង​ឯកសារ​ចេញពី​​បណ្ណកុំព្យូទ័រ​​របស់​លោក​នោះ​ ទេ។ គួរ​រំលឹក​ថា David Miranda មិន​មែន​ជា​អ្នក​សារព័ត៌មាន​ទេ​ តែ​​ជា​គូស្នេហ៍​របស់​ អ្នកសារព័ត៌មាន​អង់គ្លេស​មួយរូប ឈ្មោះ Glenn Greenwald បំរើការ​​អោយ​សារព័ត៌មាន Guardian។ Edward Snowden ដែល​ជា​អតីតទីភ្នាក់ងារ​CIA និងទីភ្នាក់ងារ​សន្តិសុខ​ជាតិ​អាមេរិកNSA​ ធ្លាប់​បាន​ទាក់ទង​ផ្តល់​ព័ត៌មាន​ស្តីពី​ប្រព័ន្ធ​ស៊ើបការ​​​របស់​ រដ្ឋាភិបាល​អាមេរិក ដល់​អ្នកសារព័ត៌មាន​អង់គ្លេស​​​រូប​នេះ​។ ក្រោយ​មក David Miranda ​​​បាន​ចូលរួម​ចុះផ្សាយ​ព័ត៌មា​ន​ទាំងនេះ។

ប៉ូលិស​អង់គ្លេស​បាន​ឃុំខ្លួន David Miranda ​នៅពេល​ដែល​លោក​ទើបតែ​បាន​ធ្វើដំនើរ​មក​ពី​ទីក្រុង​ប៊ែរឡាំង ប្រទេស​អាល្លឺម៉ង់ ចុះចាំ​យន្តហោះ​​នៅ​ទីក្រុងឡុង មុន​នឹង​​​បន្ត​ដំណើរ​​​ទៅប្រេស៊ីលទៀត។ អាជ្ញាធរ​ប្រេស៊ីល ​អង្គការ​សិទ្ធិ​មនុស្ស​ជាច្រើន និង​​បក្ស​ប្រឆាំង​អង់គ្លេស ​​​បានតវ៉ា​ប្រឆាំង​នឹង​ការ​ឃុំខ្លួន​​នេះ។​​

នៅ​ថ្ងៃអង្គារ​នេះ ក្រសួង​មហាផ្ទៃ​អង់គ្លេស​បាន​លើកហេតុផល​ពី​ការ​ឃុំខ្លួន​លោក David Miranda ថា ប៉ូលិស​អង់គ្លេស​​មាន​កាតព្វកិច្ច​ធ្វើសកម្មភាព​លើ​ជន​ដែលជាប់​សង្ស័យ ​ថា​បាន​កាន់កាប់​ឯកសារ​ដែល​គេ​បានលួចយក​ ហើយ​ដែល​ឯកសារ​នេះ​អាច​ជួយ​​អោយ​មានជា​​សកម្មភាព​​ភេរវកម្ម។​ ក្រសួង​មហាផ្ទៃ​បន្ថែម​ទៀតថា រដ្ឋាភិបាល​និង​ប៉ូលិស​អង់គ្លេស​​មាន​កាតព្វកិច្ច​ការពារ​​​សាធារណជន​ និង​សុវត្ថិភាព​សន្តិសុខ​ប្រទេស​ជាតិ៕ដោយ ព្រំ សឿន សូលីណា (RFI)

Related Articles

Back to top button
Close
Close