ព្យុងយ៉ាង​យល់ព្រម​ឲ្យ​រៀបចំ​ជំនួប​រវាង​ក្រុមគ្រួសារ​ដែល​បែក​គ្នា​ក្រោយ​សង្រ្គាម​កូរ៉េ

នៅ ​ថ្ងៃ​អាទិត្យ ទី១៨ សីហា កូរ៉េខាងជើង​បាន​យល់ព្រម​តាម​សំណើ​របស់​កូរ៉េខាងត្បូង​ដែល​សុំ​ឲ្យ​រៀបចំ​ ជំនួប​រវាង​ក្រុមគ្រួសារ​កូរ៉េ​ដែល​បាន​បែក​គ្នា​តំាង​ពី​សង្រ្គាម​កូរ៉េ​ កាល​ពី ៦០ឆ្នំា​មុន នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ទីភ្នាក់ងារ​ផ្លូវការ​កូរ៉េខាងជើង​ឈ្មោះ KCNA។

ការ​រៀបចំ​ឲ្យ​មាន​ការ​ជួបជុំ​គ្នា​រវាង​ក្រុមគ្រួសារ​កូរ៉េខាងជើង និង​ខាងត្បូង​ដែល​បាន​បែកខ្ញែក​​គ្នា​កាល​ពី ៦០ឆ្នំា​មុន​គ្រោង​នឹង​ធ្វើ​នៅ​ក្នុង​ពិធី​ប្រារព្ធ​បុណ្យប្រពៃណី​ដែល​ឆ្នំា ​នេះ​ចំ​ថ្ងៃទី១៩ កញ្ញា។ រីឯ​ទីកន្លែង​ជំនួប​ត្រូវ​បាន​ក្រុង​ព្យុងយ៉ាង​ស្នើ​ឲ្យ​រៀបចំ​នៅ Mont Kumgang ក្នុង​ទឹកដី​កូរ៉េខាងជើង។ ទន្ទឹម​គ្នា​នេះ កូរ៉េខាងជើង​ក៏​បាន​ស្នើ​ឲ្យ​មាន​ជំនួប​មួយ​ទៀត​តាម​វីដេអូ​នៅ​ថ្ងៃទី ៤ តុលា ចំ​ថ្ងៃ​ខួបជំនួបកំពូល​រវាង​បងប្អូនគូសត្រូវ​ទំាង​ពីរ​ឆ្នំា ២០០៧។

សូម​ជម្រាប​ជូន​ថា តំាង​ពី ៦០ឆ្នំា​មក​ហើយ ពោល​តំាង​ពី​ការ​បិទបញ្ចប់​សង្រ្គាម​កូរ៉េ​ក្នុង​ឆ្នំា ១៩៥៣ មក មាន​ក្រុមគ្រួសារ​កូរ៉េ​រាប់សិបលាននាក់​បាន​បែកបាក់​គ្នា។ អ្នក​ខ្លះ​កំពុង​រស់នៅ​ប៉ែក​ខាង​ត្បូង អ្នក​ខ្លះ​ទៀត​កំពុង​រស់នៅ​ប៉ែក​ខាងជើង រីឯ​ដែនដី​ទៀត​សោត ក៏​ត្រូវ​ខ័ណ្ឌ​ចែក​ជា​ពីរ​ដែល​មិន​អាច​ឆ្លង​ទៅ ឆ្លង​មក​បាន​ទេ។ កាល​ពី​ឆ្នំា ២០១០ ក៏​ធ្លាប់​បាន​រៀបចំ​ឲ្យ​មាន​ការ​ជួបជុំ​រវាង​ក្រុមគ្រួសារ​កូរ៉េ​របៀប​នេះ​ ម្តង​ហើយ ក្រោម​ការ​ជួយ​ឧបត្ថម្ភ​ពី​កាកបាទក្រហម។

បច្ចុប្បន្ន​នេះ មាន​ប្រជាជន​កូរ៉េខាងត្បូង​ប្រមាណ​ជា ៧២ ០០០នាក់ ក្នុង​នោះ​មាន​ជាង​ពាក់កណ្តាល​មាន​អាយុ​លើស​ពី ៨០ឆ្នំា​កំពុង​រង់ចំា​ជួប​ក្រុមគ្រួសារ​របស់​ពួក​គេ​យ៉ាង​អន្ទះសារ។ តែ​ក្នុង​ចំណោម​អ្នក​ទំាង​នោះ មាន​តែ​មួយ​ភាគតូច​ប៉ុណ្ណោះ​ដែល​នឹង​ត្រូវ​អនុញ្ញាត​ឲ្យ​ចូលរួម​នៅ​ក្នុង​ ពិធី​ជួបជុំ​នោះ។ ជា​ទូទៅ គឺ​ពួក​ខាងត្បូង​ត្រូវ​ធ្វើ​ដំណើរ​ទៅ​ជួប​គ្រួសារ​នៅ​ខាងជើង។ សម្រាប់​អ្នក​ដែល​មាន​វ័យចំណាស់​មិន​អាច​ធ្វើ​ដំណើរ​បាន នឹង​ត្រូវ​គេ​រៀបចំ​ឲ្យ​មាន​ជំនួប​តាម​វីដេអូ។ តាម​ពិត​ទៅ គឺ​របបក្រុង​សេអ៊ូល​ទេ​ដែល​បាន​ស្នើ​ក្រុង​ព្យុងយ៉ាង​ឲ្យ​មាន​ការ​រៀបចំ​ ជំនួប​រវាង​ក្រុមគ្រួសារ​កូរ៉េ​បែកបាក់​គ្នា​ឡើង​វិញ។

គួររម្លឹកជូន​ថា ក្រោយ​ពី​មាន​ភាព​តានតឹង​រវាង​គ្នា​ជា​ថ្មី​ក្នុង​ប៉ុន្មាន​ខែ​ចុង​ក្រោយ​ នេះ​មក អ្នកជិតខាងទំាងពីរ​ដែល​ជា​បងប្អូនបង្កើត​គូសត្រូវ​បាន​ព្យាយាម​ជួប​ចរចា​ គ្នា​ជា​ថ្មី។ ថ្មីៗ​នេះ កូរ៉េ​ទំាង​ពីរ​បាន​ព្រមព្រៀង​គ្នា​បើក​ឲ្យ​ដំណើរការ​ឡើង​វិញ​នូវ​តំបន់​ ឧស្សាហកម្ម Kaesong ដែល​ក្រុង​ព្យុងយ៉ាង​បាន​បិទទ្វារ​កាល​ពី​ខែ​មេសា​កន្លង​ទៅ៕ដោយ គួច គន្ធារ៉ា (RFI)

Related Articles

Back to top button
Close
Close